ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ជប៉ុនបានដាស់តឿនពលរដ្ឋដែលដើរបេះបន្លែក្នុងព្រៃ និង Influencer បង្កើតមាតិកាពីខ្លាឃ្មុំ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយសារខ្លាឃ្មុំព្រៃចេញមកវាយប្រ.ហារពលរដ្ឋរហូតដល់បាត់ប.ង់ជីវិត ។ ពលរដ្ឋគួរផ្អាកចូលព្រៃដើម្បីការពារអាយុជីវិត រីឯ Influencer ទាំងឡាយក៏ដូចគ្នាដែរ គួរផ្អាកថតរូប ឬថតវីដេអូខ្លាឃ្មុំក្នុងព្រៃ ពីព្រោះខ្លាឃ្មុំមួយចំនួនធ្វើបាបមនុស្ស ។
តាមការផ្សព្វផ្សាយរបស់សារព័ត៌មានជប៉ុន គឺមានបុរសម្នាក់អាយុ៤៦ឆ្នាំ បានស្លាប់នៅក្នុងព្រៃក្បែរទីក្រុងអូមាឈិ ខេត្តណាកាណុ ពេលបុរសរូបនេះកំពុងបេះស្លឹកឫស្សី ។ នាថ្ងៃបន្ទាប់ ក៏មានសេចក្តីរាយការណ៍ថា កម្មករធ្វើការក្នុងព្រៃឫស្សី ចំនួន២នាក់ ត្រូវខ្លាឃ្មុំវាយប្រហារនៅខេត្តណាកាណុ ដូចគ្នា ។

ក្រៅពីនេះ ខ្លាឃ្មុំព្រៃបានសម្រុកចូលកន្លែងរស់នៅរបស់មនុស្សខុសប្រក្រតី ដូចជា ៖ ចូលក្នុងអាកាសយានដ្ឋាន, ចូលសាលារៀន២កន្លែង នៅខេត្តអាអុម៉ូរិ ដែលធ្វើឱ្យសាលារៀនត្រូវលុបចោលកម្មវិធីការប្រកួតកីឡា ដោយសារមានអ្នកប្រទះឃើញខ្លាឃ្មុំព្រៃ ៤ក្បាល ។ សមត្ថកិច្ចបានដាស់តឿនពលរដ្ឋឱ្យបើកបរយានជំនិះដោយប្រុងប្រយ័ត្ន ផ្អាកចូលព្រៃ ឬធ្វើដំណើរក្បែរព្រៃ ។
លោក ខេវីន ឆត អតីតសាស្ត្រាចារ្យផ្នែកវប្បធម៌នៅសាកលវិទ្យាល័យបច្ចេកវិទ្យាព័ត៌មានទីក្រុងតូក្យូ បានលើកឡើងពីមូលហេតុជាច្រើនដែលធ្វើឱ្យខ្លាឃ្មុំចូលមកក្បែរ និងវាយប្រហារមនុស្សជាញឹកញាប់ ដូចជា ៖ បម្រែបម្រួលអាកាសធាតុ និងសីតុណ្ហភាពកើនឡើងអាចធ្វើឱ្យខ្លាឃ្មុំចេញធ្វើសកម្មភាព និងសម្របខ្លួនសម្ងំនៅកន្លែងកក់ក្កៅ ។
មូលហេតុមួយទៀត ចំនួនអ្នកបរបាញ់សត្វនៅប្រទេសជប៉ុនកើនឡើងយ៉ាងឆាប់រហ័ស ពួកគេតែងតែទៅបរបាញ់សត្វក្នុងព្រៃធ្វើឱ្យចំនួនសត្វព្រៃគ្រប់ប្រភេទធ្លាក់ចុះ ដូចជា ៖ ក្តាន់ ជ្រូកព្រៃ ស្វា និងខ្លាឃ្មុំ ។ ក្រៅពីនេះ ការឈូសឆាយព្រៃធ្វើផ្លូវ និងសំណង់ ក៏ជាមូលហេតុសំខាន់ធ្វើឱ្យខ្លាឃ្មុំឃ្លានចំណីទាំងនេះត្រូវដើរស្វែងរកចំណីឆ្ងាយជាងមុន ពួកវាក៏ដើរមកកាន់ទីក្រុង ទីប្រជុំជន និងភូមិអ្នកស្រុក ។
ទោះជាមានការដាស់តឿនយ៉ាងតឹងរ៉ឹងពីរដ្ឋាភិបាកក៏ដោយ ប៉ុន្តែមានក្រុម Influencer ជាច្រើននាក់ពុំចាប់អារម្មណ៍ និងចូលព្រៃបង្កើតមាតិកាថតវីដេអូខ្លាឃ្មុំដើម្បីទាក់ទាញអ្នកទស្សនា ។ សមត្ថកិច្ចរាយការណ៍ថា បានឃើញក្រុម Influencer ថតវីដេអូក្នុងព្រៃ ហើយសមត្ថកិច្ចក៏ដាស់តឿនពីគ្រោះថ្នាក់ ។
បើតាមអ្នកជំនាញ គឺខ្លាឃ្មុំព្រៃមួយចំនួនស៊ីរុក្ខជាតិ និងពុំស៊ីមនុស្សជាអាហារទេ ប៉ុន្តែពូជខ្លាឃ្មុំខ្លះកាចសាហាវអាចធ្វើបាបមនុស្ស ។ ហេតុនេះ កុំប្រមាថ ឬមើលស្រាលខ្លាឃ្មុំខ្លាំងពេក ៕










