កាលពីកន្លងមកថ្មីៗនេះ ពេជ្រ សូលីកា បានធ្វើឱ្យស្រទាប់មហាជនចាប់អារម្មណ៍បន្ទាប់ពី តារាចម្រៀងរូបនេះនិងបុរសខ្ពស់សង្ហាម្នាក់បណ្តើរគ្នាចូលរួមកម្មវិធីមង្គលការ។ ទោះយ៉ាងណាបន្ទាប់ពីមហាជនសង្ស័យខ្លាំងពេកពីទំនាក់ទំនងស្រាប់តែ សូលីកា ចេញមកបញ្ជាក់ច្បាស់ៗតែម្តងថានាងនៅ Single ទេ។
កាលពីថ្ងៃទី១០ មិថុនា តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះសំណេរមួយថា «ខ្ញុំ single ទេ កុំសង្ស័យច្រើនពេក ខូច credit ចែអស់ហើយ»។ សំណេរខ្លីមួយនេះរបស់ ពេជ្រ សូលីកា គឺជម្រះពាក្យចចាមអារ៉ាមថ្មីៗនេះបន្ទាប់ពីមហាជនមានការ សង្ស័យថានាងកំពុងមានទំនាក់ទំនងស្នេហាថ្មីបន្ទាប់ពីស្ពាយឈ្មោះជាស្រីមេម៉ាយទុកបេះដូងទំនេរ។
ការសង្ស័យរបស់មហាជនគឺបន្ទាប់ពីគេបានឃើញ ពេជ្រ សូលីកា និងបុរសម្នាក់បាន បណ្តើរគ្នាចូលរួមកម្មវីធីមង្គលការរបស់មិត្តសម្លាញ់គឺតារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត។ វីដេអូនិងរូបភាពរបស់នាងនិងបុរសនោះត្រូវបានចែករំលែកនៅលើបណ្តាញសង្គម រហូតអ្នកមួយចំនួនបាននិយាយថាធ្លាប់ជួបអ្នកទាំងពីរនៅព្រលានយន្តហោះ ខណៈអ្នកខ្លះចែករំលែកថាអ្នកទាំងពីរគឺជាមិត្តភក្តិនឹងគ្នា។

សកម្មភាពរបស់ ពេជ្រ សូលីកា ចេញមកជម្រះពាក្យចចាមអារ៉ាមបង្ហាញថាខ្លួនគ្មាន ទំនាក់ទំនងស្នេហានេះគឺដើម្បីកុំឱ្យមានរឿងវែងឆ្ងាយមហាជននៅសង្ស័យច្រើន។ ទោះយ៉ាងណា ការចេញមុខរបស់នាងគេក៏បាននឹកឃើញអំឡុងពេល ពេជ្រ សូលីកា និង ជុងយាន មានភាពស្និទ្ធិស្នាលនឹងគ្នាកាលពីឆ្នាំ២០២៣ រហូតផ្ទុះពាក្យចចាមអារ៉ាមថាមួយគូនេះកំពុងបង្កាត់ភ្លើងស្នេហ៍។ ពេលនោះ ពេជ្រ សូលីកា ហាក់បីដូចជាមិនបានចេញមកបដិសេធទេ ប៉ុន្តែបានចេញមកព្រលះវិញបន្ទាប់ពី ជុងយាន រងការរិះគន់ក្រោយបង្ហោះវីដេអូហិតក្លៀករបស់ ពេជ្រ សូលីកា។
បច្ចុប្បន្ននេះ ពេជ្រ សូលីកា មិនស្ថិតក្រោមផលិតកម្មណាមួយឡើយប៉ុន្តែសន្ទុះ ប្រជាប្រិយភាព របស់នាងនៅតែមានហើយថែមទាំងមានការប្រគំតន្រ្តីផ្ទាល់ខ្លួនថែមទៀត។ បទចម្រៀង ពេជ្រ សូលីកា ទម្លាក់នៅលើទីផ្សារភាគច្រើនគឺជាបទបែបក្រៀមក្រំ ខូចចិត្តនឹងស្នេហា៕










