មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានធ្វើការបកស្រាយលើករណីដែលមានការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គម ជុំវិញបញ្ហា «មន្ទីរពេទ្យទុកអ្នកជំងឺចោល ព្រោះគ្មានប្រាក់បង់» ដោយបញ្ជាក់ពីពេលវេលា និងដំណើរការនៃការចូលមកសម្រាកព្យាបាលរបស់អ្នកជំងឺចាប់តាំងពីកើតហេតុដំបូង។

យោងតាមសេចក្ដីប្រកាស ដែលចេញដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃសៅរិ៍ ទី១២ ខែកក្កដា បានឲ្យដឹងថា៖ នៅថ្ងៃទី១១ ខែកក្កដា វេលាម៉ោង ៥.០០នាទីល្ងាច មន្ទីរពេទ្យបង្អែកចំការលើ ក្នុងខេត្តកំពង់ចាម បានទទួលអ្នកជំងឺ៤នាក់មានរបួស និងអ្នកជំងឺចំនួន៦នាក់ផ្សេងទៀត ដឹកតាមរថយន្តគិលានសង្រ្គោះ២គ្រឿង និងរថយន្តឯកជន១គ្រឿង ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅត្រង់ចំណុចភូមិពព្រេង ឃុំស្ពី ស្រុកចំការលើ ខេត្តកំពង់ចាម។ ក្នុងចំណោមជនរងគ្រោះទាំងអស់ ក៏មានឈ្មោះ ឈាន ជីអូន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅនៅរាជធានីភ្នំពេញ ដែលមានបងប្អូនសាច់ញាតិបង្ហោះសារលើកឡើងនៅក្នុងបណ្ដាញសង្គមថា៖ «អត់មានលុយបង់ឲ្យ គេទាមទាររកកាតទាហាន ត្រូវការបញ្ចូលឈា.មតែបូមឈា.មពីបងប្អូនរួចទុកចោល គេទុកអ្នកជំងឺចោលថាគ្មានលុយបង់ បូមឈាមយកទៅពិនិត្យតែទុកចោលព្រោះគ្មានលុយបង់»។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ក្រុមការងារសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានចុះធ្វើការស៊ើបអង្កេតភ្លាមៗ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកចំការលើនៅថ្ងៃកើតហេតុ ទទួលបានរបាយការណ៍ដូចខាងក្រោម៖
១. ឈ្មោះ ឈាន ជីអូន ភេទប្រុស អាយុ២៥ឆ្នាំ បានចូលមកសម្រាកនៅមន្ទីរពេទ្យបង្អែកចំការលើ ដោយសាររបួសគ្រោះថ្នាក់ចរាចរណ៍ មានការឈឺចាប់ត្រង់ត្រគាកខាងឆ្វេង ប៉ុន្តែអ្នកជំងឺអាចដើរបាន លោកគ្រូពេទ្យបានពិនិត្យរាងកាយរបស់គាត់ឃើញថា មិនមានដាច់រយះស្បែក ឬមានការហូរឈា.មឡើយ តែនៅត្រគាកខាងឆ្វេងនោះមានស្នាមជាំផ្នែកខាងលើ ប្រហែក៨សង់ទីម៉ែត្ររួចបានថតកាំរស្មីអិច ព្រមទាំងព្យាបាលនិងតាមដានតាមបច្ចេកទេសជូនគាត់។
២. នៅវេលាម៉ោង ៨.៣០នាទីយប់ ក្រុមគ្រួសារបានស្នើសុំយកអ្នកជំងឺឈ្មោះ ឈាន ជីអូន ទៅព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដោយមានកិច្ចសន្យាផ្ដិតមេដៃទទួលខុសត្រូវរបស់ក្រុមគ្រួសារ និងដឹកទៅតាមរថយន្តផ្ទាល់ខ្លួន។

ជាមួយនឹងរបាយការណ៍ខាងលើនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជាក់ថា៖ ការបង្ហោះសារសំឡេងរបស់សាច់ញាតិក្នុងបណ្ដាញសង្គម ដូចបានរៀបរាប់ខាងលើគឺ ពុំមែនកើតឡើងនៅក្នុងមន្ទីរពេទ្យបង្អែកចំការលើ នោះទេ។ នៅរសៀលថ្ងៃ១២ ខែកក្កដា ក្រុមគ្រូពេទ្យនៃមន្ទីរបង្អែកចំការលើ ក៏បានទាក់ទងទៅអ្នកជំងឺផ្ទាល់ ដើម្បីតាមដានស្ដានភាពជំងឺរបស់គាត់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅភ្នំពេញ ដោយគាត់ប្រាប់ថាអាការៈជំងឺរបស់គាត់បានល្អប្រសើរខ្លះៗហើយ រចក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យរបស់យើងផងដែរ៕










