ផន ស្រីពី MCC 12 បានក្លាយជាម្ចាស់មកុដ Miss Cosmo Cambodia 2025 បន្ទាប់ពីឆ្លងកាត់ការប្រកួតអស់រយៈពេលជាច្រើនខែដែលមានដៃគូខ្លាំងបំផុតក្នុងការប្រកួតលើកនេះគឺជា ប៊ី សុធារី។ ស្រីពី នឹងតំណាងប្រទេសកម្ពុជាបន្ទាប់ពី អ៊ិន លក្ខិណា ក្នុងការប្រកួតនៅលើឆាកអន្តរជាតិ។
នៅរាត្រីថ្ងៃទី៣០ ឧសភា កម្មវិធីប្រកួត Miss Cosmo Cambodia 2025 បានរកឃើញម្ចាស់ជ័យលាភីជាផ្លូវការហើយក្រោយពីឆ្លងកាត់ការឆ្លើយសំណួរជាច្រើនដងរួមទាំងការប្រកួតតស៊ូមតិជុំចុងក្រោយគឺបានទៅលើ ផន ស្រីពី។ ភាពជោគជ័យលើកនេះ បានធ្វើឱ្យមនុស្សជាច្រើនសម្តែងការអបអរចំពោះនាងព្រមទាំងមានការលើកឡើងថាកម្មវិធីសុក្រឹតយុត្តិធម៌ ហើយនាងពិតជាស័ក្តិសមព្រោះការឆ្លើយនិងសំណួររបស់នាងពេញ ដោយថាមពលខណៈទស្សនិកជនមួយចំនួនក៏សម្តែងការសោកស្តាយចំពោះ ប៊ី សុធារី ដែលមិនទទួលជ័យជម្នះលើកនេះ។

ផន ស្រីពី MCC 12 បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងបំផុតនៅក្នុងការប្រកួតនេះគឺនៅពេលបង្ហាញឈុតតំណាងជាតិរបស់ខ្លួនដោយបានជ្រើសរើសឈុត «របាំព្រះរាជ្យទ្រព្យទម្រង់១០០ឆ្នាំ»។ ការបង្ហាញរបស់ ស្រីពី ដ្បិតតែហ្វឹកហាត់បានរយៈពេលខ្លីក៏ពិតមែនប៉ុន្តែបានធ្វើឱ្យមនុស្សជាច្រើនដែលទស្សនាហើយកោតសរសើរចំពោះនាង។ គ្រងមកុដលើកដំបូងពីការប្រកួតថ្នាក់ជាតិរបស់ខ្លួននេះ ផន ស្រីពី នឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ Miss Cosmo នៅឯប្រទេសវៀតណាមនាខែធ្នូ ខាងមុខបន្ទាប់ពីបវរកញ្ញា អ៊ិន លក្ខិណា តំណាងប្រទេសកាលពីឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា ស្ថិតនៅក្នុងវិស័យបវរកញ្ញា ផន ស្រីពី គឺបានប្រកួតឈ្នះនៅក្នុងថ្នាក់ខេត្តកំពង់ចាមនៃកម្មវិធី Miss Grand Cambodia 2024 ។ ក្រោយមកនាងបានតំណាងឱ្យខេត្តកំពង់ចាមប្រកួតនៅក្នុងថ្នាក់ជាតិដោយបានជាប់លំដាប់រងទី៥នៃការប្រកួត Miss Grand Cambodia 2024។ ផន ស្រីពី ទទួលបានឱកាសពិសេសពីលោកស្រី អ៊ឹម សុគន្ធា ដោយជ្រើសរើសនាងជា Miss Intercontinental Cambodia 2024 ហើយបានតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ ប្រកួតនៅលើទឹកដីអេហ្ស៊ីប Miss Intercontinental 2024 កាលពីខែធ្នូ ឆ្នាំមុនដោយបានបើកទ្វាកម្ពុជាចូល TOP លើកដំបូងក្នុងការប្រកួតកម្មវិធីនេះដោយជាប់ចំណាត់ថ្នាក់ TOP22៕
		
	









