ប្រទេសម៉ាឡេស៊ី ៖ មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីគេហទំព័រមួយបង្ហោះរូបទុរេនម៉ាឡេស៊ី មានសាច់ខ្មៅជាំស្រដៀងកូនកណ្តុរ មើលទៅពុំគួរឱ្យបរិភោគ ថែមទាំងមានតម្លៃថ្លៃជាងទុរេនផ្សេងៗ ។ Tupai King គឺជាទុរេនកម្ររបស់ម៉ាឡេស៊ី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ដោយសារសាច់របស់វាស្រដៀងទុរេនស្អុយ ខុសប្លែកពីទុរេនទូទៅយ៉ាងខ្លាំង ហើយមនុស្សភាគច្រើនទើបតែឃើញទុរេននេះជាលើកដំបូង ។

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រឈ្មោះ «ថានប៉ៅ» បានបង្ហាញទិន្នន័យពាក់ព័ន្ធនឹងទុរេន Tupai King ថា វាជាទុរេនកម្រនៅប្រទេសម៉ាឡេស៊ី មានរសជាតិឆ្ងាញ់ខ្លាំង ហើយម៉ាឡេស៊ីបានប្រទះឃើញដើមរបស់វានៅលើកោះពីណាំង កាលពី២០ឆ្នាំមុន ខណៈមនុស្សមួយចំនួនទៀតប្រាប់ថា ធ្លាប់បរិភោគទុរេននេះ តាំងពី៤០ឆ្នាំមុនមកម៉្លេះ ។ ពលរដ្ឋម៉ាឡេស៊ីចូលចិត្តបរិភោគទុរេននេះបំផុត ដោយសារវាមានរសជាតិផ្អែម សាច់ស្អិត និងតម្លៃថ្លៃរហូតដល់១២០រីងហ្គីតក្នុង១គីឡូក្រាម (ឬជាង២៨ដុល្លារ) ។
ក្រោយពីគេហទំព័រនេះបង្ហោះរូបភាពទុរេនម៉ាឡេស៊ី ធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងពីភាពខុសប្លែករបស់វា រហូតដល់អ្នកខ្លះនិយាយថា សាច់ទុរេនដូចគ្នានឹងកូនកណ្តុរបេះបិទ ឃើញហើយលែងចង់បរិភោគទុរេន ។ ក្រៅពីនេះ មនុស្សជាច្រើននិយាយថា សាច់ទុរេន Tupai King ជាំខ្លាំងណាស់ ពុំអាចទទួលយកបានទេ បែបនេះ ។
ចំណែកអ្នកស្គាល់ទុរេន Tupai King ប្រាប់ថា វាមានឈ្មោះមួយទៀត គឺទុរេនកំប្រុក បានក្លាយជាពូជទុរេនមានតម្លៃថ្លៃបំផុតនៅម៉ាឡេស៊ី និងថ្លៃជាងទុរេនមូសាំងឃីង ។ ទុរេនទទួលបានការពេញនិយមយ៉ាងឆាប់រហ័សទាំងនៅម៉ាឡេស៊ី និងក្រៅប្រទេស ជាពិសេស ពលរដ្ឋសិង្ហបុរី និងចិន ចូលចិត្តបរិភោគទុរេននេះណាស់ ។.jpg)
កោះពីណាំង របស់ម៉ាឡេស៊ី បានក្លាយជាទីតាំងដាំទុរេនជាច្រើនប្រភេទ ដូចជា ៖ ទុរេនមូសាំងឃីង ទុរេនបន្លាខ្មៅ និងទុរេន Tupai King លេចធ្លោជាងគេ ដោយសារមានសាច់ខ្មៅជាំ និងមានក្លិនអាល់កុលបន្តិច បើធៀបនឹងទុរេនមូសាំងឃីង ។ បើទោះជាមានតម្រូវការកាន់តែច្រើនពីអតិថិជន ប៉ុន្តែទុរេន Tupai King ពុំសូវមានលក់ច្រើនលើទីផ្សារទេ ដោយការដាំដុះតិចតួច ។
.jpg)
ការដាំទុរេន Tupai King ឱ្យធំលូតលាស់ និងចេញផ្លែ គឺត្រូវចំណាយពេល ចាប់ពី៣ឆ្នាំ ទៅ៤ឆ្នាំ បច្ចុប្បន្ន ពលរដ្ឋម៉ាឡេស៊ីចាប់ផ្តើមដាំទុរេននេះច្រើនជាងមុន ។ ប៉ុន្តែផ្ទៃដីដាំទុរេនពុំសូវអំណោយផល ដោយសារបម្រែបម្រួលអាកាសធាតុ មានភ្លៀងធ្លាក់ខ្លាំង ទើបបណ្តាលឱ្យប៉ះពាល់ដល់ទិន្នផលទុរេន Tupai King ។ តាមរបាយការណ៍របស់ Malay Mail ឱ្យដឹងថា អាកាសធាតុប្រែប្រួលធ្វើទុរេននេះចេញផ្លែតិចតួចមិនដល់៣០% ទេ នៅឆ្នាំ២០២៥ ៕










