ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Nation រាយការណ៍ថា ស្ត្រីម្នាក់ឈ្មោះ ស៊ីកាកូស កំពុងល្បីល្បាញរឿងអាស្រូ.វយ៉ាងខ្លាំងនៅប្រទេសថៃ ដោយសារនាងមានទំនាក់ទំនងស្នេហាជាមួយព្រះសង្ឃជាច្រើនអង្គ ពុំលើកលែងសូម្បីព្រះចៅអធិការវត្ត សុទ្ធតែក្លាយជាប្តីនាងទាំងអស់ ។ បើតាមការសាកសួរពីប្រវត្តិ គឺនាងចូលចិត្តមកធ្វើបុណ្យនៅវត្ត និងសេពគប់ជាមួយព្រះសង្ឃតាំងពីអាយុ១៦ឆ្នាំមកម៉្លេះ ។

ស្ត្រីឈ្មោះ ស៊ីកាកូស តែងតែបើករថយន្តទំនើបទៅធ្វើបុណ្យនៅវត្ត ស្លៀកពាក់ហ៊ឺហារ មានប្រាក់ចាយវាយពេញដៃ និងស្និទ្ធស្នាលជាមួយព្រះចៅអធិការវត្តជាច្រើនអង្គនៅទីក្រុងបាងកក និងតាមបណ្តាខេត្ត ។ ក្រោយពីនាងមានទំនាក់ទំនងជាមួយព្រះចៅអធិការវត្តមិនយូរប៉ុន្មាន ព្រះចៅអធិការវត្តគ្រប់អង្គក៏បានក្លាយជាប្តីនាងទាំងអស់ ហើយព្រះសង្ឃខ្លះថែមទាំងផ្តល់ប្រាក់ឱ្យនាងខ្លះចាយវាយរាប់លានបាតទៀតផង ។
បើស្ត្រីម្នាក់ម្នាក់នៅខេត្តពិជិត រៀបរាប់ថា នាងបានស្គាល់ស្ត្រីឈ្មោះ ស៊ីកាកូស យ៉ាងច្បាស់តាំងពីអាយុ១៦ឆ្នាំ ស្ត្រីរូបនេះចូលចិត្តមកទិញនំយកទៅធ្វើបុណ្យនៅវត្តជាញឹកញាប់ ។ កាលពីមុន នាងឈ្មោះ ប៊ីវ ហើយបានមកជួលបន្ទប់ស្នាក់នៅក្បែរនាង បន្ទាប់មក ស៊ីកាកូស ក៏ធ្វើជាប្រពន្ធបុរសចំណាស់អាយុ៦០ឆ្នាំ ដែលទើបលែងលះជាមួយប្រពន្ធ ។ មិនយូរប៉ុន្មាន អ្នកទាំង២ក៏បានចែកផ្លូវគ្នា ហើយពេលនោះ ស៊ីកាកូស អាយុ១៦ឆ្នាំ គឺនាងមានកូនម្នាក់ ប៉ុន្តែមិនមែននាងមានកូនជាមួយអតីតស្វាមីអាយុ៦០ឆ្នាំទេ គឺនាងមានកូនជាមួយប្អូនប្រុសរបស់ស្វាមី (ប្អូនថ្លៃ) ។
ពេលស្ត្រីឈ្មោះ ស៊ីកាកូស ល្បីល្បាញពេញប្រទេសថៃរឿងអាស្រូវទំនាក់ទំនងផ្លូវភេទជាមួយព្រះសង្ឃជាច្រើនអង្គ អតីតស្វាមី (អាយុ៦០ឆ្នាំ) របស់នាងប្រាប់ថា ធ្លាប់សង្ស័យភរិយាយូរមកហើយ កាលពីពេលពុំទាន់ចែកផ្លូវគ្នា ភរិយាចូលចិត្តទៅវត្តជាញឹកញាប់ ខ្លួនគិតថា តើភរិយាលួចមានអីៗជាមួយព្រះសង្ឃទេដឹង?
ចំណែកអ្នកស្រុករស់នៅខេត្តពិជិត ហួសចិត្តនឹងហេតុការណ៍កើតឡើងពេលនេះ ពីព្រោះកន្លងមក ធ្លាប់មានព័ត៌មានថា ព្រះចៅអធិការវត្ត១អង្គដែលស្ត្រីរូបនេះទៅធ្វើបុណ្យ មានកូនជាមួយនាង ។ កាលពីនាងរស់នៅខេត្តពិជិត ជីវិតនាងលំបាក ប៉ុន្តែក្រោយពេលទៅរស់នៅទីក្រុងបាងកក ស្រាប់តែនាងបើករថយន្តទំនើប មានមាសប្រាក់ពាក់ពេញខ្លួន ។
បច្ចុប្បន្ន ស្ត្រីឈ្មោះ ស៊ីកាកូស មានកូន៣នាក់ ប៉ុន្តែពុំដឹងថា តើកូនទាំង៣នាក់នេះ គឺជាកូនរបស់ព្រះសង្ឃអង្គណាឱ្យប្រាកដ ឬជាកូនរបស់ស្វាមីរូបណា ពីព្រោះគ្មានព័ត៌មានច្បាស់លាស់ថា ក្រោយពីនាងលែងលះជាមួយស្វាមីអាយុ៦០ឆ្នាំ តើនាងទៅសេពគប់ជាមួយបុរសណាទៀតក្រៅពីព្រះសង្ឃ ។
