សម្តេចធិបតីហ៊ុន ម៉ាណែត បានលើកឡើងពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ប្រាប់ប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ដោយក្នុងនោះបារាំង សន្យានឹងផ្តល់ឯកសារនានា និងផែនទី បើសិនមានការស្នើសុំ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ១២ មិថុនា ឆ្នាំ២០២៥ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និង សហប្រតិបត្តិការអន្តរជាតិបានលើកឡើងថា៖” កាលដែលសម្តេចធិបតី លើកឡើងបញ្ហាព្រំដែន ប្រាប់មេដឹកនាំបារាំង គឹដើម្បីបញ្ជាក់ពីគោលជំហររបស់កម្ពុជាតែប៉ុណ្ណោះ គ្មានគោលដៅផ្សេងនោះទេ”។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានសង្កត់ធ្ងន់ទៀតថា៖”កម្ពុជា បានសម្រេចរួចហើយ ដោយនឹងយកបញ្ហាប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)”។

ក្នុងនោះ កម្ពុជា ក៏ប្រកាន់ជំហរ បន្តសហការ ជាមួយ ភាគីថៃ ដើម្បីជំរុញការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនដែលនៅសេសសល់ដោយប្រើប្រាស់យន្តការដែលដែលមានស្រាប់ យន្តការគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃដដែល៕