ថៃ ៖ អតីតតារាសម្ដែងថៃ Bird Wanchana Sawasdee ដែលបច្ចុប្បន្នគឺជាប្រធានការិយាល័យលេខាធិការអចិន្ត្រៃយ៍នៃកងទ័ពភូមិន្ទថៃ បានថ្កោលទោ.សរដ្ឋាភិបាលកម្ពុជាថាបង្កបញ្ហាដល់ប្រជាពលរដ្ឋខ្លួនឯង។ ព្រមទាំងបញ្ជាក់ថា «ថៃគិតធម្មតាៗទេ តែមេដឹកនាំខ្មែរប្រតិកម្មខ្លាំងពេក»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Amrin News របស់ប្រទេសថៃ។

នៅថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2025 ឧត្តមសេនីយ៍ឯក Wanchana Sawasdee បានបង្ហោះសារនៅបណ្ដាញសង្កមរបស់ខ្លួនថា ៖ ជូនចំពោះប្រជាជនកម្ពុជា សេចក្តីទុក្ខដែលកម្ពុជាកំពុងជួបប្រទះនាពេលនេះគឺដោយសារតែរដ្ឋាភិបាលកម្ពុជាខ្លួនឯង បានចាប់ផ្តើមវាទាំងអស់ តាំងពីបង្កើតស្ថានការណ៍ ដោយដុតព្រះពន្លាដែលជាទីសក្ការៈរបស់ថៃ និងទន្ទ្រានចូលទឹកដីថៃ។
លោកបន្តថា ៖ ថៃមិនដែលចាត់វិធានការណាមួយជាមុនទេ គ្រាន់តែគិតស្រាលពេក ហើយកម្ពុជាក៏ចាប់ផ្តើមសងសឹកជាមួយនឹងវិធានការដែលបង្កបញ្ហាដល់ប្រជាពលរដ្ឋខ្មែរខ្លួនឯង។ ដំបូងចោ.ទថៃថានឹងកាត់ផ្តាច់ចរន្តអគ្គិសនី ដូច្នេះកម្ពុជាក៏កាត់ផ្តាច់អគ្គិសនីឲ្យបានមុន ហើយត្រឡប់ទៅប្រើអគ្គិសនីដែលផលិតក្នុងប្រទេសវិញ។ ទាក់ទងនឹងរឿងអគ្គិសនីនេះ កម្ពុជាបានផ្អាកការប្រើប្រាស់អគ្គិសនីពីប្រទេសថៃ ប៉ុន្តែថៃនៅតែគោរពតាមកិច្ចព្រមព្រៀងផ្គត់ផ្គង់អគ្គិសនីរវាងគ្នានឹងគ្នាដូចធម្មតា មិនកាត់ផ្តាច់ចរន្តអគ្គិសនីដូចកម្ពុជាបានប្រកាសនោះទេ។
ជាមួយគ្នានេះ លោក Wanchana បានអះអាងថា ៖ ចំពោះសំណួរដែលថា តើថៃមានវិធានការកាត់ផ្តាច់ចរន្តអគ្គិសនីកម្ពុជាដែរឬអត់នោះ ចម្លើយគឺបាទ នឹងធ្វើមែន ដែលវាជាវិធានការរួមនឹងវិធានការផ្សេងទៀត ដែលនឹងត្រូវដាក់ចេញតាមស្ថានភាពជាក់ស្ដែង។ ប៉ុន្តែការអនុម័តកាត់ផ្តាច់ចរន្តអគ្គិសនីត្រូវតែមានការយល់ព្រមដោយសភាជាមុនសិន។
ក្រៅពីនេះ ថ្នាក់ដឹកនាំកម្ពុជាក៏ប្រតិកម្មខ្លាំងពេលថៃថាចង់កាត់អ៊ីនធឺណិត កម្ពុជាក៏ឈប់ប្រើអ៊ីនធឺណេតថៃដោយខ្លួនឯងតែម្ដង ថែមទាំងបិទមិនឲ្យមើលរឿងថៃ ឬមិនប្រើផលិតផលថៃជាដើម។ កម្ពុជាបានប្រាប់ពលរដ្ឋខ្លួន ឲ្យឈប់មកទទួលសេវាព្យាបាលនៅខាងថៃ (ប៉ុន្តែថៃនៅតែត្រៀមខ្លួនជួយ បើមានអាសន្ន ថៃអាចទទួលបានគ្រប់ពេល ដូចដែលបានកើតឡើងកន្លងមក)។ ចំណែករឿងទាក់ទងនឹងសិស្សសាលាឆ្លងកាត់ទៅរៀន ថៃតែងតែសប្បាយចិត្តក្នុងការផ្តល់ការអប់រំដល់ពួកគេជានិច្ច។

អ្វីដែលកាន់តែលើស គឺនៅពេលដែលកងទ័ពអាកាសថៃ បានធ្វើពិនិត្យក្នុងការត្រៀមលក្ខណៈសាកល្បងដ្រូននោះ មេដឹកនាំកម្ពុជាបានប្រកាសថានឹងផ្តល់រង្វាន់ដល់ទាហានកម្ពុជារូបណា ដែលអាចបា.ញ់ទម្លាក់ដ្រូនរបស់ថៃទៅវិញ។ រីឯរឿងថៃគិតចង់កាត់ប្រេងឥន្ធនៈ កម្ពុជាស្រាប់តែឈប់នាំចូលពីប្រទេសថៃឲ្យបានមុនដែរ និងថាទៅថ្ងៃខាងមុខនឹងប្រើប្រេងនាំចូលដោយក្រុមហ៊ុនផ្តាច់មុខនៅកម្ពុជាវិញ។
ចុងក្រោយនេះ នៅពេលដែលថៃកំណត់ពេលវេលាច្រកព្រំដែន កម្ពុជាក៏បានកំណត់ពេលវេលាឲ្យត្រួតស៊ីគ្នា បង្ករភាពររអាក់រអួលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមព្រំដែន។ ដោយគ្រាន់តែគិតស្រាលៗបែបនេះ ក៏អាចយល់បានថាមេដឹកនាំកម្ពុជាបានដើរហួសផ្លូវហើយជៀសមិនរួចពីការបង្កបញ្ហាដល់ប្រជាជនកម្ពុជានោះទេ៕










