ប្រទេសថៃ ៖ លោក ភូមិថាំ វីឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានតួនាទីជានាយករដ្ឋមន្ត្រីថៃស្តីទីនិយាយថា រដ្ឋាភិបាលថៃពុំពេញចិត្តជាមួយកម្ពុជាយ៉ាងខ្លាំងរួចទៅហើយ ដូច្នេះ សូមកងទ័ព និងពលរដ្ឋថៃអត់ធ្មត់នឹងហេតុការណ៍កើតឡើងផ្សេងៗ ។ លោកប្រាប់កុំឱ្យពលរដ្ឋស្តាប់ពាក្យសម្តីរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ពីព្រោះសម្តេចគ្រាន់តែជាឪពុករបស់នាយករដ្ឋមន្ត្រីកម្ពុជា ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Reporters កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។.jpg)
នៅថ្ងៃទី១៦ ខែកក្កដា ក្នុងអាកាសយានដ្ឋានដងមឿង លោក ភូមិថាំ វីឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានតួនាទីជានាយករដ្ឋមន្ត្រីថៃស្តីទី បាននិយាយពីហេតុការណ៍ចលាចលនៅប្រាសាទតាមាន់ធំ កាលពីថ្ងៃទី១៥ ខែកក្កដា ថា វាជារឿងពុំចង់ឱ្យកើតឡើង ហើយលោកចោទប្រកាន់ថា នេះជាការញុះញង់ ។ លោកព្យាយាមបញ្ជាឱ្យកងទ័ពថៃប្រុងប្រយ័ត្ន និងអត់ធ្មត់ឱ្យខ្លាំងដើម្បីការពារកុំឱ្យហេតុការណ៍កើតឡើងទៀត ។

លោកចោទប្រកាន់ថា កម្ពុជានឹងប្រើប្រាស់វិធីបែបនេះដើម្បីឱ្យមានការប៉ះទង្គិចគ្នា ឬកើតអំពើហិង្សា ហើយកងទ័ពថៃយល់ និងព្យាយាមធ្វើឱ្យល្អបំផុត ពុំប្រើប្រាស់កម្លាំងដោះស្រាយបញ្ហា ។ យើងមិនឱ្យគេចោទប្រកាន់ពីការប្រើប្រាស់ហិង្សាដើម្បីដណ្តើមទឹកដីកម្ពុជា រីឯប្រាសាទតាមាន់ធំ យើងមានវិធានការទប់ស្កាត់រួចហើយ គឺបើកតំបន់ខ្លះ បិទតំបន់ខ្លះ ត្រូវតែការពារតំបន់ ដែលតំបន់នេះស្ថិតក្រោមការទទួលខុសត្រូវរបស់លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ ។
លោកបន្តថា ថៃបារម្ភពីការប៉ះទង្គិចឈានទៅប្រើប្រាស់អំពើហិង្សា ជាពិសេស ពលរដ្ឋថៃរស់នៅព្រំដែន និងកងទ័ព ។ រដ្ឋាភិបាលថៃពុំពេញជាមួយកម្ពុជាយ៉ាងខ្លាំងរួចទៅហើយ រីឯការទូតវិញ គឺរដ្ឋមន្ត្រីក្រសួងការបរទេសបានដំណើរការតាមដំណាក់កាល និងមានការពិចារណាកោះហៅឯកអគ្គរាជទូតថៃត្រឡប់មកវិញ ដែលជាវិធានការធ្ងន់ធ្ងរសម្រាប់ការទូត ។ ហេតុនេះ យើងកុំធ្លាក់ទៅក្នុងហ្គេមរបស់គេ និងកុំស្តាប់សម្តេចតេជោ ហ៊ុន សែន ខ្លាំងពេក ។

លោកថា សម្តេចតេជោ ហ៊ុន សែន ពុំមែនជាមេដឹកនាំផ្លូវការរបស់កម្ពុជាទេ សម្តេចពុំពាក់ព័ន្ធនឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ដូច្នេះ សម្តេចតេជោ ហ៊ុន សែន គ្រាន់តែជាមនុស្សម្នាក់កាន់តំណែងជាប្រធានព្រឹទ្ធសភា និងគ្មានអំណាចចរចា ។ ថៃប្រកាន់យកការចរចាគោរពតាមច្បាប់អន្តរជាតិ និងជជែកជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

ខ្ញុំសូមឱ្យពលរដ្ឋថៃអត់ធ្មត់ យើងព្យាយាមដោះស្រាយបញ្ហានេះឱ្យល្អបំផុតដើម្បីកុំឱ្យប្រទេសថៃបាត់បង់ផលប្រយោជន៍ និងពុំបាត់បង់អធិបតេយ្យភាព យើងនឹងពុំយល់ព្រមទេ ទោះជាទំនាក់ទំនងរបស់អ្នកណាក៏ដោយ ។ ការចរចា ឬទាញយកផលប្រយោជន៍ គឺរដ្ឋាភិបាលថៃអាណត្តិនេះនឹងពុំផ្តល់ឱកាសឱ្យធ្វើបែបនេះ រួមទាំងចាត់វិធានការយ៉ាងពេញទំហឹង ប្រសិនបើមានហេតុការណ៍នេះកើតឡើងទៀត ។ នេះបើតាមការលើកឡើងរបស់លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីថៃស្តីទី ។
នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃចោទប្រកាន់ថា ហេតុការណ៍ចលាចលកើតឡើងនៅប្រាសាទតាមាន់ធំ កាលពីថ្ងៃទី១៥ ខែកក្កដា គឺជាការញុះញង់របស់កម្ពុជាចង់ឱ្យមានការប៉ះទង្គិច ហើយប្រាប់ឱ្យកងទ័ព និងពលរដ្ឋខ្លួនអត់ធ្មត់ ។ ប៉ុន្តែការពិត ហេតុការណ៍នេះកើតឡើងដោយសារកងទ័ពថៃហាមឃាត់ពលរដ្ឋខ្មែរមិនឱ្យឡើងប្រាសាទតាមាន់ធំ ដែលជាសម្បត្តិរបស់ខ្មែរ ប៉ុន្តែស្ត្រីខ្មែរតវ៉ាថា ប្រាសាទនេះជារបស់ខ្មែរ ទើបធ្វើឱ្យកងទ័ពថៃខឹង និងប្រមូលផ្តុំគ្នាឡើងប្រាសាទដើម្បីបណ្តេញពលរដ្ឋខ្មែរជាម្ចាស់ប្រាសាទ ៕










