ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា កងទ័ពថៃបានចា.ប់ពលរដ្ឋថៃចំនួន១៣នាក់ ដែលលួ.ចឆ្លងដែនតាមច្រកធម្មជាតិមកប្រទេសកម្ពុជា ដោយសារល្មើសនឹងបម្រាមពុំអនុញ្ញាតឱ្យពលរដ្ឋថៃធ្វើដំណើរមកកម្ពុជា ។ ពលរដ្ឋថៃទាំងនេះប្រាប់ថា បានដឹងពីការប្រកាសហាមធ្វើដំណើរមកកម្ពុជា ក៏នាំគ្នាលួ.ចឆ្លងដែនតាមច្រកធម្មជាតិដើម្បីទៅប្រមូលសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ស្នាក់នៅក្នុងទីក្រុងប៉ោយប៉ែត ។
កងកម្លាំងប៊ូរ៉ាផា ឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងមក កងកម្លាំងប៊ូរ៉ាផា សហការជាមួយកងទ័ពមកពីអង្គភាពផ្សេងៗបានយាមល្បាតនៅច្រកព្រំដែនធម្មជាតិ ស្រាប់តែឃើញមនុស្សចំនួន១៣នាក់ ធ្វើដំណើរដោយថ្មើជើង ក៏ហៅឱ្យឈប់ដើម្បីត្រួតពិនិត្យនៅបរិវេណឆ្ងាយពីផ្លូវស៊ីផេន ប្រមាណ១គីឡូម៉ែត្រ ស្ថិតក្នុងឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ។

បន្ទាប់ពីបានត្រួតពិនិត្យ គឺមនុស្សទាំង១៣នាក់ គឺជាពលរដ្ឋថៃបានព្យាយាមធ្វើដំណើរចេញពីប្រទេសថៃដោយខុសច្បាប់ ក្នុងនោះប្រុស៦នាក់ និងស្រី៧នាក់ ។ ពលរដ្ឋថៃទាំងនេះធ្វើដំណើរមកពីខេត្តឈៀងរ៉ៃ, ឡាំពូន, តាក, ស្រះកែវ, កានចាក់បុរី, ណាខនផានុម, ណាខនណាយក និងអំណាចចារឺន បម្រុងឆ្លងដែនទៅកម្ពុជាជាមួយពលរដ្ឋខ្មែរម្នាក់ជាអ្នកនាំផ្លូវ ប៉ុន្តែរកពុំឃើញពលរដ្ឋខ្មែរទេ ។
.jpg)
ចំណែកពលរដ្ឋថៃទាំង១៣នាក់ ប្រាប់ថា ពួកគេណាត់គ្នាមកជួបជាមួយបុរសម្នាក់ បន្ទាប់មក បុរសនេះក៏នាំពួកគេទៅចម្ការដូងប្រេងស្ថិតនៅភូមិខៅលូកឆាង ស្រុកតាប្រាយ៉ា ដើម្បីរង់ចាំឱ្យពលរដ្ឋខ្មែរម្នាក់មកនាំផ្លូវធ្វើដំណើរឆ្លងដែនតាមច្រកធម្មជាតិទៅប្រទេសកម្ពុជា ។ មូលហេតុនៃការលួចឆ្លងដែន គឺពួកគេគ្រាន់តែចង់ទៅប្រមូលសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ស្នាក់នៅក្បែរកាស៊ីណូមួយកន្លែងនៅទីក្រុងប៉ោយប៉ែត យកមកប្រទេសថៃវិញ ប៉ុន្តែត្រូវកងទ័ពថៃចាប់ខ្លួន ។ 
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេសថៃបានចេញសេចក្តីប្រកាសហាមឃាត់ពលរដ្ឋថៃធ្វើដំណើរមកប្រទេសកម្ពុជា ប្រសិនបើគ្មានភាពចាំបាច់ ។ រីឯពលរដ្ឋថៃរស់នៅកម្ពុជា ត្រូវអនុវត្តតាមការណែនាំរបស់ស្ថានទូត និងស្ថានអគ្គកុងស៊ុលថៃប្រចាំកម្ពុជាដើម្បីសុវត្ថិភាព ចៀសវាងធ្វើដំណើរទៅកាន់ទីប្រជុំជន និងតាមដានស្ថានការណ៍ជានិច្ច ។
ការហាមឃាត់ពលរដ្ឋថៃធ្វើដំណើរមកកម្ពុជានេះ ក្រោយពីស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃនៅតែតានតឹង ដោយសារថៃដាក់គំនាប និងកំណត់វិធានការរឹតបន្តឹងមកលើកម្ពុជា ក្នុងគោលបំណងឱ្យកម្ពុជាដកពាក្យបណ្តឹងពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងងាកមកចរចាទ្វេភាគីជាមួយថៃក្នុងការដោះស្រាយបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ៕