តាមពាក្យចចាមអារ៉ាម គឺព្រះចៅអធិការវត្តដ៏ល្បីនៅខេត្តពិជិត ព្រះនាម ព្រះថេបវ៉ាត់ឆារ៉ាក់ សិទ្ធិមេធី អាចជាឪពុករបស់កូនម្នាក់ក្នុងចំណោម៣នាក់ របស់ស្ត្រីឈ្មោះ ស៊ីកាកូស ។ ប៉ុន្តែព្រះចៅអធិការវត្តរូបនេះថា ពុំពិតទេ អត្មាពុំចង់សឹក ខណៈលោក គីតឆៃប៊ុនពូ ជាមេធាវីវត្តប្រាប់ថា ព្រះចៅអធិការស្អាតស្អំ ពុំពាក់ព័ន្ធរឿងអាស្រូវ ។ រីឯពាក្យចចាមអារ៉ាមថា ព្រះចៅអធិការវត្តមានកូនជាមួយស្ត្រីឈ្មោះ ស៊ីកាកូស គឺព្រះអធិការវត្តបដិសេធ និងត្រៀមខ្លួនពិនិត្យ DNA ។
ដោយឡែក មានសេចក្តីរាយការណ៍ ព្រះសង្ឃ១អង្គទៀតព្រះនាម ផាវ៉ាណា វីធីយៈគុន ឬព្រះអាចារ្យសាវ៉ៃ ប្រធានវត្តឆ័យមង្គល នៅស្រុកវាំងថង ខេត្តពិស្នុលោក បានផ្ទេរប្រាក់ឱ្យស្ត្រី ស៊ីកាកូស ជិត២សែនបាត ។ ព្រះអង្គមានសង្ឃដីកាថា បានស្គាល់ ស៊ីកាកូស កាលពីឆ្នាំ២០២៣ ដោយ ស៊ីកាកូស បានទំនាក់ទំនងតាម Chat ដើម្បីសុំប្រឹក្សាបញ្ហាជីវិត ។ នាងថា ពុំចង់មានជីវិតរស់នៅទៀតទេ ដោយសារគណនីធនាគារត្រូវបានគេហែកចូលធ្វើឱ្យនាងពុំអាចទូទាត់ថ្លៃគ្រឿងម៉ាស៊ីនកុម្ម៉ង់ពីក្រៅប្រទេស ធ្វើឱ្យអាជីវកម្មនាងដួលរលំ ស្មើទឹកប្រាក់៥លានបាត ។
ហេតុនេះ ព្រះអង្គក៏ផ្តល់លេខទូរស័ព្ទឱ្យនាងទំនាក់ទំនង និងផ្តល់កម្លាំងចិត្តឱ្យស្តាប់ធម៌ដើម្បីកុំឱ្យនាងធ្វើអត្តឃាត ។ ក្រោយមក នាងក៏ខ្ចីប្រាក់ព្រះអង្គ ចំនួន១សែនបាត ដើម្បីស្តារអាជីវកម្មកុំឱ្យរលំ ទើបព្រះអង្គសម្រេចចិត្តផ្ទេរប្រាក់ឱ្យនាង ។ ក្រោយពីបានទទួលប្រាក់ នាងក៏បាត់មុខអស់១ឆ្នាំ រហូតដល់ឆ្នាំ២០២៥ នាងប្រាប់ថា ត្រូវប្តីបោះបង់ ហើយនាងគ្មានប្រាក់ទិញទឹកដោះគោឱ្យកូន នាងថែមទាំងផ្ញើរូបកូនឈឺនៅមន្ទីរពេទ្យឱ្យមើល ទើបព្រះអង្គអាណិតក៏ផ្ទេរប្រាក់ឱ្យនាងជាបន្តបន្ទាប់ សរុបជិត២សែនបាត ។
ព្រះអង្គពុំធ្លាប់ឃើញមុខនាងទេ និងពុំធ្លាប់ទៅរកនាង រីឯនាងក៏ពុំបានមករកព្រះអង្គនៅវត្តដែរ ដូច្នេះ ព្រះអង្គគ្មានទំនាក់ទំនងស៊ីជម្រៅជាមួយនាងទេ ។ ព្រះអង្គទើបតែដឹងព័ត៌មានពេលក្រោយថា រូបស្ត្រីមើលក្មេងឈឺនៅមន្ទីរពេទ្យដែល ស៊ីកាកូស ផ្ញើមកឱ្យព្រះអង្គ គឺពុំពាក់ព័ន្ធជាមួយនាងទេ សមត្ថកិច្ចអាចពិនិត្យមើលរូបភាពព្រះសង្ឃជាច្រើនអង្គមានទំនាក់ទំនងស្នេហាជាមួយនាង គឺគ្មានរូបព្រះអង្គទេ ព្រះអង្គគ្រាន់តែផ្ទេរប្រាក់ឱ្យនាងព្រោះអាណិតមនុស្សដូចគ្នា ។
សមត្ថកិច្ចឱ្យដឹងថា ស្ត្រីដែលចាប់ព្រះសង្ឃជាច្រើនអង្គធ្វើប្តី បានទទួលប្រាក់យ៉ាងច្រើនពីព្រះសង្ឍ ហើយនាងយកទៅលេងល្បែង ។ សមត្ថកិច្ចរកឃើញភស្តុតាងព្រះចៅអធិការវត្តជាច្រើនអង្គមានទំនាក់ទំនងស្នេហាជាមួយនាង ពេលនេះ មានព្រះសង្ឃ៨អង្គសឹក ក្នុងនោះមានទាំងព្រះចៅអធិការវត្តនៅទីក្រុងបាងកក និងតាមបណ្តាខេត្ត ។ ក្រៅពីនេះ ព្រះសង្ឃ៣អង្គផ្សេងទៀតក៏មានទំនាក់ទនងជាមួយនាងដែរ ប៉ុន្តែព្រះសង្ឃបដិសេធពុំពាក់ព័ន្ធ ៕










