នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងបើកបន្ថែមច្រកពិសេសមួយដើម្បីសម្រួលដល់កូនសិស្សជនជាតិខ្មែរដែលកំពុងរស់នៅជាមួយ ក្រុមគ្រួសារក្នុងផ្សាររោងក្លឿ បានចេញ-ចូលទាន់ម៉ោងសិក្សា។
ច្រកនេះ នឹងបើកចាប់ពីម៉ោង៦ដល់ម៉ោង៨ព្រឹក និងពេលល្ងាចពីម៉ោង៥ ដល់ម៉ោង៦។ ដោយឡែក ចំពោះភ្ញៀវទេសចរ និងអាជីវករដែលត្រូវនាំចេញ-ចូលទំនិញនានា នៅបន្តអនុវត្តតាមគោលការណ៍បើច្រកទ្វារពេលព្រឹកម៉ោង៩ និងបិទម៉ោង៤រសៀលដដែល។
សូមរំលឹកថា នៅថ្ងៃទី៧ មិថុនា ឆ្នាំ២០២៥កន្លងទៅ អាជ្ញាធរថៃបានសម្រេចជាឯកតោភាគីបិទច្រករបៀងព្រំដែនជាមួយកម្ពុជា និងដាក់កំហិតបើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។
ហេតុដូច្នេះ ភាគីកម្ពុជា ក៏បានសម្រេចបើកពីម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀល វិញ ដើម្បីជាការឆ្លើយតបទៅកាន់ភាគីថៃ។
គួរបញ្ជាក់ថា កាលពីមុនពេលមានជម្លោះព្រំដែនកម្ពុជា និងថៃ នៅចំណុចមុំបីក្នុងខេត្តព្រះវិហារ ខាងមន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែតបើកច្រកនៅម៉ោង៦ព្រឹក ដល់ម៉ោង១០យប់៕










