បរទេស ៖ អ្នកវិទ្យាសាស្រ្ត២រូបមកពីនៅសកលវិទ្យាល័យ University of Washington បានព្យាយាមបង្កើតនូវឧបករណ៍ដ៏ទំនើបមួយ គឺជាស្រោមដៃដែលអាចបកប្រែភាសាកាយវិការឲ្យទៅជាពាក្យសំដី ឬជាអក្សរ ដើម្បីអនុញ្ញាតឲ្យមនុស្សដែលមិនអាចស្ដាប់ ឬនិយាយបានងាយស្រួលទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនកាន់តែប្រសើជាងមុន។

យោងតាមការចុះផ្សាយដោយសារព័ត៌មានបរទេសជាច្រើនបានឲ្យដឹងថា ស្រោមដៃប្រភេទនេះត្រូវបានគេហៅថា «Smart gloves» ឬ ស្រោមដៃវ័យឆ្លាត ព្រោះវាអាចចាប់យកចលនានៃកាយវិការនៅពេលដែលយើងពាក់វា រួចបញ្ជូនទិន្នន័យទៅកាន់ឧបករណ៍ដូចជាកំព្យូទ័រ ឬទូរស័ព្ទ និងកែប្រែវាទៅវាអត្ថបទ ឬពាក្យសំដីបង្ហាញឲ្យយើងយល់ថាកាយវិការនោះ ចង់បានន័យដូចម្ដេច។
.jpg)
លោកសាស្រ្តាចារ្យ Navid Azodi និង Thomas Pryor ដែលជាអ្នករកឃើញរបកគំហើញនេះដំបូងគេ បានឲ្យឈ្មោះវាថា SignAloud។ ពួកគាត់បានពណ៌នាថា ឧបករណ៍ចាប់សញ្ញាកាយវិការដោយប្រើប្រាស់បច្ចេកវិទ្យាដូចជា៖ flex sensors, accelerometers, និង gyroscopes ដើម្បីចាប់ចលនា និងការបត់បែននៃម្រាមដៃអ្នកប្រើប្រាស់ បន្ទាប់មកក៏បញ្ជូនទិន្នន័យទៅកាន់ទូរស័ព្ទ ឬ Laptopតាមរយៈ Bluetooth។ គម្រោងនេះបានទទួលការចាប់អារម្មណ៍ជាសកល ហើយបានឈ្នះពានរង្វាន់ Lemelson-MIT Student Prize នៅឆ្នាំ 2016។

ដោយសារបច្ចេកវិទ្យាកាន់តែមានការអភិវឌ្ឍន៍ ក្រោយៗមកទៀតក៏គំរូនៃការផលិតស្រោមដៃវ័យឆ្លាតមួយនេះ ត្រូវបានក្រុមហ៊ុនដូចជា BrightSign (UK), Google, និងមួយចំនួនទៀត យកទៅច្នៃប្រឌិតបន្ថែម និងបន្តអភិវឌ្ឍបច្ចេកវិទ្យានេះ។ ក្រុមហ៊ុនទាំងនោះបានសហការជាមួយបច្ចេកវិទ្យា AI ព្រមទាំងបន្ថែមមុខងារទំនើបៗដូចជា កាមេរ៉ា, និង សម្គាល់ផ្ទៃមុខ (facial recognition) ដើម្បីធ្វើវាដំណើរការបានច្បាស់លាស់ជាងមុនជាមួយការបកប្រែកាយវិការ។
.jpg)
ឧបករណ៍ស្រោមដៃវ័យឆ្លាតម៉ូដែលថ្មីដែលគេបានយកទៅអភិវឌ្ឍបន្ថែមនេះ រួមមាន SignAloud ដោយសកលវិទ្យាល័យ University of Washington, BrightSign Glove ដោយក្រុមហ៊ុននៅចក្រភពអង់គ្លេស, Google AI Glove ដោយGoogle និង EnableTalk របស់ក្រុមនិស្សិតនៅអ៊ុយក្រែន។ 
បច្ចុប្បន្នស្រោមដៃដែលលអាចបកប្រែភាសាកាយវិការទាំងនេះ កំពុងស្ថិតនៅក្នុងការសាកល្បង និងកែសម្រួលទៅលើចំណុចមួយចំនួនទៀតដូចជា ភាពត្រឹមត្រូវក្នុងការបម្លែងចលនាទៅជាពាក្យសំដី, បញ្ចូលភាសាជាច្រើនបន្ថែមទៀតដើម្បីអាចប្រើប្រាស់បានជាសកល, កាត់បន្ថយទម្ងន់ឲ្យស្រាលជាងមុន និងកែសម្រួលតម្លៃមិនឲ្យខ្ពស់ពេក ដើម្បីអនុញ្ញាតឲ្យមនុស្សគ្រប់ៗគ្នាមានសមត្ថភាពទិញប្រើប្រាស់។

គួរបញ្ជាក់ថា បើជាមិនទាន់មានដាក់លក់ទូលំទូលាយនៅលើទីផ្សារក្នុងពេលបច្ចុប្បន្នក្ដី បុន្តែមនុស្សជាច្រើនបានសម្លឹងឃើញពីសក្តានុពលរបស់ស្រោមដៃប្រភេទនេះ ថាអាចនឹងផ្ដល់ភាពងាយស្រួលសម្រាប់ជនពិការការស្ដាប់ និងនិយាយបានកាន់តែច្រើន ជាពិសេសវាក៏នឹងជំរុញឲ្យមនុស្សទាំងអស់មានភាពជិតស្និត និងយល់ពីគ្នាបានច្រើនជាងមុនផងដែរ៕










