ធ្មេញពណ៌លឿង គឺជាបញ្ហាមួយដែលធ្វើឱ្យមនុស្សជាច្រើនបាត់បង់ទំនុកចិត្តពេលញញឹម ឬនិយាយជាមួយអ្នកដទៃ និងបារម្ភពីសុខភាពមាត់ធ្មេញ ក្លិនមាត់មិនល្អ ។ បញ្ហាធ្មេញលឿង ពុំមែនកើតឡើងតែលើមនុស្សចាស់ប៉ុណ្ណោះទេ ប៉ុន្តែយុវវ័យក៏ប្រឈមនឹងបញ្ហានេះដែរ ដោយសារមកពីកត្តាជាច្រើន មិនថាការបរិភោគចំណីអាហារ និងផឹកភេសជ្ជៈ ។ ប៉ុន្តែអ្នកមានធ្មេញលឿងកុំទាន់បារម្ភ ពីព្រោះយើងអាចដោះស្រាយបញ្ហានេះតាមវិធីងាយៗ ។
អ្នកជំនាញផ្នែកចំណីអាហារបានណែនាំឱ្យបរិភោគបន្លែ និងផ្លែឈើ ចំនួន៥ប្រភេទនេះ ដើម្បីជួយឱ្យធ្មេញសតាមធម្មជាតិ ហើយវាថែមទាំងមានសារធាតុជួយថែរក្សាធ្មេញឱ្យរឹងមាំផងដែរ ។ តើបន្លែ ផ្លែឈើ ផ្តល់នូវអត្ថប្រយោជន៍សម្រាប់ធ្មេញមានអ្វីខ្លះ?
១-ស្ត្រប៊ឺរី (Strawberry) ៖ ក្នុងផ្លែស្ត្រប៊ឺរី មានសារធាតុម្យ៉ាងឈ្មោះ ម៉ាលីក ជួយឱ្យធ្មេញស តាមធម្មជាតិ ។
២-ឪឡឹក ៖ ឪឡឹក មានសារធាតុម៉ាលីក ច្រើនជាងស្ត្រប៊ឺរី ហើយការបរិភោគឪឡឹកកាន់តែច្រើន កាន់តែជួយឱ្យធ្មេញស ។
៣-ម្នាស់ ៖ ម្នាស់ មានសារធាតុផរមីលែន ដែលជួយសម្អាតកាកសំណល់ជាប់ធ្មេញ និងធ្វើឱ្យធ្មេញស ស្អាត ។
៥-ល្ហុងទុំ ៖ ល្ហុង មានសារធាតុប៉ាកតេ ហើយក្រៅពីវាជួយដល់ការរំលាយអាហារ វាក៏ជួយសម្អាតកាកសំណល់ផ្សេងៗនៅជាប់ធ្មេញ មិនឱ្យធ្មេញពណ៌លឿង ។
៥-ផ្កាខាត់ណាខៀវ (Broccoli) ៖ ផ្កាខាត់ណាខៀវ សម្បូរដោយធាតុដែក ជួយឱ្យធ្មេញរឹងមាំល្អ និងការពារការខូចធ្មេញដោយសារកាកសំណល់យ៉ាងមានប្រសិទ្ធភាព ។
អ្នកជំនាញណែនាំឱ្យបរិភោគបន្លែ ផ្លែឈើទាំង៥ប្រភេទនេះឱ្យបានញឹកញាប់ ព្រមទាំងដុសសម្អាតធ្មេញ យ៉ាងហោចណាស់ ចំនួន២ដងក្នុង១ថ្ងៃ ដើម្បីសម្អាតកាកសំណល់ជាប់ធ្មេញ ។ កុំភ្លេចយកបន្លែ ផ្លែឈើ មកត្រាំក្នុងទឹកលាយជាមួយម្សៅ Baking Soda ដើម្បីកម្ចាត់សារធាតុគីមី និងលាងទឹកឱ្យស្អាតមុនពេលបរិភោគ ។
ក្រៅពីនេះ ក៏មានវិធីផ្សេងទៀតធ្វើឱ្យធ្មេញស តាមធម្មជាតិ ដូចជា ៖ ដុសធ្មេញតាមវិធីត្រឹមត្រូវ, ជ្រើសរើសថ្នាំដុសធ្មេញជួយឱ្យធ្មេញស កម្ចាត់កាកសំណល់អាហារ, ទំពារស្ករកៅស៊ូ, ឈប់ជក់បារី, ខាត់ធ្មេញដោយអំបិល ឬសំបកចេក, កោសដុំកំបោរជាប់ធ្មេញ រៀងរាល់៦ខែម្តង, ផ្លាស់ប្តូរទម្លាប់បរិភោគអាហារ និងត្រួតពិនិត្យសុខភាពមាត់ធ្មេញទៀងទាត់ ។
តើធ្មេញលឿងបណ្តាលមកពីមូលហេតុអ្វីខ្លះ?
១-ធ្មេញលឿងដោយសារកាហ្វេ និងតែ ៖ កាហ្វេ គឺជាមូលហេតុចម្បងធ្វើឱ្យធ្មេញរបស់យើងពណ៌លឿង ហើយក៏មានភេសជ្ជៈផ្សេងទៀតធ្វើឱ្យធ្មេញលឿង ដូចជា ៖ តែ និងភេសជ្ជៈជាតិហ្គាស ។
២-ជក់បារី ៖ បារី ក៏ជាមូលហេតុធ្វើឱ្យធ្មេញលឿង ដែលបណ្តាលមកពីសារធាតុគីមីក្នុងបារី ។
៣-អាយុ ៖ សរីរាង្គផ្សេងៗរបស់រាងកាយចាប់ផ្តើមផ្លាស់ប្តូរពេលអាយុច្រើន ធ្មេញក៏ដូចគ្នាដែរ វានឹងប្តូរពណ៌ខុសពីមុន ដោយសារការប្រើប្រាស់ធ្មេញយូរឆ្នាំ ។
មនុស្សម្នាក់ៗប្រាថ្នាចង់បានធ្មេញសស្អាត ពីព្រោះធ្វើឱ្យយើងមានទំនុកចិត្តពេលញញឹម ឬនិយាយជាមួយអ្នកដទៃច្រើនជាងមុន ។ ហេតុនេះ គួរអនុវត្តតាមវិធីទាំងនេះ ធានាថា យើងនឹងមានទំនុកចិត្តខ្លាំងជាងមុន អស់បញ្ហាធ្មេញលឿង ៕