ក្រុមម៉ូតូទឹកកម្ពុជា បានបន្តធ្វើរឿងអស្ចារ្យបន្ថែមទៀត ក្រោយដណ្តើមបានមេដាយមាស៤ និងប្រាក់២ ពីការប្រកួតប្រណាំងម៉ូតូទឹកពិភពលោក WGP1 Water Jet Championship ជុំទី១ នៅទីក្រុង Osaka ប្រទេសជប៉ុន។
ក្រោយពីទទួលបានលទ្ធផលដ៏ល្អនេះ កីឡាករ សាលី អ៊ូមើត ដែលជាអ្នកដឹកនាំក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា បានសម្តែងការតូចចិត្ត ខណៈជារឿយៗ ក្រុមម៉ូតូទឹករបស់លោក តែងនាំយកមេដាយមាសជូនជាតិ តែមិនសូវមានអ្នកចាប់អារម្មន៍ ដូចប្រភេទកីឡាដ៏ទៃ។
នៅថ្ងៃចន្ទនេះ ម្ចាស់មេដាយមាសអាសុី និង Sea Games លោក សាលី អ៊ូមើត បានបង្ហោះសារថា៖”ខ្ជិលនិយាយច្រើន បើតាមមើលទៅ ប្រហែលជាបានមេដាយមាសច្រើនពេក ទើបគ្មានអ្នករវីរវល់! គួរឱ្យអស់សំណើចណាស់ សម្រាប់ក្រុមកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជាយើង តែមិនអីទេ យ៉ាងហោចណាស់ក៏នៅមានសម្ដេចគាំទ្រដែរ។ ជួបគ្នានៅជុំទី២បន្ត នៅប្រទេសប្រេស៊ី”។
គួរបញ្ជាក់ថា សាលី អ៊ូមើត គឺជាអត្តពលិកម៉ូតូទឹក ដ៏ឆ្នើមរបស់កម្ពុជា ដែលតែងតែនាំមេដាយជូនជាតិ មិនថានៅក្នុងកម្រិតអាសុី ឬពិភពលោក៕










