ពេលក្រុមហ៊ុនសម្ភាសន៍ចូលធ្វើការ បេក្ខជនគួរប្រុងប្រយ័ត្នពាក្យសម្តីរបស់ខ្លួន និងពុំគួរនិយាយពាក្យទាំងនេះដាច់ខាត ពីព្រោះវានឹងបាត់បង់តម្លៃ ឬពុំទទួលបានការងារធ្វើ ។ ផ្នែកធនធានមនុស្សអាចចាប់ចំណុចខ្សោយរបស់បេក្ខជនភ្លាមៗពេលបេក្ខជនឆ្លើយតបសំណួរ ហើយពួកគេនឹងវាយតម្លៃថា អ្នកដាក់ពាក្យធ្វើការគ្មានសមត្ថភាពបំពេញការងារទេ ។ ហេតុនេះ កុំឆ្ងល់ថា ហេតុអ្វីក្រុមហ៊ុនពុំជ្រើសរើសឱ្យចូលធ្វើការ ។

១-ហាមនិយាយអាក្រក់ពីក្រុមហ៊ុនចាស់ ៖ បេក្ខជនខ្លះនិយាយអាក្រក់ពីក្រុមហ៊ុនចាស់ឱ្យអ្នកសម្ភាសន៍ស្តាប់ ដូចជា ៖ នាយកក្រុមហ៊ុនចាស់មើលពុំឃើញតម្លៃរបស់ខ្ញុំ ហើយតែងកែតម្រូវការការងារខ្ញុំជាច្រើនលើក នៅតែពុំឯកភាព ។ ការនិយាយបែបនេះនឹងធ្វើឱ្យអ្នកសម្ភាសន៍គិតថា បេក្ខជនរូបនេះនឹងនិយាយអាក្រក់ពីក្រុមហ៊ុនថ្មីទៅឱ្យក្រុមហ៊ុនផ្សេងទៀតស្តាប់ ។
.png)
២-ហាមសួរអ្នកសម្ភាសន៍វិញ ៖ ហាមសួរអ្នកសម្ភាសន៍ថា តើក្រុមហ៊ុនធ្វើការងារអ្វីខ្លះ ឬប្រកបអាជីវកម្មអ្វី ឬលក់ទំនិញអ្វី? ដោយសារបេក្ខជនពុំសូវស្គាល់ពីក្រុមហ៊ុន ។ ការសួរទៅក្រុមហ៊ុនវិញបង្ហាញថា បេក្ខជនពុំចាប់អារម្មណ៍ជាមួយក្រុមហ៊ុន ឬពុំដឹងថា ក្រុមហ៊ុនលក់ទំនិញអ្វីខ្លះ ។
៣-ហាមអួតខ្លួនឯងឆ្លាត ៖ បេក្ខជនភាគច្រើនតែងអួតថា ខ្លួនបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក្រៅប្រទេស និងជាមនុស្សឆ្លាតជាងមិត្តភក្តិ ឬឆ្លាតជាងគេបង្អស់ ដូច្នេះ ក្រុមហ៊ុនត្រូវតែទទួលខ្លួនឱ្យចូលធ្វើការ ។ ពុំគួរអួតអាងបែបនេះទេ ពីព្រោះអ្នកឆ្លាតពិតប្រាកដនឹងបង្ហាញតាមរយៈលទ្ធផលការងារ ហើយក្រុមហ៊ុនមានវិធីដើម្បីដឹងថា បេក្ខជនឆ្លាតពិតប្រាកដឬអត់?

៤-ហាមសួរពីប្រាក់ខែ ៖ កុំសួរពីប្រាក់ខែ ពីព្រោះក្រុមហ៊ុនគិតថា បេក្ខជនពុំផ្តោតលើការងារ ហើយនិយាយពីប្រាក់ខែមុនគេ ។ ប៉ុន្តែអាចនិយាយពីប្រាក់ខែពេលក្រោយ ពេលក្រុមហ៊ុនទទួលឱ្យចូលធ្វើការ ។
៥-ហាមចង់បានតួនាទីរបស់អ្នកសម្ភាសន៍ ៖ ពេលក្រុមហ៊ុនសួរថា តើប្អូនមានគោលដៅបែបណារយៈពេល៥ឆ្នាំខាងមុខ? បេក្ខជនបែរជាឆ្លើយថា ចង់ធ្វើការងារជាធនធានមនុស្សនាថ្ងៃអនាគត ប៉ុន្តែការនិយាយបែបនេះធ្វើឱ្យអ្នកសម្ភាសន៍មានអារម្មណ៍ថា បេក្ខជនចង់ដណ្តើមតួនាទីខ្លួន ។ បេក្ខជនគួរនិយាយថា ខ្ញុំចង់អភិវឌ្ឍន៍សមត្ថភាពជាបន្តបន្ទាប់ និងចង់រៀនសូត្រការងារពីអ្នកសម្ភាសន៍ ។

៦-ហាមសួរពីថ្ងៃសុំឈប់សម្រាក ៖ ការសួរពីថ្ងៃឈប់សម្រាកបង្ហាញថា បេក្ខជនចាប់អារម្មណ៍ពីថ្ងៃឈប់សម្រាកតែម្យ៉ាង ។ បេក្ខជនគួរនិយាយពាក្យនេះ បើខ្ញុំមានធុរៈចាំបាច់ពេលមកធ្វើការដំបូង តើខ្ញុំអាចជូនដំណឹងក្រុមហ៊ុនជាមុនពីថ្ងៃឈប់សម្រាកបានទេ?.png)
៧-បើក្រុមហ៊ុនសួរថា តើបេក្ខជនមានសំណួរអ្វីឆ្ងល់ទេ? បេក្ខជនពុំគួរនិយាយថា ខ្ញុំគ្មានសំណួរអ្វីទេ ។ ការនិយាយបែបនេះ ក្រុមហ៊ុននឹងគិតថា បេក្ខជនពុំចាប់អារម្មណ៍នឹងតួនាទីការងារ ។ បេក្ខជននឹងបាត់បង់ឱកាសនេះ ដូច្នេះ គួរតែសួរ ចាប់ពី២ ទៅ៣សំណួរ ទៅក្រុមហ៊ុនវិញ ។
៨-ហាមសួរថា តើដឹងលទ្ធផលពេលណា? សំណួរនេះបញ្ជាក់ថា បេក្ខជនពុំចេះអត់ធ្មត់ ឬពុំចេះរង់ចាំ ហើយគ្រាន់តែមកសម្ភាសន៍ដើម្បីសាកល្បងសមត្ថភាព ពុំចាប់អារម្មណ៍ក្រុមហ៊ុន ។ ក្រុមហ៊ុនអាចនឹងជ្រើសយកបេក្ខជនផ្សេងវិញ ប៉ុន្តែបើក្រុមហ៊ុនចាប់អារម្មណ៍ ពួកគេនឹងប្រញាប់ទាក់ទងយើងមកធ្វើការឱ្យបានឆាប់បំផុត ៕










