សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងពិចារណា ផ្តល់ប្រាក់រង្វាន់ដល់ទាហានខ្មែរ ដែលបាញ់ទម្លាក់យន្តហោះចម្បាំង និងកម្ទេចរថក្រោះ ក្នុងករណីមានការឈ្លានពានសត្រូវ។
ថ្លែងក្នុងការអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ “ខ្ញុំកំពុងគិតគូផ្តល់រង្វាន់ ដល់បងប្អូនកងទ័ពយើង ដែលបាញ់បាញ់កម្ទេចរថក្រោះ និងយន្តហោះចម្បាំងថៃ ព្រោះអីខ្ញុំឃើញគេយកមកសម្ញែង តាមបន្ទាត់ព្រំដែន និងអួតនៅលើបណ្តាញសង្គម”។
សម្តេចធិបតី បានបន្ថែមថា៖” ការនិយាយនេះមិនមានជាការប្រមាថ ព្រោះអ្នកបានគំរាមដាក់យើង ដោយថានឹងបាញ់ទ័ពខ្មែរយើង យកទៅធ្វើជី”។
គួរបញ្ជាក់ថា កម្ពុជា មានសព្វាវុធគ្រប់គ្រាន់ក្នុងការការពារប្រទេស ដែលមានទាំងកាំភ្លើងបាញ់យន្តហោះ, កាំភ្លើងការពាររថក្រោះ និងកម្លាំងជួរមុខដ៏ស្វាហាប់ ដែលត្រៀមជាស្រេច ជាមួយនឹងឆន្ទៈមោះមុតការពារទឹកដី៕










