ថ្មីៗនេះទស្សនិកជនមួយចំនួនមានការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញការចោទប្រកាន់ទៅលើតារាចម្រៀង រ៉ាប៊ី ជាសិស្សប្អូនដែលតារាចម្រៀង យក់ ថិតរដ្ឋា បង្ហោះសំណេរ ថាមានអត្តចរិតព្រហើនមិនគោរពរៀមច្បង។ យ៉ាងណាមិញ មិនត្រឹមតែមានការបក ស្រាយរឿងនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្លាយដល់ទំនាក់ទំនងរបស់ គង់ ចាន់ស្រីមុំ និង ផេន ខេក មានបញ្ហាទាស់ទែងអន់ចិត្តចំពោះគ្នាដោយសារតែសង្សារថ្មីរបស់ ផេន ខេក។

នៅក្នុងកម្មវិធី 3 Fun ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃទី១១ កក្កដា រ៉ាប៊ី និង អ្នកនាង យក់ ថិតរដ្ឋា បានចេញមុខមកបកស្រាយពីបញ្ហាយល់ច្រលំនឹងគ្នា ព្រោះតែមានការចោទ ប្រកាន់ ថា រ៉ាប៊ី ជាសិស្សប្អូនដែលមិនគោរពរៀមច្បងមានចរិតព្រហើនដែលតារាចម្រៀង យក់ ថិតរដ្ឋា បានបង្ហោះ។ អ្នកនាង យក់ ថិតរដ្ឋា បានស្រាយមន្ទិលរបស់ រ៉ាប៊ី ថាសំណេររបស់ខ្លួនមិនមែនចង់សម្តៅទៅកាន់នាងទោះទេ ប៉ុន្តែយ៉ាងណាការបង្ហោះ របស់នាងគឺជាការពិត។
អ្វីដែលទស្សនិកជនមួយចំនួនធំមិនបានដឹងក្រៅពីរឿងតារាចម្រៀងទាំងពីរដួងនេះតាមពិតទៅពិធីការិនី គង់ ចាន់ស្រីមុំ និង ផេនខេក ដែលមានទំនាក់ទំនងជិតស្និទ្ធនិងធ្វើ កម្មវិធីជាមួយគ្នាក៏មានបញ្ហាល្អក់កករ ស្ទើរតែកាត់ផ្តាច់ពីគ្នាទៅហើយ។

នៅក្នុងកម្មវិធី គង់ ចាន់ស្រីមុំ និង ផេន ខេក បានរៀបរាប់ពីរឿងរ៉ាវដែល មានការអន់ចិត្ត នឹងគ្នាដោយ ផេន ខេក បានខកខានជាច្រើនដងមិនបានទៅកន្លែង ដើរលេងទាំង ខ្លួនឯងជាអ្នកចង់ទៅ ហើយ គង់ ចាន់ស្រីមុំ ត្រូវលើកថ្ងៃជាច្រើនដង ខណៈ ផេន ខេក វិញបានទទួលការងារចំថ្ងៃដើរលេង ជាញឹកញាប់។ មិនត្រឹមតែប៉ុណ្ណោះ ផេន ខេក បានកុហកនិងមិនបានពន្យល់ឱ្យបានច្បាស់អស់រយៈពេលជាច្រើនខែ។

ការអន់ចិត្តជាបន្តបន្ទាប់ទាំងពេលខ្លះ ផេន ខេក មានអារម្មណ៍មិនល្អនិយាយសម្តីធំដាក់ បានធ្វើឱ្យអារម្មណ៍របស់ គង់ ចាន់ស្រីមុំ កាន់តែលែងល្អ ជាពិសេសគឺពាក្យសម្តីរបស់ សង្សារថ្មីរបស់ ផេន ខេក បានថាឱ្យ គង់ ចាន់ស្រីមុំ ថានាងជា«មនុស្សខូចមាត់»។ គង់ ចាន់ស្រីមុំ ថានៅពេលសង្សារថ្មី ផេន ខេក និយាយដាក់ខ្លួនបែបនេះហើយ ផេន ខេក ផ្ទាល់មិនបានឃាត់សង្សារខ្លួននោះទេដែលប្រើពាក្យសម្តីនេះដាក់នាងជាច្រើនដង។

បន្ទាប់ពីដឹងកំហុស ផេន ខេក និងសង្សារថ្មីបានទៅផ្ទះ គង់ ចាន់ស្រីមុំ សូមទោសដោយផ្ទាល់ពីកំហុសរបស់ខ្លួន៕










