ប្រទេសថៃ ៖ ក្រោយការប៉ះទង្គិចដោយអាវុ.ធ រវាងកងទ័ពខ្មែរ និងថៃ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ខេត្តឧប៊ុនរ៉ាជធានី ប្រទេសថៃ ធ្វើឱ្យស្ថានការណ៍តាមបណ្តោយព្រំដែនប្រទេសទាំងពីរមានភាពតានតឹង ហើយថ្មីៗនេះ ពលរដ្ឋថៃបានចែកចាយរូបភាពហាងលក់ទំនិញមួយនៅថៃមិនស្វាគមន៍អតិថិជនខ្មែរ ។ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃឈ្មោះ ThaiNews ផ្សព្វផ្សាយថា ហាងលក់ទំនិញមួយនៅថៃបានដាក់ស្លាកហាមពលរដ្ឋខ្មែរចូលទិញដាច់ខាត ដោយហាងថៃនេះចោទប្រកាន់ថា មកពីកងទ័ពខ្មែរចូលក្នុងទឹកដីថៃ ។
ការប៉ះទង្គិចគ្នារវាងកងទ័ពខ្មែរ និងថៃ កើតឡើងដោយសារកងទ័ពថៃប្រើប្រាស់អាវុធមុនបាញ់មកលើកងទ័ពខ្មែរ ហើយបណ្តាលឱ្យកងទ័ពខ្មែរបាត់បង់ជីវិតម្នាក់ ប៉ុន្តែកងទ័ពថៃបែរជាថា ពួកគេគ្រាន់តែការពារខ្លួន និងការពារអធិបតេយ្យជាតិ ដោយសារកងទ័ពខ្មែរចូលក្នុងទឹកដីខ្លួន ។ រីឯពលរដ្ឋថៃមួយចំនួនបានប្រឹងបំភ្លៃព័ត៌មាន ឬផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យពលរដ្ឋថៃផ្សេងទៀតជឿជាក់លើព័ត៌មានក្លែងក្លាយ និងចែកចាយជាច្រើនក្នុងបណ្តាញសង្គម ។
ការចែកចាយព័ត៌មានក្លែងក្លាយ ឬបំប៉ោងស្ថានការណ៍ព្រំដែនរបស់ពួកជ្រុលនិយមថៃនេះ ធ្វើឱ្យពលរដ្ឋថៃផ្សេងទៀតយល់ច្រឡំមកពីលើកងទ័ពខ្មែរ និងពលរដ្ឋខ្មែរ ហើយពួកគេក៏មានគំនិតជាតិនិយមជ្រុល មានការរើសអើងជាតិសាសន៍ និងដាក់ស្លាកមុខហាងទំនិញមិនស្វាគមន៍ ឬមិនលក់ទំនិញឱ្យពលករខ្មែរធ្វើការនៅថៃ ។ ការរើសអើងបែបនេះ គឺដូចពេលកន្លងមកដែរ ពលរដ្ឋថៃធ្លាប់រើសអើងមិនលក់អាហារឱ្យពលករមីយ៉ាន់ម៉ាធ្វើការនៅថៃ និងធ្វើឱ្យពលករមីយ៉ាន់ម៉ាមិនពេញចិត្ត ។
ស្លាកសញ្ញានៅមុខហាងលក់ទំនិញសរសេរថា «ហាមខ្មែរចូលទិញទំនិញក្នុងហាងដាច់ខាត! ទីនេះ ប្រទេសថៃ» ។ ស្លាកសញ្ញាហាមឃាត់ត្រូវបានថតបង្ហោះចែកចាយពេញបណ្តាញសង្គមនៅប្រទេសថៃ ក្នុងនោះក៏មានហ្វេសប៊ុកផេករបស់ថៃមួយឈ្មោះ «World Forum ข่าวสารต่างประเทศ» ក៏បានចែកចាយស្លាកសញ្ញាហាមឃាត់ផងដែរ និងសរសេរថា អ្នកជិតខាងពិបាកយកចិត្ត ពលរដ្ឋខ្មែរក្នុងប្រទេសទើបតែនាំគ្នាឈប់ទិញទំនិញថៃ ។
ពលរដ្ឋថៃមានគំនិតជ្រុលនិយមបែបនេះ ដោយសារពួកគេជឿជាក់លើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាច្រើនក្នុងបណ្តាញសង្គម ដែលមានគំនិតអគតិមកលើប្រទេសជិតខាង ។ ទោះជាអ្នកដឹកនាំថៃអំពាវនាវឱ្យពលរដ្ឋឈប់បង្ហោះព័ត៌មានក្លែងក្លាយ ប៉ុន្តែនៅតែមានការបង្ហោះមិនឈប់ឈរ ។
គួរបញ្ជាក់ថា សមត្ថកិច្ចថៃមកពីនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មបច្ចេកវិទ្យាបានចា.ប់ខ្លួនស្ត្រីម្នាក់នៅខេត្តឧប៊ុនរ៉ាជថានី ពីករណីបង្ហោះព័ត៌មានក្លែងពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលបង្កការភ័យស្លន់ស្លោ និងមានពលរដ្ឋថៃរាប់រយជឿជាក់លើព័ត៌មាននេះចុច Like យ៉ាងច្រើន ។ ជនល្មើសសារព័ត៌មានថា ខ្លួនមានគំនិតលម្អៀងពាក់ព័ន្ធនឹងជម្លោះព្រំដែន ៕










