បញ្ហាតានតឹងនៅតំបន់ព្រំដែនរវាងខ្មែរនិងថៃនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ។ ស្របពេលប្រទេសទាំងពីរកំពុងដោះស្រាយបញ្ហានេះ Oppa Tony ជាជនជាតិថៃ និងជាអ្នកបង្កើតមាតិកាកំប្លែងមួយរូបបាននិយាយឡើងក្នុងវីដេអូខ្លីមួយធ្វើឱ្យមានអ្នកគាំទ្រ ជាច្រើនបង្ហាញការយល់ស្រប។
ប្រិយមិត្តមួយចំនួនដែលលេងបណ្តាញសង្គមអាចនឹងស្គាល់ Oppa Tony ជាជនជាតិថៃ មានប្រពន្ធជាជនជាតិខ្មែរហើយអ្នកទាំងពីរគឺជាអ្នកបង្កើតមាតិកាបែបកំប្លែងៗនិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ ស្របពេលបញ្ហាព្រំដែនខ្មែរនិងថៃប្រឈមមុខដាក់គ្នា Oppa Tony បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមទាំងហ្វេកប៊ុកនិងទិកតុករយៈពេល ជិត១នាទីកាលពីយប់ថ្ងៃទី២ មិថុនា ដោយបានដាក់ចំណងជើងថា «ហាមខ្ញុំមិចកើត»។

ក្នុងវីដេអូនេះលោកបាននិយាយថា « ថៃស្រលាញ់ខ្មែរ ខ្មែរស្រលាញ់ថៃនៅមានច្រើនបើ មកហាមលោកមិនឱ្យស្រលាញ់ខ្មែរគឺហាមមិនកើត លោកស្រលាញ់បាត់ហើយ។ អ្នកបង្កើតមាតិការូបនេះបន្តទៀតថា ប្រពន្ធរបស់លោកក៏ជាខ្មែរ ប្អូនក៏ខ្មែរ កូនលោក ក៏ខ្មែរ។ លោកបន្តថាមនុស្សមួយចំនួនដែលមិនចូលចិត្ត គឺជារឿងរបស់គេព្រោះវាខុសគ្នា មនុស្សមានល្អ មានអាក្រក់ យើងកុំមកបូករួម បើមានអ្នកហាមលោកមិនឱ្យទិញម្ហូបខ្មែរ មិនឱ្យញុំាម្ហូបខ្មែរលោកខឹងស្លាប់ហើយ»។
ការលើកឡើងរបស់ Oppa Tony បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបង្ហាញ ការយល់ស្របព្រោះមិនថាជាតិសាសន៍ណានោះទេគឺតែងតែមានល្អមានអាក្រក់។ ក្នុងនោះអ្នកមួយចំនួនក៏បានបញ្ចេញមតិដែរថានេះជាបញ្ហានយោបាយដោយកុំឱ្យ Oppa Tony គិតច្រើន។
គួរបញ្ជាក់ផងដែរថា Oppa Tony គឺជាម្ចាស់អាជីវកម្មមួយរូបនៅប្រទេសថៃហើយបាន ផ្តល់ការបញ្ចុះតម្លៃពិសេសសម្រាប់ជនជាតិខ្មែរដែលទៅពិសាអាហារនៅហាងលោកផងដែរ៕










