ពិធីមង្គលការរបស់តារាចម្រៀង ជី ដេវិត និង ទេព បូព្រឹក្ស ជាពិធីមង្គលការដ៏ធំធ្វើឱ្យកក្រើកស្រុកខ្មែរដែលប្រមូលផ្តុំដោយតារាល្បីៗជាច្រើនចូលរួម។ ជាមួយនឹងការចាប់អារម្មណ៍ទៅលើអ្នកចូលរួមដែលបង្អួតសំលៀកបំពាក់គ្រឿងអលង្ការប្រណីតទស្សនិកជនក៏បានចាប់អារម្មណ៍វត្តមានរបស់ សង្ហា ផងដែរ។
សង្ហា ជាតារាចម្រៀងនិងជា Producer មួយរូបបានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមទិកតុករបស់ខ្លួននៅថ្ងៃទី៩ មិថុនា នេះដែលបញ្ជាក់ពីការចូលរួមពិធីមង្គលការ ជី ដេវិត។ សង្ហា ជាអ្នកសិល្បៈម្នាក់ដែលមិនសូវជាបញ្ចេញសកម្មភាពផុសផុលច្រើននោះទេនៅលើបណ្តាញសង្គម ហើយការចូលរួមរបស់លោកលើកនេះពិតជាធ្វើឱ្យមានភាពទាក់ទាញ។ ក្នុងវីដេអូដែល សង្ហា ចែករំលែកនៅលើបណ្តាញសង្គមគេបានឃើញលោកមានទំនាក់ទំនងដ៏ល្អ ប៉ុន្តែលោកមិនបានបង្ហាញរូបភាពជាមួយនឹង ជី ដេវិត ឡើយ។
ការចូលរួមរបស់ សង្ហា នៅក្នុងពិធីមង្គលការរបស់ ជី ដេវិត និង ទេព បូព្រឹក្ស នេះបានជំរុញឱ្យអ្នកគាំទ្របញ្ចេញមតិថា «តាមរយៈវីដេអូមួយនឹងសង្ឃឹមថានឹងបានឃើញ SONGHA x GD ឆាប់ៗបន្ទាប់ពីព្រឹត្តិការណ៍ដ៏មានផ្លែផ្កានេះ, រីករាយណាស់ដែលបានឃើញ bong Songha ក្នុងពិធីមង្គលការ Bong GD&TBP, សហគមន៍សិល្បករខ្មែរពិតជាត្រូវការបែបនេះវាជាការស្រលាញ់ ការគាំទ្រ និងការគោរព មិនមែនជាការប្រឆាំងគ្នា មិនមែនជារឿងល្ខោន»។
គួរឱ្យដឹងថា សង្ហា ទើបត្រឡប់មកវិញជាមួយនឹងបទចម្រៀងថ្មីមានចំណងជើងថា «កាំប្រមា» បន្ទាប់ពីលោកខកខានចេញបទចម្រៀងជាច្រើនឆ្នាំ។ បច្ចុប្បន្នលោកបំពេញការងារផ្តាច់មុខនៅក្នុងផលិតកម្មហ្គាឡាក់ស៊ី ហើយស្នាដៃរបស់លោកដែលមានការទទួលស្គាល់ខ្លាំងនោះគឺបទ «Call Me PaPa »៕










