ទោះជាការចែករំលែកជារឿងល្អក្តី ប៉ុន្តែសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួន ហាមឱ្យអ្នកដទៃខ្ចីដាច់ខាត ទោះជាអ្នកនោះជាមិត្តភក្តិជិតស្និទ្ធ ឬសាច់ញាតិក្តី ពីព្រោះយើងអាចបាត់បង់ទ្រព្យសម្បត្តិ ឬត្រូវគេលួ.ចយកទិន្នន័យ ទីបំផុត យើងនឹងបាត់បង់មិត្តភាព ហើយមានអារម្មណ៍ស្តាយក្រោយ ។ តើសម្ភារៈទាំងនេះមានអ្វីខ្លះ?
១-ទូរស័ព្ទដៃ ៖ ទូរស័ព្ទដៃ ជាកន្លែងផ្ទុកទិន្នន័យផ្ទាល់ខ្លួនសំខាន់ៗ ថែមទាំងមាន App គណនីធនាគារ ដែលអាចឱ្យអ្នកប្រើប្រាស់ផ្ញើប្រាក់ ដកប្រាក់ និងទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ ។ បើឱ្យអ្នកដទៃខ្ចីទូរស័ព្ទដៃ គឺវាមិនត្រឹមតែចែករំលែកទិន្នន័យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគេនឹងលួចប្រើប្រាស់ App ធនាគារក្នុងទូរស័ព្ទដៃ ។
២-កាតឥណទាន ៖ ទោះជាយើងមិនបានឱ្យអ្នកដទៃខ្ចីប្រាក់ដោយផ្ទាល់ ប៉ុន្តែបើគេខ្ចីកាតឥណទាន មានន័យថា យើងប្រគល់ប្រាក់ទាំងអស់ឱ្យគេ ។ ការធ្វើបែបនេះ ក្រៅពីបាត់បង់ប្រាក់ហើយ គឺប្រឈមនឹងការលួចទិន្នន័យធនាគារទៀតផង និងហាមដាច់ខាត ប្រាប់លេខសម្ងាត់ឱ្យគេដឹង ។
៣-កុំព្យូទ័រ ៖ កុំព្យូទ័រ ឬលេបថបនីមួយៗសុទ្ធតែផ្ទុកទិន្នន័យផ្ទាល់ខ្លួន បើទោះជាឱ្យគេខ្ចីមិនយូរក្តី ក៏យើងប្រឈមនឹងការលួចទិន្នន័យដែរ ។ ហេតុនេះ កុំឱ្យអ្នកដទៃខ្ចីវាដាច់ខាត ។

៤-ឯកសារផ្ទាល់ខ្លួន ៖ រួមមាន អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ សៀវភៅបញ្ជីធនាគារ សៀវភៅគ្រួសារ ប្លង់ដី ឬឯកសារផ្សេងៗដែលបញ្ជាក់ទិន្នន័យផ្ទាល់ខ្លួន ក៏ពុំគួរឱ្យអ្នកដទៃខ្ចីដែរ ពីព្រោះប្រឈមនឹងការលួចយកទិន្នន័យផ្ទាល់ខ្លួនទៅប្រើប្រាស់ក្នុងគោលបំណងអាក្រក់ ។.png)
៥-អ៊ីម៉ែល ៖ អ៊ីម៉ែលមានសារៈសំខាន់យ៉ាងខ្លាំង ជាពិសេស ការចុះឈ្មោះក្នុងបណ្តាញសង្គមផ្សេងៗ ឬប្រើប្រាស់ App គឺចាំបាច់ត្រូវប្រើប្រាស់អ៊ីម៉ែលជានិច្ច ។ អ្នកដទៃអាចយកអ៊ីម៉ែលយើងទៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើម្បីបោកប្រាស់ ខ្ចីប្រាក់ ឬប្រព្រឹត្តទង្វើខុសច្បាប់ ។
៦-រថយន្ត និងម៉ូតូ ៖ មិនថារថយន្ត ឬម៉ូតូ ហាមឱ្យគេខ្ចីដាច់ខាត ព្រោះគេអាចយករថយន្តរបស់យើងទៅដឹកថ្នាំញៀនខុសច្បាប់ ឬបើកបុកមនុស្សស្លាប់ ឬគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរថយន្តខូចខាត ។ មុននឹងគេខ្ចី ត្រូវគិតពីបញ្ហាទាំងនេះ ព្រោះគ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា ដែលធ្វើឱ្យម្ចាស់យានជំនិះក្តៅក្រហាយ ។.png)
ក្រៅពីនេះ របស់ប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងទៀត ដូចជា ៖ ម៉ាស់ កន្សែងជូតខ្លួន សម្លៀកបំពាក់ និងច្រាស់ដុសធ្មេញ ក៏ហាមឱ្យគេខ្ចីដែរ ដើម្បីសុវត្ថិភាព និងបង្ការការឆ្លងមេរោគ ៕










