ទីក្រុងបាកក ៖ ប្រជាជនថៃជាច្រើនបានប្រមូលផ្ដុំគ្នានៅមុខក្រសួងការពារជាតិថៃ ដើម្បីធ្វើបាតុកម្មក្នុងប្រទេស ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រោយដឹងដំណឹងថា «រាជរដ្ឋាភិបាលកម្ពុជា» នៅតែរៀបចំសំណុំរឿងពាក់ព័ន្ធនឹងបញ្ហាព្រំដែនឡើងទៅតុលាការអន្តរជាតិ និងប្រកាសមិនយករឿងតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី មកនិយាយក្នុងកិច្ចប្រជុំនៅថ្ងៃទី14ខាងមុខនេះឡើយ។ នេះបើយោងតាមសារព័ត៌មានថៃ Khaaw chaong 8 (ข่าวช่อง8) ។
តាមប្រភពព័ត៌មានខាងលើ ដែលបានចេញផ្សាយនាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៥ នេះបានឲ្យដឹងថា មានអ្នកតំណាងពលរដ្ឋ ដែលជាបណ្តាញតាមដានស្ថានការណ៍នៅប្រាសាទព្រះវិហារ និងបណ្តាញសង្គមស៊ីវិលជាច្រើនផ្សេងទៀត បាននាំគ្នាមកឡាំប៉ានៅមុខអគារក្រសួងការពារជាតិថៃ។
.jpg)
ការតវ៉ានេះត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីដំណឹងដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ចាក់នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីយប់មិញថា កម្ពុជានឹងមិនបញ្ចូលបញ្ហានៅតំបន់ទាំង៤រួមមាន ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា-ថៃ នៅថ្ងៃទី១៤ខែមិថុនា ខាងមុខនេះឡើយ។ បន្ថែមពីនេះកម្ពុជា បានស្នើសុំឲ្យភាគីថៃចូលរួមសហការក្នុងការរៀបចំឯកសារនានាដើម្បីយកបញ្ហាទាំងនេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ។
ការលើកឡើងបែបនេះ បានបង្ករឲ្យពលរដ្ឋថៃជាច្រើន មានការមិនពេញចិត្តជាខ្លាំង។ ដូច្នេះហើយពួកគេក៏ប្រមូលផ្ដុំគ្នាធ្វើបាតុ.ក.ម្ម ដើម្បីទាមទារឲ្យរដ្ឋាភិបាលមានចំណាត់ការលើរឿងនេះ និងមិនព្រមឲ្យរដ្ឋាភិបាលរបស់ខ្លួនយល់ស្របនឹងសំណើររបស់កម្ពុជាជាដាច់ខាត។ បាតុករទាំងនោះសង្កត់ធ្ងន់ថា យន្តការណ៍ដោះស្រាយបញ្ហារបស់កម្ពុជា គឺជាការរំលោ.ភលើសិទ្ធិស្របច្បាប់ និងបូរណភាពទឹកដីរបស់ប្រទេសថៃ។

គួរជម្រាបផងដែរថា សម្រាប់គោលជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ របស់ភាគីកម្ពុជា គឺមានគោលបំណងចង់បញ្ចប់បញ្ហាដោយសន្តិវិធី ប៉ុន្តែក្នងស្មារតីយុត្តិធម៌ ដើម្បីកសាងនូវទំនុកចិត្តមិត្តភាព និងអ្នកជិតខាងល្អបានយូរអង្វែង៕










