នៅរដូវក្តៅ បាយឆាប់ផ្អូមណាស់ បើទោះជាទើបតែចម្អិនរយៈពេលខ្លីក៏ដោយ ហើយយើងពុំដឹងថា តើគួរធ្វើដូចម្តេចដើម្បីកុំឱ្យបាយឆាប់ផ្អូម ។ សារព័ត៌មាន KBN សូមណែនាំ១០វិធីងាយៗដូចខាងក្រោមនេះ ដើម្បីការពារកុំឱ្យបាយឆាប់ផ្អូម រួមមាន ៖
១-លាងឆ្អាងបាយដោយទឹកក្តៅជាមួយអំបិល ៖ ដួសអំបិលបន្តិចដាក់ក្នុងឆ្នាំងបាយ រួចហើយ ចាក់ទឹកក្តៅចូល និងលាងសម្អាតឆ្នាំងបាយឱ្យសព្វកន្លែង ។ វិធីនេះអាចកម្ចាត់មេរោគបានយ៉ាងល្អ និងជួយកាត់បន្ថយការប្រមូលផ្តុំមេរោគធ្វើឱ្យបាយឆាប់ផ្អូម ។
២-ប្រើប្រាស់ម្សៅ Baking Soda ជាមួយទឹកខ្មេះ ៖ យកម្សៅ Baking Soda ចំនួន១ស្លាបព្រាបាយ ផ្សំជាមួយទឹកខ្មេះ ២ស្លាបព្រាបាយ បន្ទាប់មក លាបឆ្នាំងបាយឱ្យសព្វកន្លែង ។ ទុកវាចោលរយៈពេល១០នាទី រួចលាងទឹកដើម្បីកម្ចាត់មេរោគធ្វើឱ្យបាយឆាប់ផ្អូម ។
៣-ដាក់ស្លឹកតើយពេលដាំបាយ ៖ ក្លិនក្រអូបចេញពីស្លឹកតើយអាចជួយកម្ចាត់មេរោគ ព្រមទាំងធ្វើឱ្យបាយមានក្លិនក្រអូបគួរឱ្យចង់បរិភោគ និងមិនងាយផ្អូម ។
៤-ពេលបាយឆ្អិន ចូរប្រញាប់បើកគំរបឆ្នាំងបាយបញ្ចេញចំហាយក្តៅ ៖ មិនគួរបិទគំរបឆ្នាំងបាយពេលបាយឆ្អិនទេ ពីព្រោះចំហាយក្តៅនឹងធ្វើឱ្យបាយជ្រាយ និងជាកន្លែងប្រមូលផ្តុំមេរោគ ។
៥-ហាលឆ្នាំងដាំបាយឱ្យស្ងួតល្អមុនប្រើប្រាស់ ៖ ពេលលាងឆ្អាំងបាយរួច សូមកុំប្រញាប់យកវាទៅដាំបាយភ្លាម គួរតែជូត ឬហាលថ្ងៃឱ្យស្ងួតល្អមុនប្រើប្រាស់ ដើម្បីកាត់បន្ថយសំណើមធ្វើឱ្យបាយផ្អូម ។
៦-ដាក់ទឹកក្រូចឆ្មារ ឬទឹកខ្មេះ ចាប់ពី១ ទៅ២ដំណក់ ពេលដាំបាយ ៖ ទឹកក្រូចឆ្មារ ឬទឹកខ្មេះអាចជួយការពារកុំឱ្យបាយឆាប់ផ្អូម ថែមទាំងគ្មានរសជាតិជូរក្នុងបាយ ។
៧-យកអង្ករថ្មីមកដាំបាយ កុំដាំអង្ករចាស់ ៖ អង្ករចាស់យូរឆ្នាំនឹងប្រមូលផ្តុំសំណើមធ្វើឱ្យបាយឆាប់ផ្អូម យើងគួរយកអង្ករថ្មីៗមកដាំបាយជានិច្ច ។
៨-កុំយកវែកសើម ឬកខ្វក់មកដួសបាយ ៖ វែកដួសបាយសើម គឺប្រមូលផ្តុំទៅដោយមេរោគ និងធ្វើឱ្យបាយឆាប់ផ្អូម ។
៩-យកបាយនៅសល់ពេលល្ងាចដាក់ក្នុងទូរទឹកកក ៖ ហាមដាក់បាយបរិភោគពុំអស់ពីល្ងាចនៅក្រៅទូរទឹកកកដាច់ខាត ពីព្រោះអាកាសធាតុក្តៅធ្វើឱ្យបាយឆាប់ផ្អូម ។
១០-លាងឆ្នាំងបាយដោយសាប៊ូលាងចាន ផ្សំទឹកផ្លែក្រូចសើច ៖ ទឹកផ្លែក្រូចសើច លាយជាមួយសាប៊ូលាងចាន អាចជួយកម្ចាត់មេរោគ និងបំបាត់ក្លិនជូរយ៉ាងល្អ ។ វាថែមទាំងធ្វើឱ្យឆ្នាំងដាំបាយស្អាត និងរក្សាកំដៅបាយ ។ បើជួបបញ្ហាបាយឆាប់ផ្អូម ជាពិសេស ក្នុងរដូវក្តៅ លោកអ្នកអាចអនុវត្តតាមវិធីទាំងនេះបាន ធានាថា នឹងអស់បញ្ហាបាយផ្អូម ៕