ប្រទេសថៃ ៖ សារព័ត៌មាន Thairath រាយការណ៍កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ថា សមត្ថកិច្ចថៃបានចា.ប់ខ្លួនអ្នកស្រី អាន់ឈូលី ផិកឆារ៉ាត់ ឬគ្រូពេទ្យអេ គឺជាគ្រូពេទ្យតម្រួតដ៏ល្បីនៅប្រទេសថៃ ពីករណីលួ.ចលក់ថ្នាំងងុយដេកកម្រិតខ្លាំង (Alprazolam) ទៅឱ្យគ្លីនិក១១កន្លែង ដោយទទួលបានប្រាក់ចំណូលរហូតដល់ជាង៨០លានបាត ។

កាលពីថ្ងៃទី១០ ខែមិថុនា កន្លងមក លោក កងទ្រី ថាណាគ្រីត ជីតអារីរ៉ាត់ ជំនួយការរដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលថៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធមកពីរដ្ឋបាលចំណីអាហារ និងឱសថ, ភ្នាក់ងារបង្ក្រាបគ្រឿងញៀន, នាយកដ្ឋានគាំទ្រសេវាសុខភាព និងសមត្ថកិច្ចប្រឆាំងគ្រឿងញៀន បានសហការគ្នាចុះត្រួតពិនិត្យបន្ទប់ក្នុងអគារអន្តេវាសិកដ្ឋានប៉ូលិសមួយកន្លែងក្នុងតំបន់ផាយ៉ាថៃ ទីក្រុងបាងកក ក្រោយរកឃើញថា គ្លីនិកជាច្រើនបានកុម្ម៉ង់ទិញថ្នាំ Alprazolam ឬថ្នាំងងុយដេក ឬថ្នាំរំលោភពីកន្លែងនេះ ។.png)
តាមការស៊ើបអង្កេត គឺអ្នកស្រី អាន់ឈូលី ផិកឆារ៉ាត់ ឬគ្រូពេទ្យអេ ជាគ្រូពេទ្យតម្រួតបានកុម្ម៉ង់ទិញថ្នាំពីរដ្ឋបាលចំណីអាហារ និងឱសថ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ក្នុងទឹកប្រាក់១៥លានបាត ។ បន្ទាប់មក រដ្ឋបាលចំណីអាហារ និងឱសថ សង្កេតឃើញភាពខុសប្លែក ក៏ទាក់ទងទៅសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យឃើញថា អ្នកស្រី អាន់ឈូលី បានចែកចាយថ្នាំនេះទៅឱ្យគ្លីនិក១១កន្លែង ដោយទទួលបានចំណូលរហូតដល់ជាង៨០លានបាត ។

ក្នុងបន្ទប់ស្នាក់នៅរបស់អ្នកស្រី អាន់ឈូលី ក្នុងអគារអន្តេវាសិកដ្ឋានប៉ូលិស គឺមានថ្នាំ Alprazolam មួយចំនួនធំដែលមានបុរសម្នាក់មើលការខុសត្រូវ ទើបសមត្ថកិច្ចចាប់ខ្លួនបុរសនេះយកទៅសួរចម្លើយ រីឯអ្នកស្រី អាន់ឈូលី គឺសមត្ថកិច្ចចាប់ខ្លួនបានក្នុងលំនៅឋាន និងបញ្ជូនទៅសួរចម្លើយដូចគ្នា ។ ថ្នាំ Alprazolam ដែលសមត្ថកិច្ចរឹបអូសបាន គឺមានកម្រិតខ្លាំងប្រភេទទី២ និងទី៤ ដែលរដ្ឋបាលចំណីអាហារ និងឱសថបញ្ជាក់ថា បើប្រើប្រាស់ថ្នាំនេះខុសនឹងមានគ្រោះថ្នាក់ដល់សង្គម ។
សមត្ថកិច្ចបានប្រមូលភស្តុតាង និងស៊ើបអង្កេតឃើញថា មានការលក់ថ្នាំ Alprazolam ជាបណ្តាញ ដោយឱ្យបុគ្គលខាងក្រៅចូលមកស្នាក់នៅក្នុងបន្ទប់អគារអន្តេវាសិកដ្ឋានប៉ូលិស និងលក់ថ្នាំក្នុងបន្ទប់ ។ ក្រៅពីនេះ នៅមានឯកសារការទិញថ្នាំពីរដ្ឋបាលចំណីអាហារ និងឱសថ ដែលបញ្ជាក់ពីការបង់ប្រាក់ និងបញ្ជូនថ្នាំ ដែលភស្តុតាងទាំងនេះ គឺគ្រប់គ្រាន់សម្រាប់ដាក់ទោសជនល្មើស ។
.png)
អ្នកស្រី អាន់ឈូលី មានទោសជាច្រើនករណី ដូចជា ៖ អនុញ្ញាតឱ្យបុគ្គលខាងក្រៅមកស្នាក់ក្នុងបន្ទប់អគារអន្តេវាសិកដ្ឋានប៉ូលិស, ប្រព្រឹត្តខុសមាត្រា១៥៧ និងល្មើសក្នុងការចែកចាយថ្នាំមានកម្រិតខ្លាំងប្រភេទទី២ និងទី៤ ដែលមានទោសដូចគ្នានឹងការជួញដូរថ្នាំញៀន ។ ក្រៅពីនេះ អ្នកស្រីមានទោសពីបទរក្សាលុយកខ្វក់ដែលភ្នាក់ងារជំនាញត្រូវរឹបអូសទ្រព្យសម្បត្តិបន្តទៀត ។
ចំណែកគ្លីនិក១១កន្លែង គឹមានម្ចាស់ផ្សេងៗគ្នាដែលសមត្ថកិច្ចនឹងស៊ើបអង្កេតយ៉ាងលម្អិតម្តងទៀតថា តើគ្រូពេទ្យក្នុងគ្លីនិកណាខ្លះបានចូលរួមប្រព្រឹត្តខុស ប៉ុន្តែបទល្មើសរបស់អ្នកស្រី អាន់ឈូលី ពុំពាក់ព័ន្ធនឹងស្ថាប័នដែលអ្នកស្រីធ្វើការទេ ៕










