ព្រះនាង នរោត្តម ជេនណា បានបង្ហាញព្រះទ័យដោយក្តីរីករាយក្នុងការឡើង ទទួលពានរង្វាន់នៅក្នុងប្រទេសសិង្ហបុរីខណៈទ្រង់ទើបតែមានព្រះជន្ម១៣ព្រះវស្សាតែប៉ុណ្ណោះ។ ជាមួយនឹងការទទួលពានរង្វាន់នេះព្រះនាងមានបន្ធូលទៀតថា នេះជាឱកាសដ៏ធំសម្រាប់ទ្រង់ក្នុងការបង្កើតទំនាក់ទំនងថ្មីៗ។
ល្ងាចថ្ងៃទី២ មិថុនា ព្រះនាង ជេនណា បានបង្ហោះនៅលើបណ្តាញសង្គមថា «ខ្ញុំមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានទទួល រង្វាន់ Role Model Inspiration Hall Of Fame នៅក្នុងព្រឹត្តិការណ៍ HOFS Awards 2025 ប្រទេសសិង្ហបុរី! ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាការទទួលពានរង្វាន់ទេ ប៉ុន្តែជាឱកាសដ៏ធំរបស់ខ្ញុំ ក្នុងការបង្កើតទំនាក់ទំនងថ្មីៗនិងជាជំហានរបស់ខ្ញុំក្នុងការឈានជើងទៅក្នុងឆាកអន្តរជាតិបន្ថែមទៀត»។ ព្រះនាងនរោត្តម ជេនណា បានបញ្ជាក់ថា នៅពីក្រោយភាពជោគជ័យ របស់ទ្រង់ ព្រះនាងបានថ្លែងអរព្រះគុណដល់សម្តេចតា និងព្រះមាតាបានចិញ្ចឹមបីបាច់ ថែរក្សា បង្ហាត់បង្រៀន ព្រមទាំងត្រួសត្រាយណែនាំផ្លូវដល់ព្រះនាង។ 
ព្រះនាង ជេនណា ក៏បានចូលរួមអបអរសាទរនិងកោតសរសើរទៅកាន់តារាសម្តែង ស៊ីន យូប៊ីន និង ស៊ីន ជេននី ក្នុងការទទួលពានរង្វាន់ HOSF 2025 ជាមួយព្រះនាងផងដែរ ។ ចុងក្រោយ ព្រះនាង ជេនណា ក៏មិនភ្លេចអរគុណចំពោះការស្រលាញ់របស់អ្នកគាំទ្រដូចគ្នា ដែលជាកម្លាំងចលករមួយជំរុញលើកទឹកចិត្តឱ្យទ្រង់ប្រឹងបន្ថែមទៀតជាមួយនឹងបេះដូងនិងសេចក្តីស្រលាញ់។ 
គួរឱ្យដឹងថាដ្បិតតែ ព្រះនាង ជេនណា ទើបមានព្រះជន្ម១៣ព្រះវស្សាក្តីប៉ុន្តែព្រះនាងទទួលបានភាពជោគជ័យលើអាជីពសិល្បៈហើយជារឿយៗបានចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរនៅក្នុងប្រទេសចិនផងដែរ។ ទ្រង់គឺជាសែរាជវង្សដែលមានដុងសិល្បៈច្រើនផ្នែកជាហេតុទ្រង់គឺជាអាយដលមួយរូបដែលមានការស្រលាញ់ចូលចិត្តច្រើនពីទស្សនិកជន៕










