សិង្ហបុរី ៖ ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានប្រកាសថាខ្លួននឹងបិទទ្វាររនៅចុងខែកក្កដានេះ បន្ទាប់បានដំណើរការអស់រយៈពេលជិត ២០ឆ្នាំ។ ការបិទក្រុមហ៊ុនអាកាសចរណ៍នេះ បានធ្វើឲ្យមនុស្សជាង ៥០០នាក់ កំពុងប្រឈមនឹងការអត់ការងារធ្វើ។.png)
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស បានឲ្យដឹងថា ៖ ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia នឹងត្រូវបិទទ្វារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត ពោលគឺនៅថ្ងៃទី 31 ខែកក្កដា។ ចំពោះអតិថិជនដែលបានរងផលប៉ះពាល់ដោយសារការបិទទ្វារនេះ ក្រុមហ៊ុនធានានឹងសងប្រាក់ត្រឡប់ទៅវិញ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃសមរម្យមួយនេះ បានតស៊ូជាមួយនឹងការកើនឡើងថ្លៃដើមផ្គត់ផ្គង់ ថ្លៃចំណាយនានាខ្ពស់ និងការកើនឡើងនៃការប្រកួតប្រជែងនៅក្នុងតំបន់ អស់មួយរយៈពេលធំហើយ។
ក្រុមហ៊ុន Qantas និយាយថា បន្ទាប់ពីបិទទ្វារ ក្រុមហ៊ុនJetstar អាចនឹងរំដោះហិរញ្ញវត្ថុជាង ៥០០លានដុល្លារអូស្ត្រាលី ឬស្មើ ៣២៥លានដុល្លារអាម៉េរិក តាមរយៈការផ្លាស់ប្ដូរប្រតិបត្តិការយន្តហោះ Airbus ចំនួន ១៣គ្រឿងទៅឲ្យក្រុមហ៊ុន Qantas នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ដ៍វិញ។
លោក Stephanie Tully នាយកប្រតិបត្តិ Jetstar Group បាននិយាយពីបុគ្គលិកទាំងអស់របស់ខ្លួន ដែលត្រៀមនឹងអស់ការងារធ្វើថា “យើងមានក្រុមការងារពិសេសដែលផ្តល់សេវាកម្មអតិថិជនឈានមុខគេលើពិភពលោក និង ប្រតិបត្តិការល្អបំផុត ហើយយើងនឹងផ្តោតលើការគាំទ្រពួកគេតាមរយៈដំណើរការនេះ ព្រមទាំងជួយពួកគេឱ្យស្វែងរកតួនាទីថ្មីនៅក្នុងឧស្សាហកម្មនេះ”។.png)
គួររំលឹកថា ក្រុមហ៊ុនអាកាសចរណ៍ Jetstar Group បានបើកដំណើរការដំបូងនៅក្នុងឆ្នាំ ២០០៤។ ក្រុមហ៊ុននេះ បានផ្តល់ជើងហោះហើរដែលមានតម្លៃទាបទៅកាន់ទ្វីបអាស៊ី និងមានចំណុចហោះហើរចាប់ពីប្រទេសអូស្ត្រាលីទៅកាន់គោលដៅក្នុងប្រទេសថៃ ឥណ្ឌូនេស៊ី និងជប៉ុន ក្នុងចំណោមប្រទេសដទៃទៀត។ជាមួយនឹងដំណឹងនៃការបិទទ្វារនេះ មានមនុស្សជាច្រើន ជាពិសេសអតិថិជនដែលធ្លាប់ទទួលសេវាកម្មពីក្រុមហ៊ុន Jetstar Asia បានសម្ដែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង៕










