ប្រទេសជប៉ុន ៖ អាកាសយានដ្ឋានមួយរបស់ជប៉ុនសម្រេចបានរយៈពេលជាង៣០ឆ្នាំយ៉ាងគួរឲ្យស្ញើចសរសើ ដោយមិនឲ្យបាត់បងវ៉ាលី កាបូប ឬកាតាបដាក់សម្ភារៈរបស់អ្នកដំណើរសូម្បីតែមួយ គិតចាប់តាំងពីឆ្នាំ១៩៩៤មក រហូតទទួលបានពានរង្វាន់ជាអាកាសយានដ្ឋានឆ្នើមមួយនៅលើពិភពលោក។.jpg)
អាកាសយានដ្ឋានខាងលើនេះមានឈ្មោះថា Kansai មានទីតាំងនៅទីក្រុង Osaka ប្រទេសជប៉ុន បានបំបែកកំណត់ត្រាដ៏អស្ចារ្យមួយ គឺមិនដែលធ្វើឲ្យបាត់ឥវ៉ាន់ ឬវ៉ាលី របស់អ្នកដំណើរណាមួយឡើយក្នុងរយៈពេលជាង ៣ទសវត្សន៍ ចាប់តាំងពីបើដំណើរការដំបូងនៅក្នុងឆ្នាំ ១៩៩៤មក។
មូលហេតុដែលអាកាសយានដ្ឋាននេះអាចសម្រេចការងាររបស់ខ្លួនបានដោយមិនធ្វើឲ្យបាត់បង់របស់របររបស់ភ្ញៀវបែបនេះ គឺដោយសារប្រព័ន្ធគ្រប់គ្រងពីផ្នែកមួយទៅផ្នែកមួយដំណើរការយ៉ាងស៊ីចង្វាក់គ្នា ក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ដូចជា ៖ មានបុគ្គលិកច្រើនចាំរាប់ និងត្រួតពិនិត្យសម្ភារៈជាច្រើនដងមុននឹងទទួល ឬប្រគល់ឲ្យភ្ញៀវ , កំណត់ពេលវេលាត្រឹមតែ ១៥នាទី ប៉ុណ្ណោះបន្ទាប់ពីយន្តហោះចុះចត ត្រូវប្រមូលឥវ៉ាន់ទាំងអស់មកត្រួតពិនិត្យ, បុគ្គលិកមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំឥវ៉ាន់ទាំងអស់នោះ, មានសៀវភៅណែនាំ និងតែងធ្វើបច្ចុប្បន្នភាពជារឿយៗទៅតាមការលើកឡើងរបស់ភ្ញៀវ ឬបុគ្គលិក។

ការអនុវត្តការងារប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់របស់អាកាសយានដ្ឋានខាងលើ បាននាំឲ្យពួកគេទទួលបានពានរង្វាន់ Skyrax សម្រាប់ «អាកាសយានដ្ឋានដែលមានប្រព័ន្ធគ្រប់គ្រងឥវ៉ាន់ល្អបំផុតក្នុងពិភពលោក» ចំនួន៨លើក។
លោក Tsuyoshi Habuta អ្នកគ្រប់គ្រងទូទៅប្រព័ន្ធដឹកឥវ៉ាន់ចេញចូលបាននិយាយថា ៖ «វាត្រូវតែជាការទទួលខុសត្រូវ និងការសហការជាក្រុម។ នៅពេលយន្តហោះបានចាកចេញបានទាន់ពេលវេលា និងមិនមានបញ្ហា ពួកយើងមានអារម្មណ៍ថាជោកជ័យបំផុត»។.png)
បើតាមការសង្កេតរបស់មនុស្សជាច្រើនគេបានសន្និដ្ឋានថា ទាំងនេះគឺជាផ្នែកមួយនៃ Omotenashi ដែលជាវប្បធម៌របស់ជនជាតិជប៉ុន ក្នុងការផ្ដល់សេវាកម្មឲ្យបានលឿនរហ័ស និងបំពេញបំណងរបស់អតិថិជនមិនឲ្យខ្វះចន្លោះ។ ហើយនេះគឺជាគំរូដ៏ល្អមួយសម្រាប់ក្រុមហ៊ុន ឬស្ថាប័នផ្ដល់សេវាកម្មដទៃទៀតឲ្យយកតម្រាប់តាមអាកាសយានដ្ឋានមួយនេះ៕










