ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ថា កម្ពុជានៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិដូង-បានឡែម (ខេត្តបាត់ដំបង-ខេត្តចន្ទបុរី) ដែលជាច្រកយុទ្ធសាស្ត្រដ៏សំខាន់របស់ថៃក្នុងការដឹកជញ្ជូនផ្លែឈើ និងធ្វើឱ្យអ្នកជំនួញថៃជួបការលំបាកយ៉ាងខ្លាំង ។ អ្នកជំនួញថៃនៅខេត្តចន្ទបុរី បានអង្វរទៅកាន់រដ្ឋាភិបាលរបស់ខ្លួនប្រញាប់សុំចរចាជាមួយកម្ពុជា និងបារម្ភពីការបិទច្រកទ្វារព្រំដែននៅតែអូសបន្លាយ ។

កាលពីថ្ងៃទី១៣ ខែមិថុនា នាយកសមាគមពាណិជ្ជកម្ម និងទេសចរណ៍ព្រំដែនកម្ពុជា-ថៃខេត្តចន្ទបុរី លោក រ៉ាត់ថាវីត តាំងគៀតផេត និយាយថា ច្រកទ្វារព្រំដែនអន្តរជាតិដូង-បានឡែម ស្ថិតនៅស្រុកប៉ូងណាមរ៉ន ខេត្តចន្ទបុរី ខាងប្រទេសថៃនៅតែបើកដំណើរការធម្មតា ប៉ុន្តែកម្ពុជាពុំទាន់បើកច្រកឱ្យរថយន្តដឹកទំនិញថៃ និងពុំទាន់អនុញ្ញាតឱ្យពលរដ្ឋថៃឆ្លងដែនទេ ។ ការបិទច្រកទ្វារព្រំដែនរបស់កម្ពុជាធ្វើឱ្យអ្នកជំនួញថៃនៅខេត្តចន្ទបុរី ងឿងឆ្ងល់យ៉ាងខ្លាំង ។
លោកយល់ថា កម្ពុជាអាចមើលឃើញច្រកទ្វារព្រំដែនអន្តរជាតិដូង-បានឡែម គឺជាច្រកយុទ្ធសាស្ត្រដ៏សំខាន់របស់ថៃក្នុងការដឹកជញ្ជូនផ្លែឈើ ជាពិសេស នៅរដូវផ្លែឈើថៃបាននាំចេញផ្លែទុរេន មង្ឃុត និងសាវម៉ាវយ៉ាងច្រើន ។ រីឯច្រកព្រំដែនផ្សេងៗដែលបិទហើយ គឺបានបើកឱ្យរថយន្តដឹកទំនិញ និងពលករកម្ពុជាឆ្លងដែន ប៉ុន្តែកម្ពុជានៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិដូង-បានឡែម មិនមែនថៃបិទទេ ។ រដ្ឋាភិបាលថៃគួរចរចាបញ្ហានេះជាមួយរដ្ឋាភិបាលកម្ពុជា វាមិនមែនជាបញ្ហារបស់ផ្នែកឯកជន ។
ទោះយ៉ាងណា ភាគីថៃបានរៀបចំចំណតរថយន្ត និងការលក់ដូរនៅបរិវេណខាងមុខច្រកព្រំដែនដើម្បីកុំឱ្យប៉ះពាល់ដល់ការលក់ដូរក្នុងផ្សារ ។ ភាគីថៃពុំបានបិទច្រកព្រំដែននេះទេ ហើយមានរថយន្តដឹកជញ្ជូនផ្លែឈើថៃរហូតដល់ជាង៩០គ្រឿងនៅកកស្ទះក្នុងទឹកដីកម្ពុជា ពុំទាន់អាចឆ្លងដែនត្រឡប់មកថៃវិញ ។
លោក រ៉ាត់ថាវីត និយាយថា បើការបិទច្រកទ្វារព្រំដែនអន្តរជាតិដូង-បានឡែមនៅតែអូសបន្លាយយូរទៀត វាអាចនឹងប៉ះពាល់ដល់ពលករកម្ពុជាខ្លួនឯងដែលមកធ្វើការផ្នែកផ្លែឈើនៅប្រទេសថៃ ប៉ុន្តែវាពុំប៉ះពាល់ធ្ងន់ធ្ងរទេករណីច្រកព្រំដែនផ្សេងទៀតបើកធម្មតា ។ ថៃរំពឹងថា កម្ពុជានឹងបើកច្រកទ្វារព្រំដែននេះដើម្បីឱ្យរថយន្តដឹកផ្លែឈើថៃដែលកកស្ទះនៅទឹកដីកម្ពុជាអាចត្រឡប់មកថៃវិញ ។

គួរបញ្ជាក់ថា អ្នកជំនួញថៃបានដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃៗឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិដូង-បានឡែម ទៅប្រទេសវៀតណាម ។ ការបិទច្រកនេះធ្វើឱ្យអ្នកជំនួញថៃជួបការលំបាក ដោយពួកគេចង់ឱ្យរដ្ឋាភិបាលថៃប្រញាប់ចរចាជាមួយកម្ពុជាបើកច្រកតាមធម្មតាឡើងវិញ ៕










