សហរដ្ឋអាមេរិក ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា ក្រុមហ៊ុន Tesla របស់លោក Elon Musk បានបង្ហោះវីដេអូក្នុងបណ្តាញសង្គមពីសមត្ថភាពមនុស្សយន្ត Humanoid Optimus ដែលអាចធ្វើការងារផ្ទះបានជាច្រើន ដូចជា ៖ បោសផ្ទះ កើបសំរាម ចម្អិនអាហារ កំដៅអាហារ បូមធូលី និងដំឡើងរថយន្ត ។
.jpg)
កន្លងមក ក្រុមហ៊ុន Tesla បានបង្ហោះវីដេអូក្នុងបណ្តាញសង្គមពីសមត្ថភាពរបស់មនុស្សយន្ត Optimus ចេះរាំ និងអាចដើរនៅតាមផ្លូវខ្ពស់-ទាប ។ ប៉ុន្តែមហាជនសួរថា តើពួកគេចំណាយប្រាក់ទិញមនុស្សយន្តចេះរាំ និងដើរនៅតាមផ្លូវយកទៅធ្វើអី? ទើបនៅថ្ងៃទី២១ ខែឧសភា ក្រុមហ៊ុន Tesla បានបង្ហោះវីដេអូបង្ហាញសមត្ថភាពរបស់មនុស្សយន្តអាចស្តាប់តាមបញ្ជាមនុស្ស ដូចជា ៖ យកថង់សំរាមចោលក្នុងធុងសំរាម, យកក្រដាស់ជូតមាត់, យកវែកមកកូរក្នុងខ្ទះ និងធ្វើការងារផ្ទះជាច្រើន ។
ក្រុមហ៊ុន Tesla បញ្ជាក់ថា មនុស្សយន្ត Optimus អាចរៀនសូត្រអ្វីៗបានគ្រប់បែបយ៉ាងពីមនុស្ស ដោយមនុស្សពុំចាំបាច់បញ្ជាវាដោយប្រើប្រាស់ពាក្យបច្ចេកទេស ឬ Update Software ដើម្បីឱ្យវាអាចធ្វើការថ្មីៗនោះទេ គឺគ្រាន់តែមើលមនុស្សធ្វើការប៉ុណ្ណោះ វានឹងធ្វើតាមភ្លាម ។ សមត្ថភាពពិសេសនេះធ្វើឱ្យមនុស្សយន្ត Optimus មានភាពខុសប្លែកពីមនុស្សយន្ត Humanoid ផ្សេងៗ ។
.jpg)
លោក Elon Musk នាយក Tesla ប្រកាសថា លោកមានគម្រោងលក់មនុស្សយន្ត Optimus នៅឆ្នាំ២០២៦ ក្នុងតម្លៃចាប់ពី២ម៉ឺន៧ពាន់ដុល្លារ ទៅ៧ម៉ឺន៦ពាន់ដុល្លារក្នុង១គ្រឿង ប៉ុន្តែនេះជាតម្លៃលក់ដំបូង ។ បើមានការកុម្ម៉ង់ឱ្យ Tesla ផលិតមនុស្សយន្តជាច្រើនគ្រឿង គឺតម្លៃមនុស្សយន្ត Optimus នឹងធ្លាក់ចុះមកត្រឹមពី២ម៉ឺនដុល្លារ ទៅ៣ម៉ឺនដុល្លារ ហើយតម្លៃនឹងធ្លាក់ចុះថែមទៀតមកត្រឹម១ម៉ឺនដុល្លារប៉ុណ្ណោះ វាមានតម្លៃថោកជាងរថយន្តទៅទៀត ។ ក្រៅពីនេះ Tesla នឹងមានសេវាកម្មជួលមនុស្សយន្ត Optimus ផងដែរ ហើយតម្លៃជួលមនុស្សយន្ត១គ្រឿង គឺចាប់ពី៣០០ដុល្លារ ទៅ៦០០ដុល្លារក្នុង១ថ្ងៃ ។
.jpg)
មនុស្សយន្ត Optimus (ឬ Tesla Bot) មានកម្ពស់១,៧៣ម៉ែត្រ ទម្ងន់៥៦គីឡូក្រាម អាចលើកទម្ងន់ធ្ងន់បំផុតបាន២០គីឡូក្រាម និងរត់ក្នុងល្បឿនលឿន ស្មើ៨០គីឡូម៉ែត្រក្នុង១ម៉ោង ។ Tesla រំពឹងថា នាថ្ងៃអនាគត មនុស្សយន្ត Optimus នឹងអាចជួយធ្វើការងារជាច្រើនរបស់មនុស្ស ដូចជា ៖ ចាំផ្ទះ ធ្វើការងារផ្ទះ ធ្វើការក្នុងសណ្ឋាគារ ហាងលក់ទំនិញ និងការងារគ្រោះថ្នាក់សម្រាប់មនុស្ស ៕









