ក្រុមហ៊ុនបច្ចេកវិទ្យាមានជំនាញផ្នែកទិន្នន័យចរាចរណ៍លើពិភពលោក នៅប្រទេសហូឡង់ បានចាត់ចំណាត់ថ្នាក់ទីក្រុងស្ទះចរាចរណ៍ខ្លាំងបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៤-ឆ្នាំ២០២៥ ចំនួន១០ទីក្រុង ក្នុងនោះទីក្រុង Mexico របស់ម៉ិកស៊ិក ជាប់ចំណាត់ថ្នាក់ទី១, ទីក្រុងបាងកក របស់ថៃ ជាប់ចំណាត់ថ្នាក់ទី២ និងទីក្រុង Davao របស់ហ្វីលីពីន ជាប់ចំណាត់ថ្នាក់ទី៣ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។

ខាងក្រោមនេះ គឺជាទីក្រុងចំនួន១០ ដែលស្ទះចរាចរណ៍ខ្លាំងបំផុតលើពិភពលោក រួមមាន ៖
១-ទីក្រុង Mexico ប្រទេសម៉ិកស៊ិក
២-ទីក្រុង Bangkok ប្រទេសថៃ
៣-ទីក្រុង Davao ប្រទេសហ្វីលីពីន
៤-ទីក្រុង Kumamoto ប្រទេសជប៉ុន
៥-ទីក្រុង Bucharest ប្រទេសរ៉ូម៉ានី
៦-ទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី
៧-ទីក្រុង Lodz ប្រទេសប៉ូឡូញ
៨-ទីក្រុង Bandung ប្រទេសឥណ្ឌូណេស៊ី
៩-ទីក្រុង Lima ប្រទេសប៉េរូ និង
១០-ទីក្រុង Dublin ប្រទេសអៀរឡង់ ។.png)
ទិន្នន័យនៅឆ្នាំ២០២៤ បង្ហាញ ទីក្រុងស្ទះចរាចរណ៍ខ្លាំងបំផុតលើពិភពលោក គឺទីក្រុង Mexico ប្រទេសម៉ិកស៊ិក ដោយចំណាយពេលជាមធ្យម ស្មើ៣១នាទី និង៥៣វិនាទី សម្រាប់ការធ្វើដំណើរតាមរថយន្តក្នុងចម្ងាយផ្លូវ១០គីឡូម៉ែត្រ ។ Mexico ជាទីក្រុងមានមនុស្សរស់នៅច្រើន និងមានរថយន្តយ៉ាងច្រើនតាមផ្លូវ ទើបធ្វើឱ្យស្ទះចរាចរណ៍ជាប្រចាំ ។

ចំណែកការចាត់ចំណាត់ថ្នាក់នៅឆ្នាំ២០២៥ គឺទីក្រុងបាងកក របស់ថៃ បានជាប់ចំណាត់ថ្នាក់ទី២ ជាទីក្រុងស្ទះចរាចរណ៍ខ្លាំងបំផុតលើពិភពលោក ដោយចំណាយពេលជាមធ្យម ស្មើ២១នាទី និង៥១វិនាទី សម្រាប់ការធ្វើដំណើរក្នុងចម្ងាយផ្លូវ១០គីឡូម៉ែត្រ ដោយសារបាងកក មានរថយន្ត និងម៉ូតូនៅតាមផ្លូវយ៉ាងច្រើន ។ ក្រៅពីនេះ ផ្លូវមួយចំនួនតូចចង្អៀតពិបាកធ្វើដំណើរ ទើបធ្វើឱ្យស្ទះចរាចរណ៍ខ្លាំង ។

ដោយឡែក ទីក្រុង Kumamoto របស់ជប៉ុន បានជាប់ចំណាត់ថ្នាក់ទី៤ ជាទីក្រុងស្ទះចរាចរណ៍ខ្លាំងបំផុត រីឯមូលហេតុធ្វើឱ្យទីក្រុងនេះស្ទះចរាចរណ៍ខ្លាំង ដោយសារវាជាទីក្រុងទេសចរណ៍ មានប្រាសាទ Kumamoto, ហាងលក់ទំនិញ និងមិនសម្បូរផ្លូវធំ ។ ពលរដ្ឋជប៉ុន និងភ្ញៀវទេសចរបរទេសនិយមធ្វើដំណើរមកកម្សាន្តនៅទីនេះ ទើបធ្វើឱ្យផ្លូវក្នុងទីក្រុងចង្អៀតខ្លាំងពេលព្រឹក និងល្ងាច ហើយមនុស្សម្នានិយមជិះរថយន្ត ។

មូលហេតុមួយទៀត គឺទីក្រុង Kumamoto ធ្លាប់កើតគ្រោះរញ្ជួយដីកាលពីឆ្នាំ២០១៦ ទើបរដ្ឋាភិបាលជប៉ុនជួសជុលផ្លូវ និងសាងសង់អគារជាច្រើនកន្លែង ដែលបណ្តាលឱ្យផ្លូវតូចចង្អៀត រថយន្តពិបាកបើកបរ ។ ការដ្ឋានសំណង់ទាំងនេះ គឺជាមូលហេតុធ្វើឱ្យស្ទះចរាចរណ៍កាន់តែខ្លាំង ។
ការស្ទះចរាចរណ៍ពុំត្រឹមតែធ្វើឱ្យខាតពេលវេលា និងប្រេងឥន្ធនៈប៉ុណ្ណោះទេ ប៉ុន្តែវាបង្កបញ្ហាផ្សេងៗផងដែរ ដូចជា ៖ ភាពតានតឹង និងខ្យល់ពុល ។ ទីក្រុងនានាលើពិភពលោក ព្យាយាមរកវិធីកាត់បន្ថយការស្ទះចរាចរណ៍ ដោយជំរុញឱ្យពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុង រថភ្លើង និងជិះកង់ រួមទាំងកែតម្រូវពេលវេលាភ្លើងចរាចរណ៍ដោយប្រើប្រាស់បច្ចេកវិទ្យា AI ៕










