ប្រទេសថៃ ៖ អ្នកនាំពាក្យកងទ័ពជើងគោកថៃបញ្ជាក់ថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គឺល្អប្រសើរ ពុំទាន់ឈានដល់ការបិទព្រំដែនទេ ប្រសិនបើបិទព្រំដែនមែន គឺត្រូវតែមានភាពចាំបាច់ ហើយអ្នកនាំពាក្យកងទ័ពជើងគោកថៃទទួលស្គាល់ថា មានតែតំបន់ខ្លះប៉ុណ្ណោះដែលមានបញ្ហា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។
.jpg)
អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោកឧត្តមសេនីយ៍ទោ វិនឆ័យ ស៊ុវ៉ារី បញ្ជាក់ថា ពុំទាន់ឈានដល់ការបិទព្រំដែនកម្ពុជា-ថៃទេ ប្រសិនបើបិទមែននោះ គឺមកពីមូលហេតុផ្តល់សុវត្ថិភាពដល់ពលរដ្ឋរស់នៅព្រំដែន ហើយមានតែតំបន់ខ្លះប៉ុណ្ណោះដែលមានបញ្ហា ។ ប៉ុន្តែវាស្ថិតក្នុងកម្រិតមួយដែលមិនបង្កការព្រួយបារម្ភច្រើនទេ ។
ក្រោយពីសារព័ត៌មាននានារបស់ថៃបានចុះផ្សាយពីការបិទច្រកព្រំដែនអចិន្ត្រៃយ៍ ចំនួន៦ និងច្រកព្រំដែនបណ្តោះអាសន្ន ចំនួន១០ កាលពីថ្ងៃទី៣១ ខែឧសភា លោកឧត្តមសេនីយ៍ទោ វិនឆ័យ ស៊ុវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃ បាននិយាយពីករណីបិទព្រំដែនថា តាមធម្មតា វាជាផ្នែកមួយនៃផែនការសម្រាប់ប្រើប្រាស់ក្នុងការគ្រប់គ្រងស្ថានការណ៍ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋ ។ ពេលនេះ (ថ្ងៃទី៣១ ខែឧសភា) អាជ្ញាធរក្នុងតំបន់ពុំទាន់ទទួលបានសេចក្តីរាយការណ៍ណាមួយជាផ្លូវការទេ ។
កន្លងមក ការបិទព្រំដែន គឺទាល់តែមានភាពចាំបាច់ប៉ុណ្ណោះ ឬស្ថានការណ៍ក្នុងតំបន់មានបញ្ហា ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិគួរឱ្យបារម្ភ ជាពិសេស នៅពេលទទួលបានព័ត៌មានគួរឱ្យជឿជាក់ថា នឹងមានការប្រើប្រាស់អាវុធពីចម្ងាយ គឺការបិទព្រំដែនដើម្បីសុវត្ថិភាពបងប្អូនជនរួមជាតិ ។.jpg)
ចំណែកស្ថានការណ៍បច្ចុប្បន្ន បើពិចារណាពីទិដ្ឋភាពរួម គឺតំបន់ភាគច្រើនមានភាពប្រក្រតី ហើយមានតែតំបន់ខ្លះប៉ុណ្ណោះដែលអាចមានបញ្ហា ប៉ុន្តែវាស្ថិតក្នុងកម្រិតពុំគួរឱ្យបារម្ភប៉ុន្មានទេ ។ ប្រទេសកម្ពុជា និងថៃ ពឹងផ្អែកលើយន្តការដែលមានស្រាប់ក្នុងតំបន់ដើម្បីដោះស្រាយបញ្ហារួមគ្នា នៅក្រោមកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង ៕










