ប្រទេសហ្វីលីពីន៖ មន្ត្រីប៉ូលីសនៅក្នុងប្រទេសហ្វីលីពីន ថ្មីៗនេះ ត្រូវបានគេផ្តល់សារដ៏តឹងរឹងមួយថា ត្រូវសម្រក់ទម្ងន់តាមស្ដង់ដារក្នុងរយៈពេលមួយឆ្នាំ បើមិនដូច្នោះទេនឹងត្រូវដកចេញពីតួនាទី។ អគ្គស្នងការនគរបាលជាតិហ្វីលីពីន (PNP) លោក Nicolas Torre III បានប្រកាសថា មន្ត្រីដែលលើសទម្ងន់ត្រូវតែសម្រកទម្ងន់ ដើម្បីរក្សាកម្លាំង។ លោកបាននិយាយថា ច្បាប់នេះអនុវត្តចំពោះមន្ត្រីប៉ូលិសគ្រប់គ្នា រាប់ចាប់ពីមន្ត្រីជាន់ខ្ពស់រហូតដល់អ្នកល្បាត ទាំងស្ត្រីនិងបុរស។ នេះបើតាមប្រភបសារព័ត៌មានក្នុងស្រុក The Philippine Star ចុះផ្សាយកាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥។

ឧត្តមសេនីយទោ Jean Fajardo អ្នកនាំពាក្យ PNP បាននិយាយថា “វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មន្រ្តីប៉ូលីសដើម្បីឱ្យមើលទៅសមរម្យ និងមានសុខភាពល្អ” ។ “វាបង្ហាញថាមានវិន័យនៅក្នុងអង្គភាពរបស់យើង។”
.png)
យោងតាមច្បាប់ដែលមានស្រាប់ (ច្បាប់សាធារណៈលេខ 6975) មន្ត្រីនគរបាលគួរថ្លឹងទម្ងន់មិនលើស ឬតិចជាងប្រាំគីឡូក្រាមពីទម្ងន់ស្តង់ដារសម្រាប់កម្ពស់ អាយុ និងភេទរបស់ពួកគេ។ មន្ត្រីដែលមានទម្ងន់ធ្ងន់ពេកនឹងមានពេលមួយឆ្នាំដើម្បីឈានទៅរកទម្ងន់ដែលមានសុខភាពល្អ។ ប្រសិនបើពួកគេបរាជ័យ ពួកគេនឹងត្រូវដកចេញពីក្របខណ្ឌប៉ូលិស។ សម្រាប់មន្ត្រីដែលឈឺ ឬមានស្ថានភាពសុខភាពមិនល្អ PNPកំពុងសម្លឹងមើលជម្រើសពីរ៖ គឺពួកគេអាចត្រូវបានផ្តល់ការងារនៅក្នុងការិយាល័យ ឬត្រូវចូលនិវត្តន៍ជាផ្លូវការក្រោមហេតុផលពិការភាព។ លោក Fajardo បានពន្យល់ថា មន្រ្តីប៉ូលីសអាចជ្រើសរើសវិធីផ្ទាល់ខ្លួន ដើម្បីបញ្ចុះទម្ងន់បាន។ គាត់បានបន្ថែមថា៖ «យើងនឹងមិនប្រាប់ពួកគេពីរបៀបហាត់ប្រាណ ឬរបបអាហារទេ ប៉ុន្តែយើងនឹងពិចារណាពីបញ្ហាវេជ្ជសាស្ត្រ»។

ក្រៅពីច្បាប់ស្ដីពីកាយសម្បទា ប្រធាន PNP ក៏កំពុងជំរុញឲ្យពេលវេលានៃឆ្លើយតបរបស់ប៉ូលិសកាន់តែលឿនផងដែរ។ លោក Torre ចង់ឱ្យមន្ត្រីប៉ូលីសទាំងអស់ឆ្លើយតបទៅនឹងការហៅទូរស័ព្ទបន្ទាន់ក្នុងរយៈពេលប្រាំនាទី ឬតិចជាងនេះ។ មេបញ្ជាការមួយចំនួននៅក្រុង Metro Manila និងខេត្តផ្សេងទៀតត្រូវបានដកចេញរួចហើយ ដោយសារតែការខកខានមិនបានបំពេញតាមគោលដៅ។

លោកប្រធានាធិបតី Ferdinand Marcos Jr. ថ្មីៗនេះបានឃើញការបង្ហាញពីរបៀបដែលប៉ូលីសឆ្លើយតបទៅនឹងការហៅទូរស័ព្ទ 911 ។ គាត់សប្បាយចិត្តដែលឃើញក្រុមប៉ូលីសមួយចំនួនអាចមកដល់កន្លែងក្នុងរយៈពេលត្រឹមតែបីនាទីប៉ុណ្ណោះ។ លោកបាននិយាយថានេះបង្ហាញថាកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អសុវត្ថិភាពសាធារណៈកំពុងដំណើរការល្អហើយ។
ជាមួយគ្នានេះដែរ PNP សង្ឃឹមថាការអនុវត្តច្បាប់ដែលមានស្រាប់ទាំងនេះនឹងកសាងកម្លាំងនគរបាលអោយកាន់តែរឹងមាំ លឿន និងប្រកបដោយវិជ្ជាជីវៈបន្ថែមទៀត៕
Home ព័ត៌មានអន្តរជាតិ







