នៅព្រឹកថ្ងៃទី ១២ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថាស្ត្រីជនជាតិចិនម្នាក់ ក្នុងវ័យ ៣០ ឆ្នាំត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីព្យាយាមលួចចូលទៅក្នុងផ្ទះ របស់ Jungkook សមាជិកក្រុម BTS ។

ប៉ូលិសត្រូវបានហៅទៅផ្ទះរបស់ Jungkook នៅម៉ោងប្រហែល ១១:២០យប់ថ្ងៃទី១១ ខែមិថុនា បន្ទាប់ពីស្ត្រីរូបនោះព្យាយាមចុចលេខកូដទ្វារមុខជាច្រើនដង។ស្ត្រីរូបនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទរំលោភបំពាននៅគេហដ្ឋានរបស់ Jungkook ។ ស្រ្តីជនជាតិ ចិន បានប្រាប់ ប៉ូលិសថា មូលហេតុដែលខ្លួនធ្វើបែបនេះគឺដោយសារតែចង់ជួប Jungkook បន្ទាប់ពីលោកត្រូវបានចេញពីយោធាកាលពីថ្ងៃទី១១ នេះ។

នៅព្រឹកថ្ងៃទី ១១ខែមិថុនា សមាជិកក្រុម BTS ពីររូបគឺ Jimin និង Jungkook ត្រូវបាន រំសាយចេញពីជួរយោធា។ អ្នកសារព័ត៌មាន និងអ្នកគាំទ្រជាច្រើនមានវត្តមាន នៅកីឡដ្ឋាន Yeoncheon Public Stadium ដើម្បីស្វាគមន៍សមាជិក BTS ទាំងពីរ។ Suga ជាសមាជិកចុងក្រោយរបស់ BTS ដែលនឹងចេញពីយោធានៅថ្ងៃទី ២១ ខែមិថុនា។

ប៉ុន្មានថ្ងៃមុនពេលសមាជិក V, RM, Jungkook និង Jimin ត្រូវបានរំសាយចេញ ពីជួរយោធា ភាគហ៊ុនរបស់ HYBE Group បានកើនឡើងបើទោះបីជាថ្មីៗនេះ មានការចម្រូងចម្រាសជុំវិញការចោទប្រកាន់ពីប្រតិបត្តិការក្លែងបន្លំដោយប្រធាន Bang Si Hyuk ក៏ដោយ។
អ្នកជំនាញនិយាយថាការកើនឡើងនៃភាគហ៊ុន HYBE បង្ហាញពីការរំពឹងទុករបស់អ្នក វិនិយោគ សម្រាប់ការត្រឡប់មកវិញរបស់ BTS ។ Kim Heon Sik អ្នករិះគន់វប្បធម៌ប៉ុប បាននិយាយថា BTS បានពង្រឹងភាពស៊ី សង្វាក់គ្នារបស់ពួកគេ សូម្បីតែក្នុងអំឡុងពេល សម្រាកយោធា ហើយអ្នកគាំទ្ររបស់ពួកគេនៅតែរឹងមាំ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយបានព្យាករណ៍ថា BTS ប្រហែលជាមិនត្រឡប់មកវិញនៅឆ្នាំនេះទេ៕










