នៅក្នុងកិច្ចប្រជុំជាតិដ៏សំខាន់មួយប្រព្រឹត្តទៅនៅទីក្រុង Saskatoon នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានជួបជាមួយមេរដ្ឋមន្រ្តីទាំង ១០ រដ្ឋ ដើម្បីពិភាក្សា និងផ្ដួចផ្ដើមផែនការជាតិថ្មី សម្រាប់ដំណើរការនិងអនុម័តគម្រោងឧស្សាហកម្មធំៗ ដោយគោលបំណងចម្បងដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចេញទៅសហរដ្ឋអាមេរិក និងជម្រុញការលូតលាស់សេដ្ឋកិច្ចក្នុងស្រុក។នេះបើតាមប្រភពសារព័ត៌មាន រ៉យទ័រ។
.jpg)
លោក Carney បាននិយាយថា ពេលវេលានៃការអនុម័តបច្ចុប្បន្នសម្រាប់គម្រោងធំៗដូចជា អភិវឌ្ឍន៍ថាមពល ការរុករករ៉ែ និងបណ្តាញដឹកជញ្ជូន អាចត្រូវការរយៈពេលពី ៥ ទៅ ១០ ឆ្នាំ មុននឹងអាចដំណើរការបាន។ ដោយឡែក លោកបានស្នើឲ្យកាត់បន្ថយពេលវេលានេះចុះមកត្រឹម ២ ឆ្នាំប៉ុណ្ណោះ សម្រាប់គម្រោងដែលត្រូវបានកំណត់ថាជាគម្រោង “ផលប្រយោជន៍ជាតិ”។ រដ្ឋាភិបាលសហព័ន្ធនឹងមានតួនាទីក្នុងការជ្រើសរើសគម្រោងទាំងនេះ ហើយសហការជាមួយរដ្ឋាភិបាលខេត្តនីមួយៗសម្រាប់ការអនុវត្ត។.jpg)
លោក Carney បានបញ្ជាក់ថា ការបញ្ចេញយុទ្ធសាស្ត្រថ្មីនេះមិនត្រឹមតែផ្តោតលើសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាជំហានមួយក្នុងការរឹតបន្តឹងឯករាជ្យភាពនយោបាយ និងពាណិជ្ជកម្មរបស់ប្រទេសកាណាដាផងដែរ។ ការជួបប្រជុំនេះកើតឡើងក្នុងស្ថានភាពដែលសហរដ្ឋអាមេរិកកំពុងដាក់ពន្ធលើទំនិញនាំចេញពីកាណាដាជាច្រើនប្រភេទ រួមទាំងថាមពល និងធនធានធម្មជាតិ។

ទោះជាយ៉ាងណា ការខ្វែងគំនិតគ្នាខាងផ្នែកនយោបាយ ក្នុងចំណោមខេត្តនានាបានលេចឡើងយ៉ាងឆាប់រហ័ស។ ខេត្ត Alberta បានបញ្ជាក់ជាច្បាស់ថាពួកគេចង់អោយមានការជម្រុញនិងគាំទ្រគម្រោងបំពង់បង្ហូរប្រេង (bitumen pipeline) ទៅឆ្នេរសមុទ្រខាងលិច ដើម្បីបង្កើនសមត្ថភាពនាំចេញទៅទីផ្សារពិភពលោក។ ផ្ទុយទៅវិញ រដ្ឋ British Columbia បានសម្ដែងការប្រឆាំង ដោយលើកឡើងពីការព្រួយបារម្ភខាងបញ្ហាបរិស្ថាន និងសិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិច 
ក្រុមជនជាតិដើមនៅក្នុងប្រទេសកាណាដា ក៏បានលើកឡើងពីការបារម្ភថា ការពន្លឿនដំណើរការនេះប្រហែលជាអាចរំលោ.ភសិទ្ធិដីធ្លីដូនតារបស់ពួកគេ បើគ្មានការពិភាក្សាដែលសមរម្យនិងមានការចូលរួមពិតប្រាកដ។ ពួកគេចង់ឲ្យរដ្ឋាភិបាលធានាឲ្យមានការចូករួមប្រកបដោយអត្ថន័យ និងការគោរពយ៉ាងពេញលេញចំពោះសន្ធិសញ្ញា និងសិទ្ធិរដ្ឋធម្មនុញ្ញ

លោក Carney បានសង្កត់ធ្ងន់ថា “កាណាដាចង់ក្លាយជាប្រទេសដែលអាចផ្គត់ផ្គង់ធនធានជាស្របច្បាប់ និងច្បាស់លាស់ទៅឲ្យពិភពលោក ប៉ុន្តែយើងត្រូវធ្វើវាក្នុងរយៈពេលសមស្រប។ យើងមិនអាចបន្តរង់ចាំរយៈពេលជាច្រើនឆ្នាំនោះទៀតទេ។”

គួរបញ្ជាក់ថា ការចាប់ផ្ដើមនៃផែនការនេះអាចក្លាយជាចំណុចប្រែប្រួលសំខាន់មួយសម្រាប់ទិសដៅសេដ្ឋកិច្ចរបស់កាណាដា។ ទោះជាយ៉ាងណាក៏ដោយ សមត្ថភាពក្នុងការសម្របសម្រួលនយោបាយ ការគោរពសិទ្ធិជនជាតិដើម និងការជ្រើសរើសគម្រោងយ៉ាងយកចិត្តទុកដាក់ នឹងជាសក្តិភាពសំខាន់សម្រាប់ភាពជោគជ័យរបស់គម្រោងទាំងនេះនៅពេលអនាគត៕










