ប្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ថា បច្ចុប្បន្ន មុខរបរលក់ចំណីអាហារតាមផ្លូវ១ក្នុងចំណោម៣មុខរបរនៅប្រទេសថៃបានបិទលែងដំណើរការ ដោយសារពុំទទួលប្រាក់ចំណូល និងពុំអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យល្អប្រសើរក្រោយពីបាត់បង់ភ្ញៀវទេសចរចិន ។ សេដ្ឋកិច្ចថៃធ្លាក់ចុះបណ្តាលឱ្យការលក់ចំណីអាហារស្ងប់ស្ងាត់គ្មានអ្នកទិញ ពលរដ្ឋជំពាក់បំណុល ដែលបញ្ហានេះនឹងមានផលប៉ះពាល់ដល់សហគ្រាសធុនតូច និងមធ្យមផងដែរ ។.png)
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោក សរ៉ាថេប រ៉ូផាត់ចាណារ៉ាត់សាទីព នាយកសមាគមអាជីវកម្មភោជនីយដ្ឋាន និងទីប្រឹក្សាកិត្តិយសនៃសមាគមសណ្ឋាគារថៃនិយាយថា អាជីវកម្មភោជនីយដ្ឋាននៅត្រីមាសទី២ ឆ្នាំនេះធ្លាក់ចុះខ្លាំងជាងត្រីមាសទី១ ។ ក្រៅពីនេះ អាជីវកម្មភោជនីយដ្ឋានបានជាប់ចំណាត់ថ្នាក់ក្នុងអាជីវកម្មដែលបិទលែងដំណើរការច្រើនបំផុត ។

អ្វីគួរឱ្យភ្ញាក់ផ្អើល និងបារម្ភបំផុត គឺអាជីវកម្មលក់ចំណីអាហារតាមផ្លូវ (Street foods) បានបិទលែងដំណើរការ ឬរកស៊ីខាតច្រើនបំផុត ហើយបញ្ហានេះនឹងរាលដាលដល់សហគ្រាសធុនតូច និងមធ្យម (SMEs ) ។ យើងសង្កេតឃើញថា ហាងលក់ចំណីអាហារតាមតំបន់ទេសចរណ៍ និងកន្លែងផ្សេងៗបានដាក់ស្លាកលក់អាជីវកម្មជាច្រើន ។ ផលប៉ះពាល់សម្រាប់អាជីវកម្មភោជនីយដ្ឋាន គឺសមាគមម្ចាស់អាជីវកម្មម្ហូបអាហារបានស្នើឱ្យរដ្ឋាភិបាលដោះស្រាយតាំងពីចុងឆ្នាំ២០២៤ ពីព្រោះអាជីវកម្មអាហារនឹងបិទទ្វារបន្តបន្ទាប់ទៀត ប៉ុន្តែរដ្ឋាភិបាលគ្មានគោលនយោបាយជំរុញសេដ្ឋកិច្ច ឬជួយអាជីវកម្មអាហារទេ ។ បញ្ហាធំដែលអាជីវកម្មភោជនីយដ្ឋានប្រឈម គឺការទិញអាហាររបស់ពលរដ្ឋធ្លាក់ចុះ១៤% និងភ្ញៀវទេសចរចិនធ្លាក់ចុះ៣៥% ។

បញ្ហាសំខាន់មួយទៀត គឺតម្លៃបន្លែ ត្រីសាច់ និងគ្រឿងផ្សំអាហារកើនឡើងខ្ពស់ រហូតដល់អ្នកលក់អាហារជាច្រើនពុំអាចប្រកបរបរលក់ដូរបន្តទៀត និងបិទទ្វារជាច្រើន ហើយគ្មានភោជនីយដ្ឋានបើកថ្មី ។ បញ្ហានេះដោយសារគ្រឿងផ្សំឡើងថ្លៃ ដូចជា ៖ ប្រេងសណ្តែក ស្ករ បន្លែ សាច់ជ្រូក ស៊ុត ហើយសូម្បីតែអគ្គិសនីក៏ឡើងថ្លៃដែរ ។.png)
មិនមែនមានតែអាជីវកម្មភោជនីយដ្ឋាន និងមុខរបរលក់ចំណីអាហារតាមផ្លូវទេដែលប្រឈមនឹងការខាតបង់ គឺអ្នកលក់ដូរទំនិញក្នុងផ្សារក៏រងផលប៉ះពាល់ដូចគ្នា ពីព្រោះភោជនីយដ្ឋានគ្មានភ្ញៀវ ទំនិញក្នុងផ្សារក៏លក់លែងដាច់ ។ លើសពីនេះ វាប៉ះពាល់ដល់បុគ្គលិកធ្វើការផ្នែកអាហារ ដូចជា ៖ បុគ្គលិកដឹកជញ្ជូនតាមម៉ូតូ ខណៈរ៉ឺម៉កកង់៣គ្មានអ្នកជិះ ឬមានភ្ញៀវតិចតួច ។
បច្ចុប្បន្ន អាជីវកម្មភោជនីយដ្ឋានពុំជួលបុគ្គលិកបន្ថែមទៀត ហើយបើមានបុគ្គលិកណាឈប់ ភោជនីយដ្ឋានពុំជ្រើសរើសបុគ្គលិកថ្មីទេ ។ វាគួរឱ្យបារម្ភណាស់ ពីព្រោះពលរដ្ឋថៃជំពាក់បំណុលរហូតដល់១០៤% ហើយពេលពលរដ្ឋគ្មានការងារធ្វើកាន់តែច្រើន វាមិនត្រឹមតែធ្វើឱ្យថៃមានបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក្លាយជាបញ្ហាសង្គម ។ នេះបើតាមការលើកឡើងរបស់លោក សរ៉ាថេប នាយកសមាគមអាជីវកម្មភោជនីយដ្ឋាន ៕










