រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ទើបតែបានជួបជាមួយកំពូលអ្នកច្បាប់អន្តរជាតិដ៏ល្បីម្នាក់ ដើម្បីបន្តពិភាក្សាលើរឿងក្ដីជម្លោះព្រំដែនជាមួយថៃនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

នៅថ្ងៃអង្គារ ទី២ ខែកក្កដា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញឲ្យដឹងថា សម្ដេចទើបបានជួបជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
គួរឲ្យដឹងថា លោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល គឺជាសមាជិកដ៏សំខាន់មួយរូប ក្នុងចំណោមក្រុមទីប្រឹក្សាច្បាប់និងមេធាវី ដែលបានជួយអោយកម្ពុជាទទួលជោគជ័យ ក្នុងរឿងក្តីនៃការបកស្រាយសាលក្រមប្រាសាទព្រះវិហារ (១៩៦២) នៅឆ្នាំ ២០១១-២០១៣ នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។
ជាមួយគ្នានេះ សម្ដេចបានគូសបញ្ជាក់ថា៖ កម្ពុជានៅបន្តមិនរាថយ ចំពោះការនាំយករឿងក្តីពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិនោះទេ៕










