ប្រទេសថៃ ៖ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា សាលារៀនព្រំដែនកម្ពុជា-ថៃ ស្ថិតនៅស្រុកបានក្រួត ខេត្តបុរីរាំ បានបង្ហាត់កូនសិស្សពីវិធីជម្លៀសខ្លួនដើម្បីត្រៀមទប់ទល់ពេលកើតហេតុអាសន្ន ដោយសារសាលារៀនស្ថិតក្នុងតំបន់ធ្លាប់មានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ កាលពីឆ្នាំ២០១១ ខណៈអាណាព្យាបាលសិស្ស និងអ្នកភូមិបារម្ភពីសុវត្ថិភាពកូនៗ ។

សាលារៀននៅព្រំដែនកម្ពុជា-ថៃបានបង្ហាត់សិស្សពីការជម្លៀសខ្លួន ក្រោយពីមានបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ នៅចំណុចព្រំដែន៣ប្រទេស គឺកម្ពុជា ថៃ និងឡាវ ដែលជាប់នឹងស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី របស់ថៃ ។ សាលារៀននានានៅស្រុកបានក្រួត បានបង្រៀនសិស្សតាមធម្មតា ប៉ុន្តែជួសជុលលេណដ្ឋានឡើងវិញ និងបង្ហាត់សិស្សពីការលាក់ខ្លួន និងជម្លៀសខ្លួន រួមកំណត់ទីតាំងសម្រាប់រត់ផងដែរ ដោយសារបារម្ភខ្លាចមានហេតុការណ៍ពុំប្រក្រតីកើតឡើង ។
ការប៉ះទង្គិចគ្នារវាងកងទ័ពទាំងពីរប្រទេសធ្វើឱ្យពលរដ្ឋនៅស្រុកបានក្រួត ខេត្តបុរីរាំ ដែលមានព្រំដែនជាប់កម្ពុជា និងមានច្រកព្រំដែនបណ្តោះអាសន្នសាយតាគូ (ខាងកម្ពុជា គឺច្រកជប់គគីរ) ស្ថិតនៅឃុំចាន់ថប់ពេជ្រ ស្រុកបានក្រួត ព្រួយបារម្ភ ដោយសារកងទ័ពកម្ពុជា និងថៃធ្លាប់ប៉ះទង្គិចកាលពីឆ្នាំ២០១១ ។ ការប៉ះទង្គិចកន្លងមកធ្វើឱ្យពលរដ្ឋនៅស្រុកបានក្រួត ជួបការលំបាក ទើបពលរដ្ឋបារម្ភពីការប៉ះទង្គិចលើកនេះ ។

អ្នកស្រី អរ៉ាផារីន កាម៉ុនឈីត នាយកសាលារៀនបានឃោគក្រៈឆាយ ស្ថិតនៅឃុំឃោគក្រៈឆាយ ស្រុកបានក្រួត និយាយថា ពេលនេះ សាលារៀនមានវិធានការយ៉ាងតឹងរ៉ឹង និងប្រុងប្រយ័ត្នតាមការប្រកាសរបស់ក្រសួងអប់រំ និងការិយាល័យអប់រំបឋមសិក្សាបុរីរាំ ដូចជា ៖ កំណត់វិធានការប្រឈមនឹងស្ថានការណ៍អាសន្ន និងវិធានការសុវត្ថិភាព ។ អាណាព្យាបាលសិស្សបានសួរសាលាពីស្ថានការណ៍ព្រំដែន ហើយយើងបានទាក់ទងជាមួយអ្នកដឹកនាំសហគមន៍ និងអាណាព្យាបាលរួចហើយដើម្បីត្រៀមខ្លួន ។
រីឯអាណាព្យាបាលសិស្ស អ្នកស្រី នូទែន សិទ្ធីវង្ស អាយុ៤៥ឆ្នាំ និយាយថា អ្នកស្រីបារម្ភខ្លាចមានការប៉ះទង្គិចកើតឡើង ពីព្រោះវាជាពេលកូនសិស្សបើកបវសនកាល ។ អាជ្ញាធរបានកំណត់ផែនការច្បាស់លាស់ថា តើអ្នកភូមិនឹងរត់ជម្លៀសខ្លួនទៅផ្លូវណា និងគោលដៅនៅកន្លែងណា ដើម្បីកុំឱ្យពលរដ្ឋរត់ទៅប្រមូលផ្តុំគ្នាច្រើនពេកដូចកាលពីឆ្នាំ២០១១ ។ បើមានស្ថានការណ៍អ្វីកើតឡើង ពលរដ្ឋនឹងទាក់ទងគ្នាតាមបណ្តាញសង្គម ៕










