ប្រទេសចិន ៖ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសចិនគ្រោងបង្ហាញការហោះហើរសាកល្បងរបស់យន្តហោះ Jiu Tan គ្មានមនុស្សបើក ហើយអាចបញ្ជាដ្រូនម៉ាក Kamikaze រហូតដល់ជាង១០០គ្រឿង ក្នុងពេលតែមួយ ។ ប្រទេសនានាចាត់ទុកថា នេះជាអាវុ.ធសម្ងាត់ថ្មីរបស់ចិន ដើម្បីបង្កើនសមត្ថភាពកងទ័ព និងជាប្រព័ន្ធការពារដែនអាកាស ។

តាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋាភិបាលចិន គឺយន្តហោះ Jiu Tan ផលិតដោយក្រុមហ៊ុន Shaanxi Unmanned Equipment Technology ដែលគ្រោងបង្ហាញសមត្ថភាពហោះហើរសាកល្បងលើអាកាសគ្មានមនុស្សបើក នៅខែមិថុនា ឆ្នាំ២០២៥ ក្រោយពីយន្តហោះនេះទើបបង្ហាញរូបរាងជាលើកដំបូងក្នុងកម្មវិធី «Zhuhai Air Show» នៅខែវិច្ឆិកា ឆ្នាំ២០២៤ ។
.png)
យន្តហោះ Jiu Tan មានស្លាបប្រវែង២៥ម៉ែត្រ អាចហោះហើរយូរបំផុតបាន១២ម៉ោង ក្នុងចម្ងាយ៧,០០០គីឡូម៉ែត្រ ។ វាអាចទ្រទ្រង់ទម្ងន់រហូតដល់៦តោន ដែលផ្នែកខាងក្នុងមានបំពាក់ឧបករណ៍ស៊ើបការណ៍ អាវុធ និងមីស៊ីល ហើយសមត្ថភាពពិសេសរបស់វា គឺអាចវាយប្រហារជាហ្វូង «Barrage Attack» ដែលប្រព័ន្ធការពារយន្តហោះរបស់សត្រូវពិបាកស្ទាក់ចាប់ ។
យន្តហោះ Jiu Tan របស់ចិនអាចហៅថា «យន្តហោះមេសម្រាប់បង្ហោះដ្រូន ឬ Drone Mothership» ដែលមានទំហំធំ និងមានតួនាទីបង្ហោះដ្រូនតូចៗជាច្រើនគ្រឿងក្នុងភារកិច្ចកងទ័ព ។ គេអាចប្រើប្រាស់វាជាច្រើនផ្នែក ដូចជា ៖ ស៊ើបការណ៍ សង្គ្រាមអេឡិចត្រូនិក ការសង្គ្រោះបន្ទាន់ និងដឹកជញ្ជូនឧបករណ៍ប្រកបដោយសុវត្ថិភាពខ្ពស់ ។.png)
អ្នកជំនាញនិយាយថា ចិនផលិតយន្តហោះ Jiu Tan ក្នុងគោលដៅប្រឆាំងនឹងការប្រើប្រាស់អំណាចផ្លូវអាកាសរបស់អាមេរិក ។ បើប្រៀបធៀបជាមួយយន្តហោះ RQ-4 Global Hawk និង MQ-9 Reaper របស់អាមេរិក គឺយន្តហោះអាមេរិកពុំទាន់មានសមត្ថភាពវាយប្រហារជាហ្វូងដូចយន្តហោះចិនទេ ។ រីឯយន្តហោះចិនមានទំហំធំ ប៉ុន្តែវាខ្វះគុណសម្បត្តិផ្នែក Stealth ៕










