ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោក រាំងស៊ីម៉ាន់ រ៉ូម សមាជិកសភាថៃ និងជាអនុប្រធានគណបក្សប្រជាជន ក្នុងឋានៈជាប្រធានគណៈកម្មការសន្តិសុខជាតិ កិច្ចការព្រំដែន យុទ្ធសាស្ត្រជាតិ និងកំណែទម្រង់ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីគម្រោងសាងសង់របងជុំវិញប្រាសាទតាមាន់ធំថា ប្រទេសថៃពុំចាំបាច់ចាក់ប្រេងលើគំនរភ្លើងទេ តើថៃធ្វើរបងដើម្បីអ្វី? បើថៃធ្វើរបង កម្ពុជានឹងយកបញ្ហានេះធ្វើឱ្យមានការប៉ះទង្គិចគ្នា ហើយកម្ពុជាអាចយកបញ្ហានេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទើបលោកគិតថា ថៃពុំចាំបាច់ចាក់ប្រេងលើគំនរភ្លើង ។

សារព័ត៌មានថៃសួរថា គម្រោងធ្វើរបងជុំវិញប្រាសាទតាមាន់ធំនេះជាការអំពាវនាវរបស់ពលរដ្ឋថៃ ដោយពួកគេចោទប្រកាន់ថា កងទ័ពកម្ពុជាតែងតែបង្កបញ្ហាជាញឹកញាប់ តើលោកគិតដូចម្តេច? លោក រាំងស៊ីម៉ាន់ រ៉ូម សមាជិកសភាថៃ និងជាអនុប្រធានគណបក្សប្រជាជន និយាយថា ត្រូវតែគិតជាមុនថា តើថៃត្រូវការអ្វី ប្រសិនបើថៃត្រូវការឱ្យកម្ពុជានាំថៃទៅដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ គឺថៃអាចធ្វើរបងក៏បាន ។

ប៉ុន្តែបើត្រូវការឱ្យព្រំដែនកម្ពុជា-ថៃត្រឡប់មករកភាពប្រក្រតីឡើងវិញ ហើយចង់ឱ្យប្រទេសនានាលើពិភពលោក មើលឃើញថា កម្ពុជា គឺជា Land of Scammers គឺថៃត្រូវតែធ្វើចិត្តឱ្យធ្ងន់ ពុំគួរដុតភ្លើងនៅតំបន់ផ្សេងៗបណ្តាលឱ្យមានការប៉ះទង្គិចទេ ។ ប្រទេសទាំងពីរប៉ះទង្គិចគ្នាពេលណា គឺកម្ពុជានឹងនាំថៃឡើងតុលាការយុត្តិធម៌អន្តរជាតិ ហើយពេលនោះ កម្ពុជានឹងទទួលជ័យជម្នះ ។
.jpg)
ដោយឡែក នាពេលថ្មីៗនេះ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាតផុន ណាកផានិត បាននិយាយមកកាន់សារព័ត៌មានថា ប្រទេសថៃគ្មានគម្រោងសាងសង់របងនៅប្រាសាទតាមាន់ធំដូចការផ្សព្វផ្សាយរបស់សារព័ត៌មាន និងសូមឱ្យជឿជាក់លើព័ត៌មានផ្លូវការពីរដ្ឋាភិបាលថៃប៉ុណ្ណោះ ។ លោកសុំកិច្ចសហការពីសារព័ត៌មាននានាដែលផ្សព្វផ្សាយពីបញ្ហាកម្ពុជា-ថៃ សូមផ្សព្វផ្សាយតែព័ត៌មានពិតប្រាកដ ។

លោក ណាតផុន ណាកផានិត អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយពីការផ្សព្វផ្សាយព័ត៌មានថ ថៃត្រៀមសាងសង់របងនៅព្រំដែនកម្ពុជា-ថៃ បរិវេណប្រាសាទតាមាន់ធំ រហូតធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថ្លែងថា បើថៃសាងសង់របងនឹងមានសង្គ្រាម ។ លោកធ្លាប់ស្នើសុំកិច្ចសហការពីប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងបញ្ហាកម្ពុជា-ថៃ គឺជាការតទល់ដោយពាក្យសម្តី ប៉ុន្តែគ្មានឯកសារផ្លូវការ ។ ដូច្នេះ លោកចង់ឱ្យស្តាប់ព័ត៌មានផ្លូវការពីរដ្ឋាភិបាលដែលទទួលខុសត្រូវផ្នែកនេះ ។
ដោយឡែក លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃទី១៥ ខែកក្កដា ថា ការសាងសង់របងជុំវិញប្រាសាទតាមាន់ធំ អាចនឹងមានបញ្ហាកើតឡើង ប៉ុន្តែបើរដ្ឋាភិបាលថៃបញ្ជាឱ្យសាងសង់របង កងទ័ពត្រូវតែសាងសង់តាមបញ្ជា ។ ដូច្នេះ ត្រូវពិចារណាឱ្យបានល្អិតល្អន់ យើងប្រើប្រាស់តាមផែនទីរបស់ថៃ មិនថា Google កំណត់ប្រាសាទតាមាន់ធំស្ថិតនៅប្រទេសណាទេ វាជារឿងបច្ចេកទេសដែលរដ្ឋាភិបាលមានតួនាទីដោះស្រាយ ៕










