ប្រទេសថៃ ៖ បណ្ដាញសារព័ត៌មានដ៏ធំរបស់ថៃមានឈ្មោះថា Bangkok Post (បាងកកប៉ុស្តិ៍) ដែលជាសារព័ត៌មានគាំទ្រដោយក្រុមយោធាថៃ បានធ្វើការបិទផេករបស់ខ្លួននៅលើ Facebook លែងឲ្យអ្នកតាមដាននៅកម្ពុជាអាចចូលទៅមើលបានតទៅទៀត។

បណ្ដាសារព័ត៌មានដ៏មានឥទ្ធិពលប្រចាំប្រទេសថៃមួយនេះ បានសម្រេចបិទការចូលមើលពីអ្នកតាមដាននៅកម្ពុជា ស្របពេលពេលដែលកម្ពុជា និងថៃ កំពុងមានបញ្ហាទំនាស់ព្រំដែនជាមួយគ្នា។ ជារឿយៗទំព័រផេកព័ត៌មានមួយនេះ តែងធ្វើការចុះផ្សាយពីអត្ថបទមួយចំនួនទាក់ទងនឹងព័ត៌មាននៅក្នុងប្រទេសថៃ ជាពិសេសជុំវិញជម្លោះនៅព្រំដែនរវាងកម្ពុជា-ថៃ ដែលធ្វើឲ្យមានការភាន់ច្រលំរវាងប្រជាជននៅក្នុងប្រទេសទាំងពីរ។
ចំពោះមូលហេតុ នៃការបិទសម្រាប់អ្នកទស្សនានៅកម្ពុជានេះ មិនត្រូវបានគេដឹងច្បាស់ឡើយ។ ប៉ុន្តែបើតាមការកត់សម្គាល់របស់មនុស្សមួយចំនួន ការបិទនេះត្រូវបានធ្វើឡើងតាំងពីប៉ុន្មានថ្ងៃមុន ពោលគឺក្នុងអំឡុងពេលដែលមានការតវ៉ានៅក្នុងប្រទេសថៃ ក្នុងការដែលកម្ពុជាចង់ដាក់ពាក្យប្ដឹ.ងទៅICJ លើតំបន់ចំនួន៤ រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
គួរឲ្យដឹងថា បណ្តាញសារព័ត៌យក្សរបស់ប្រទេសថៃ ដែលគាំទ្រដោយក្រុមយោធាថៃមួយនេះ ត្រូវបានបង្កើតឡើងដោយអ្នកកាសែតជនជាតិអាមេរិកម្នាក់ ឈ្មោះ Alexander MacDonald តាំងពីឆ្នាំ ១៩៤៩ មកម្ល៉េះ។ វាបានក្លាយជាបណ្ដាញសារព័ត៌មានដ៏មានឥទ្ធិពលរបស់ថៃ ដោយធ្វើការចេញផ្សាយអត្ថបទជាភាសាអង់គ្លេស ដែលអាចផ្សព្វផ្សាយពីព័ត៌មាននានានៅក្នុងប្រទេសថៃបានយ៉ាងទូលំទូលាយទៅកាន់អន្តរជាតិ។
យ៉ាងណាមិញ បើទោះជាមានការបិទផេកFacebook របស់ខ្លួនមិនឲ្យអ្នកនៅក្នុងប្រទេសកម្ពុជាអាចចូលបានក៏ពិតមែនក្ដី ប៉ុន្តែសម្រាប់គេហទំព័រផ្លូវការរបស់សារព័ត៌មាននេះនៅតែដំណើរការធម្មតាលើបណ្ដាញអ៊ីនធើណេត និងមិនទាន់មានការបិទអ្នកតាមដាននៅកម្ពុជា ដូចនៅលើFacebookផេកនៅឡើយទេ៕.jpg)










