គម្រោងស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ត្រូវបានរាជរដ្ឋាភិបាល ប្រសិទ្ធនាម “ស្ពានតេជោសន្តិភាពឫស្សីជ្រុំ”។

ស្ពាននេះ មានកម្ពស់៩០ម៉ែត្រ ទទឹង១០ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដាចិនហាយវេកម្រិត៣ ដែលមានបន្ទុកចំនួន៥៥តោន ដោយចំណាយថវិកាអស់ ២២,៩២លានដុល្លារ។

ស្ពាលេខ ២៨ នេះត្រូវបានសាងសង់ដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដោយលាតសន្ធឹងលើជ្រលងទន្លេឬស្សីជ្រុំ ស្ថិតនៅភូមិឆាយលុក ឃុំអូរសោម ស្រុកវាលវែង តាមបណ្តោយផ្លូវជាតិលេខ ១០។

“ស្ពានតេជោសន្តិភាពឫស្សីជ្រុំ” គឺជាផ្នែកមួយនៃគម្រោងស្តារឡើងវិញផ្លូវជាតិលេខ ១០ ដែលមានប្រវែងសរុប ១៩៧,៣ គីឡូម៉ែត្រ តភ្ជាប់ខេត្តបាត់ដំបង និងខេត្តកោះកុង៕