ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ម៉ារីស សាងៀមផុង ត្រៀមផ្ញើលិខិតអញ្ជើញកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ នៅខែកញ្ញានេះ ។ លោកបានបញ្ជាក់ពីក្រសួងការបរទេសថៃពុំតទល់ជាមួយកម្ពុជាក្នុងបណ្តាញសង្គម និងផ្តោតលើការទំនាក់ទំនងផ្លូវការប៉ុណ្ណោះ ។

នៅវិមានរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ម៉ារីស សាងៀមផុង បានផ្តល់បទសម្ភាសន៍នៅថ្ងៃទី១៥ ខែកក្កដា ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្នថា គឺនៅតែដូចមុន គ្មានអ្វីផ្លាស់ប្តូរទេ ហើយលោកត្រៀមផ្ញើលិខិតអញ្ជើញកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ នៅខែកញ្ញានេះ ពីព្រោះត្រូវបញ្ជាក់នូវអ្វីដែលបានជជែកគ្នារួចហើយ ។

ក្រសួងការបរទេសថៃនឹងជូនដំណឹងតាមរយៈបណ្តាញផ្លូវការប៉ុណ្ណោះ និងពុំតទល់ជាមួយកម្ពុជាក្នុងបណ្តាញសង្គម ពីព្រោះវាពុំមែនជាការទូត ។ ក្រសួងការបរទេសថៃនឹងប្រកាន់យកនូវការជជែកផ្លូវការ ខណៈការតទល់ គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ប៉ុន្តែយើងពុំប្រើប្រាស់បណ្តាញទំនាក់ទំនងមិនផ្លូវការ ។

គួរបញ្ជាក់ថា ប្រទេសថៃនៅតែប្រកាន់គោលជំហរចរចាព្រំដែនជាមួយកម្ពុជាតាមរយៈយន្តការទ្វេភាគី និងពុំចង់ដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពីព្រោះថៃបារម្ភពីការចាញ់ក្តីដូចករណីប្រាសាទព្រះវិហារកន្លងមក ។ ប៉ុន្តែកម្ពុជាបានដាក់បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីកុំឱ្យបញ្ហាអូសបន្លាយរហូតដល់កូនចៅជំនាន់ក្រោយ ។

ដោយឡែក ព័ត៌មានអាមេរិកស្នើសុំប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកនៅខេត្តផាំងង៉ា ប្រទេសថៃ លោក ម៉ារីស សាងៀមផុង និយាយថា ពេលនេះ ពុំទាន់មានការប្រើប្រាស់នៅឡើយទេ និងត្រូវជជែកគ្នា ពីព្រោះលោកពុំទាន់ឃើញឯកសារ ។ វាអាចជាការប៉ាន់ស្មាន លោកពុំដឹងថា រឿងវាដូចម្តេច ប៉ុន្តែបើអាមេរិកប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកនៅថៃ គឺត្រូវជជែកគ្នាសិន ៕