ថៃ៖ ឃ្លីបវីដេអូមួយដែលបង្ហាញពីភាពតឹងសរសៃកដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កំពុងត្រូវបានគេចែករំលែកពេញបណ្ដាញសង្គម។ ក្នុងនោះ ចំពោះមូលហេតុដែលនាំឲ្យឈានទៅដល់ទំនាស់ពាក្យសំដីដូខខាងលើត្រូវបានខាងភាគីថៃបកស្រាយថា បណ្ដាលមកពីទាហានខាងកម្ពុជាស្រែកតវ៉ា និងចង្អុលមុខទាហានថៃ បន្ទាប់ពីមានភ្ញៀវទេសចរថៃមកទស្សនាប្រាសាទនៅពេលចុងម៉ោងដែលកំណត់ឲ្យបិទ។
ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2025 មានសេចក្តីរាយការណ៍ពីកងទ័ពថៃភូមិភាគទី2 ទាក់ទងនឹងឧប្បត្តិហេតុនៅក្នុងឃ្លីបវីដែអូដែលកំពុងផ្សព្វផ្សាយនាពេលថ្មីៗនេះ។ តាមការស៊ើបអង្កេត វាគឺជាឃ្លីប ដែលថតតាំងពីថ្ងៃទី27 ខែមិថុនា ឆ្នាំ2025 ដែលកងកម្លាំងប្រចាំការរបស់កម្ពុជា បានជំទាស់នឹងភ្ញៀវទេសចរថៃ ដែលជាគ្រូៗមកពីសាលារៀន Ban Panoy Taeng នៅក្នុងស្រុក Sikhio ខេត្ត Surin ចូលទស្សនានៅប្រាសាទតាមាន់ធំ ហួសម៉ោងកំណត់ ដែលត្រូវចូលនៅម៉ោង 9:00 និងចេញមិនលើសពីម៉ោង 3:00រសៀល ជារៀងរាល់ថ្ងៃ។
តាមប្រភពខាងលើបានបកស្រាយថា នៅថ្ងៃទី27 ខែមិថុនា ឆ្នាំ2025 វេលាម៉ោង 2:45នាទី ក្រុមការងារសម្របសម្រួលថៃដែលប្រចាំនៅតំបន់នោះ បានទទួលដំណឹងពីថ្នាក់លើថា លោកគ្រូ អ្នកគ្រូ មកពីសាលាខាងលើ នឹងនាំគ្នាធ្វើដំណើរទៅទស្សនាប្រាសាទតាមាន់ធំ។ រហូតមកដល់ម៉ោង 2:50នាទី ទើបពួកគេបានទៅដល់។ បន្ទាប់មកនៅម៉ោង 2:52នាទី ក្រុមគ្រូៗខាងលើក៏បានផ្តល់អំណោយ ដើម្បីជាការលើកទឹកចិត្តកងទ័ពថៃ និងថតរូបនៅមុខផ្លាកសញ្ញាប្រាសាទតាមាន់ធំ។ ក្រោយមកនៅម៉ោង 2:54នាទី ក្រុមខាងលើនេះក៏បានដើរទស្សនាប្រាសាទ ប៉ុន្តែដើរបានតែមួយនាទីប៉ុណ្ណោះ នៅម៉ោង2:55នាទី ក្រុមការងារសម្របសម្រួលរបស់កម្ពុជា បានមកតវ៉ាថា ត្រូវតែបិទការចូលទស្សនាប្រាសាទតាមាន់ធំតាមពេលវេលាកំណត់។
ពេលនោះ ក្រុមការងារសម្របសម្រួលថៃបានឆ្លើយថានៅសល់ 5 នាទីទៀត ប៉ុន្តែលោកវរសេនីយ៍ទោ ហន ចន្ត្រា ប្រធានក្រុមសម្របសម្រួលកម្ពុជា បានប្រើភាសា និងកាយវិការមិនសមរម្យជាមួយក្រុមសម្របសម្រួលថៃ។
បន្ទាប់មក លោកវរសេនីយ៍ទោ Witun Anya Muang បានប្រកែក និងមានការទាស់ទែងគ្នាដោយពាក្យសំដី។ ហើយនៅម៉ោង 3:00នាទី ក្រុមសម្របសម្រួលរបស់ភាគីទាំងពីរក៏បានពិភាក្សាគ្នា និងឈានដល់ការយោគយល់អំពីភាពខុសគ្នានៃពេលវេលា និងបំបែកគ្នាចេញវិញទៅតាមទីតាំងរៀងៗខ្លួន៕










