ប្រទេសថៃ ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ពេលរសៀល នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ មានគម្រោងចុះសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់កងកម្លាំងស៊ុណារី នៅស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី ។ ការមកជួបកងទ័ពនេះស្របពេលពលរដ្ឋទាមទារឱ្យលោកស្រីទទួលខុសត្រូវរឿងការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយការលាលែងពីតំណែង ។ នេះបើតាមការលើកឡើងរបស់លោក ចេរ៉ាយុ ហួងសាប់ អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី ។.jpg)
ក្រោយការបែកធ្លាយកិច្ចសន្ទនាធ្វើឱ្យពលរដ្ឋថៃខកចិត្តទៅលើនាយករដ្ឋមន្ត្រីរបស់ខ្លួន ដែលនិយាយថារដ្ឋាភិបាលថៃមានគោលជំហរខុសគ្នាជាមួយមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ។ ពលរដ្ឋថៃបានបង្ហាញការគាំទ្រមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង និងទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង ហើយពលរដ្ឋថៃក៏បានផ្តល់កម្លាំងចិត្តដល់កងទ័ពនៅព្រំដែនកម្ពុជា-ថៃ នៅស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី ដោយការផ្តល់សម្ភារៈផ្សេងៗ និងស្បៀងអាហារ ។
ចំណែកមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ប្រាប់ថា ពុំបានខឹងសម្បារអ្វីជាមួយលោកស្រី ផេថងថាន ទេ ហើយលោកនៅតែបំពេញភារកិច្ចការពារអធិបតេយ្យជាតិដដែល រីឯការដឹកនាំប្រទេស គឺជាតួនាទីរបស់រដ្ឋាភិបាល ។
លោកស្រី ផេថងថាន នឹងធ្វើដំណើរដោយឧទ្ធម្ភាគចក្រមកដល់ស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី នាវេលាម៉ោង១រសៀលថ្ងៃទី២០ ខែមិថុនា ។ បន្ទាប់មក លោកស្រីនឹងជិះរថយន្តបន្តទៅកាន់មូលដ្ឋានកងទ័ពដើម្បីសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់កងកម្លាំងស៊ុណារី ។ ការចុះមកកាន់មូលដ្ឋានកងទ័ពនេះ គឺអាចចំណាយពេលប្រមាណ៤០នាទី រួចហើយ លោកស្រីនឹងត្រឡប់ទៅទីក្រុងបាងកកវិញ ។

មេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ក៏មានគម្រោងធ្វើដំណើរទៅខេត្តឧប៊ុនរ៉ាជថានី នាវេលាម៉ោង១រសៀលថ្ងៃដដែលផងដែរ ដើម្បីសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់កងកម្លាំងស៊ុណារី ដែលបំពេញភារកិច្ចនៅព្រំដែន ។
បើតាមលោក ចេរ៉ាយុ ហួងសាប់ អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី គឺការមកសួរសុខទុក្ខកងទ័ពនៅព្រំដែន លោកស្រី ផេថងថាន នឹងស្តាប់បញ្ហា ការសំណូមពរផ្សេងៗ និងតម្រូវការរបស់កងទ័ព ដើម្បីឱ្យរដ្ឋាភិបាលកំណត់គោលនយោបាយឆ្លើយតបនឹងស្ថានការណ៍សន្តិសុខនៅតំបន់ព្រំដែនប្រកបដោយប្រសិទ្ធភាព ៕










