ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានវៀតណាមរាយការណ៍ថា វៀតណាមនឹងហាមឃាត់ពលរដ្ឋជិះម៉ូតូនៅកណ្តាលទីក្រុងហាណូយ ចាប់ពីខែកក្កដា ឆ្នាំ២០២៦ តទៅ ។ ការហាមឃាត់ពលរដ្ឋជិះម៉ូតូនៅកណ្តាលទីក្រុង គឺជាការព្យាយាមមួយរបស់រដ្ឋាភិបាលវៀតណាមដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ប៉ុន្តែធ្វើឱ្យពលរដ្ឋបារម្ភពីផលប៉ះពាល់ និងថាបម្រាមនេះឆាប់រហ័សខ្លាំងពេក ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីងជីង បានចេញបទបញ្ជាហាមឃាត់ពលរដ្ឋជិះម៉ូតូនៅកណ្តាលទីក្រុងហាណូយ និងផ្លូវធំៗជុំវិញទីក្រុងហាណូយ ។ រីឯអាជ្ញាធរមូលដ្ឋានទទួលភារកិច្ចហាមឃាត់ពលរដ្ឋប្រើប្រាស់ម៉ូតូក្នុងរយៈពេលតាមការកំណត់ ។.jpg)
ពលរដ្ឋវៀតណាមចំនួន៨លាននាក់ បានធ្វើដំណើរតាមម៉ូតូនៅទីក្រុងហាណូយ ហើយទីក្រុងនេះមានម៉ូតូជិត៧លានគ្រឿង និងរថយន្តជាង១លានគ្រឿង ។ ប៉ុន្តែពេលពលរដ្ឋនិយមជិះម៉ូតូកាន់តែច្រើនក្នុងទីក្រុងធ្វើឱ្យវៀតណាមប្រឈមនឹងបញ្ហាការបំពុលបរិយាកាសដោយសារចរាចរណ៍ ទីកុ្រងហាណូយពោរពេញទៅដោយផ្សែងខ្មៅយ៉ាងខ្លាំង និងជាប់ចំណាត់ថ្នាក់ជាទីក្រុងមានខ្យល់ពុលខ្លាំងបំផុតលើពិភពលោក ។
.jpg)
ហេតុនេះ វៀតណាមក៏ផ្លាស់ប្តូរពីការប្រើប្រាស់ម៉ូតូចាក់ប្រេងឥន្ធនៈហ្វូស៊ីលទៅជារថយន្តអគ្គិសនីដើម្បីកាត់បន្ថយខ្យល់ពុល និងទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ។ WinFast ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាមមានគំនិតឱ្យពលរដ្ឋក្នុងទីក្រុងហាណូយប្រើប្រាស់រថយន្តអគ្គិសនី បើតាមទិន្នន័យរបស់សភាពាណិជ្ជកម្មអឺរ៉ុបបង្ហាញថា ក្រុមហ៊ុន WinFast បានគ្រប់គ្រងចំណែកទីផ្សារជិត១ផ្នែកក្នុងចំណោម៥ផ្នែក ។
.jpg)
ពលរដ្ឋវៀតណាមជាច្រើនបារម្ភពីការហាមឃាត់ជិះម៉ូតូនៅកណ្តាលទីក្រុងហាណូយ ដោយសារការហាមឃាត់ពុំច្បាស់លាស់ ។ លោក ង្វៀន វ៉ាន់ហុង អាយុ៦២ឆ្នាំ ប្រកបមុខរបររត់ម៉ូតូឌុបនៅទីក្រុងហាណូយ អស់រយៈពេល៣០ឆ្នាំ ប្រាប់ថា បច្ចុប្បន្ន លោកប្រើប្រាស់កម្មវិធី Grab ដែលទទួលបានការពេញនិយមខ្លាំងនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែលោកបារម្ភថា ការហាមពលរដ្ឋជិះម៉ូតូនឹងប៉ះពាល់ដល់អ្នកធ្វើការដោយកម្លាំង ។ វានឹងប៉ះពាល់អ្នកដែលពឹងផ្អែកលើម៉ូតូប្រកបរបរចិញ្ចឹមជីវិត ជាពិសេស អ្នកដឹកអីវ៉ាន់ ដឹកអ្នកដំណើរ និងសេវាកម្មហៅរថយន្តក្រុង ។
ចំណែកលោក ហ្វាងស៊ី យ៉ូវ៉ុង អាយុ៣២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុននៅកណ្តាលទីក្រុងហាណូយ ប្រាប់ថា លោកគាំទ្រខ្យល់អាកាសបរិសុទ្ធ ប៉ុន្តែការហាមឃាត់ពលរដ្ឋជិះម៉ូតូនៅកណ្តាលទីក្រុង គឺវាលឿនខ្លាំងពេក ។ យើងត្រូវការប្រព័ន្ធដឹកជញ្ជូនសាធារណៈល្អ និងមានការគាំទ្រច្រើនមុនពេលផ្លាស់ប្តូរទ្រង់ទ្រាយធំបែបនេះ ។.jpg)
នៅកណ្តាលទីក្រុងហាណូយ គឺជាទីតាំងរបស់អាជីវកម្មភាគច្រើន រួមទាំងការិយាល័យ អគារធ្វើការរបស់រដ្ឋាភិបាល និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ។ នៅដំណាក់កាលទី២ ចាប់ពីខែមករា ឆ្នាំ២០២៨ វៀតណាមនឹងពង្រីកតំបន់ហាមឃាត់ជិះម៉ូតូ និងគ្រប់គ្រងការប្រើប្រាស់ម៉ូតូចាក់ប្រេងឥន្ធនៈហ្វូស៊ីលទាំងអស់ រួមទាំងរឹតបន្តឹងរថយន្តប្រើប្រាស់សាំងផងដែរ ។.png)
វិធានការផ្សេងទៀតក្នុងការកាត់បន្ថយការបំពុលបរិស្ថានរបស់វៀតណាម រួមមាន ៖ ការកែលម្អរោងចក្រកម្ចាត់សំរាម ការប្រើប្រាស់ឧបករណ៍ឌីជីថលត្រួតពិនិត្យការបំពុលបរិស្ថាន និងដាក់ទោសជនល្មើសកាន់តែធ្ងន់ រីឯអ្នកផ្តល់ដំណឹងពីការបំពុលបរិស្ថាននឹងទទួលបានរង្វាន់ ៕










