ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រទេសថៃបានសម្រេចកាត់បន្ថយរយៈពេលស្នាក់នៅក្នុងទិដ្ឋាការពលរដ្ឋខ្មែរមកនៅត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ពីចំនួន៦០ថ្ងៃ រួមទាំងកាត់ផ្តាច់ភ្លើង-អ៊ីនធើរណេតក្នុងកាស៊ីណូនៅព្រំដែនផងដែរ ហើយថៃត្រៀមខ្លួនចូលរួមកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) នៅថ្ងៃទី១៤ ខែមិថុនា នេះ ។

កាលពីថ្ងៃទី៩ ខែមិថុនា លោក និកាន់ឌេត ផ្លាំងគូន អ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា នៅថ្ងៃទី៨ ខែមិថុនា កន្លងមក កងទ័ពកម្ពុជា និងថៃបានចុះពិនិត្យមើលខ្សែបន្ទាត់ព្រំដែន និងរួមគ្នាលុបរណ្តៅដីនៅព្រំដែនតាមកិច្ចព្រមព្រៀងរួមគ្នា ព្រមទាំងកែសម្រួលកងកម្លាំងទាំងសងខាងតាមកិច្ចព្រមព្រៀងកាលពីឆ្នាំ២០២៤ ។

វាជាសញ្ញាល្អ និងបង្ហាញពីភាពស្មោះត្រង់របស់ភាគីកម្ពុជាក្នុងការកាត់បន្ថយភាពតានតឹងនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងដោយសារការចរចាគ្រប់ជាន់ថ្នាក់ដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធីរយៈពេលវែង គោរពគ្នាទៅវិញទៅមក ជាពិសេស ការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ។ នេះជាការបង្កើតបរិយាកាសល្អឈានទៅរកកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) នៅថ្ងៃទី១៤ ខែមិថុនា ។

ថៃសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនៅកម្ពុជា នាថ្ងៃទី១៤ ខែមិថុនា នឹងជួយកាត់បន្ថយភាពតានតឹងនៃស្ថានការណ៍រួមដែលមានភាពផុយស្រួយ ដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងតំបន់ និងសុវត្ថិភាពរបស់ពលរដ្ឋរស់នៅព្រំដែនទាំងសងខាង ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងល្អប្រសើរ ហើយរដ្ឋាភិបាលថៃជឿជាក់ថា ការប្រើប្រាស់យន្តការដែលប្រទេសទាំងពីរមានរួមគ្នា ដូចជា ៖ គណៈកម្មការព្រំដែនរួម (JBC), គណៈកម្មការព្រំដែនទូទៅ (GBC), គណៈកម្មការព្រំដែនតំបន់ (RBC), ការចរចាទ្វេភាគីគ្រប់ជាន់ថ្នាក់ទាំងផ្នែកកងទ័ព និងពលរដ្ឋ រួមទាំងការលើកកម្ពស់ទំនាក់ទំនងល្អរបស់ពលរដ្ឋទាំងសងខាង នឹងជាមធ្យោបាយមានប្រសិទ្ធភាពក្នុងការដោះស្រាយជម្លោះ ។
ចំណែកការគ្រប់គ្រងច្រកព្រំដែនជាប់កម្ពុជា គឺថៃនៅតែអនុវត្តដើម្បីរក្សាសន្តិភាព និងសណ្តាប់ធ្នាប់ ។ ក្រៅពីនេះ មជ្ឈមណ្ឌលបង្ការ និងដោះស្រាយបញ្ហាគំរាមកំហែងដែលធ្វើឱ្យប៉ះពាល់សន្តិសុខនៅតំបន់ព្រំដែនជាប់ប្រទេសជិតខាង គឺថៃនឹងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការជួញដូរមនុស្សតាមព្រំដែនកម្ពុជា-ថៃ រួមទាំងកាត់ផ្តាច់ភ្លើង-អ៊ីនធើរណេតដែលបញ្ជូនទៅកាស៊ីណូ ។
ក្រៅពីនេះ ថៃនឹងកាត់បន្ថយរយៈពេលស្នាក់នៅក្នុងទិដ្ឋាការពលរដ្ឋខ្មែរអាចស្នាក់នៅថៃបានត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ពីចំនួន៦០ថ្ងៃ ហើយពុំប្រាកដចិត្តថា តើថៃនឹងកាត់បន្ថយរយៈពេលទិដ្ឋាការរហូតដល់ពេលណាទេ ។ ហេតុនេះ យើងនឹងរង់ចាំឱ្យស្ថានការណ៍ល្អប្រសើរឡើងវិញ និងរង់ចាំឱ្យភាគីទាំងពីរងាកមកជជែកគ្នាពីរយៈពេលស្នាក់នៅក្នុងទិដ្ឋាការម្តងទៀត ។ នេះបើតាមការលើកឡើងរបស់លោក និកាន់ឌេត ៕










