តូក្យូ: ជប៉ុនបានកំពុងបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យអ៊ីនធឺណិត។ អ្នកវិទ្យាសាស្ត្រនៅ ស្ថាប័នជាតិព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនង (NICT) បានសម្រេចបានល្បឿនអ៊ីនធឺណិតលឿនជាងគេបំផុតក្នុងពិភពលោក ដល់ទៅ ១២៥,០០០ ជីកាបៃ ក្នុងមួយវិនាទី (ស្មើនឹង ១.០២ ប៉េតាប៊ីតក្នុងមួយវិនាទី)។ ល្បឿននេះលឿនជាងល្បឿនអ៊ីនធឺណិតជាមធ្យមនៅសហរដ្ឋអាមេរិកដល់ទៅ ៤ លានដងឯណោះ។ នេះបើយោងតាមប្រភព Live Science។.jpg)
សមិទ្ធិផលដ៏អស្ចារ្យនេះ គឺដោយសារបច្ចេកវិទ្យាថ្មីមួយដែលមានប្រភេទខ្សែអុបទិកកម្រិតខ្ពស់ដល់ទៅ ១៩ ស្នូល។ ខ្សែអុបទិកធម្មតា ប្រើស្នូលតែមួយប៉ុណ្ណោះ ដើម្បីបញ្ជូនសញ្ញាផ្លូវពន្លឺ ប៉ុន្តែក្នុងខ្សែថ្មីនេះ សំណុំសញ្ញាផ្សេងៗបានបញ្ជូនតាមស្នូលជាច្រើនក្នុងពេលតែមួយ ធ្វើអោយល្បឿនកើនឡើងយ៉ាងច្រើន ដោយមិនចាំបាច់ត្រូវការខ្សែកាបកាន់តែធំឡើយ។
ក្នុងការធ្វើតេស្ត អ្នកវិទ្យាសាស្ត្រជប៉ុនបានសាកល្បងបញ្ជូនសញ្ញាអ៊ីនធឺណិតល្បឿនខ្ពស់ តាមខ្សែអុបទិកប្រវែងជាង ១,៨០០ គីឡូម៉ែត្រ។ ពួកគេបានធ្វើអោយសញ្ញារុញទៅមុខ និងត្រឡប់មកវិញ ២១ ដង ហើយប្រើឧបករណ៍ពង្រឹងសញ្ញា ដើម្បីធានាថា វាមានស្ថិរភាព។ ដំណើរនេះបង្ហាញថា បច្ចេកវិទ្យាថ្មីនេះអាចប្រើសម្រាប់ការបញ្ជូនសញ្ញាចម្ងាយឆ្ងាយ ដោយគ្មានការបាត់បង់ទិន្នន័យ។
.jpg)
គួររំលឹកថា នេះមិនមែនជាលើកដំបូងទេដែលជប៉ុនវានបំបែកកំណត់ត្រាផ្នែកនេះ ពួកគេក៏ធ្លាប់បានឈានដល់ល្បឿនជិត ៥០,០០០ ជីកាបៃ ក្នុងមួយវិនាទីផងដែរ កាលពីឆ្នាំ ២០២៤។ ដោយឡែក កំណត់ត្រាថ្មីនេះគឺកើនជាងពីរដងទៅទៀត។ ទោះបីជាបច្ចេកវិទ្យានេះនៅក្នុងដំណាក់កាលសាកល្បងក៏ដោយ ប៉ុន្តែវាអាចនាំទៅកាន់ការផ្លាស់ដ៏ប្តូរធំនៃអ៊ីនធឺណិតជាសកល។ អ្នកជំនាញនិយាយថា វាអាចជួយដល់ បច្ចេកវិទ្យា AI, ការគណនាតាមCloud, មជ្ឈមណ្ឌលទិន្នន័យ, ការផ្សាយវីដេអូ 3D និងខ្សែអ៊ីនធឺណិតក្រោមសមុទ្រផងដែរ។
ទោះជាយ៉ាងណា បច្ចុប្បន្ននេះ ប្រជាជនមិនទាន់អាចប្រើប្រាស់ល្បឿននេះនៅផ្ទះបាននៅឡើយទេ ប៉ុន្តែវាបង្ហាញពីអនាគតដ៏ភ្លឺថ្លារបស់បណ្តាញអ៊ីនធឺណិត ដែលអាចទាញយកឯកសារធំៗផ្សេងៗបានក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ណ្ណោះ៕










