អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីរបស់កម្ពុជា (TIA) ដែលគ្រោងនឹងបើកដំណើរការនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខគឺតំណាងឲ្យការរីកចម្រើនយ៉ាងសំខាន់ក្នុងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ប្រទេស ហើយត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៅក្នុងតំបន់ ព្រមទាំងនឹងនាំឲ្យកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្លាយខ្លួនទៅជាប្រទេសសិង្ហបុរីទី២។ នេះបើតាមការលើឡើងរបស់ B1M ដែលជាវេទិកាវិភាគលើគុណភាព សោភណ្ឌភាពនៃវិស្វកម្ម និងសំណង់ស្ថាបត្យកម្មធំៗនៅលើពិភពលោក។
នៅលើបណ្ដាញទំនាក់ទំនង Facebook កាលពីថ្ងៃទី ១២ ខែឧសភា ផេកផ្លូវការរបស់ B1M បានបញ្ចេញនូវឃ្លីបវីដេអូមួយដោយលើកសរសើរពីរចនាបទសំណង់ និងគុណសម្បត្តិជាច្រើនរបស់ព្រលានយន្តហោះថ្មីនេះរបស់កម្ពុជា។
នៅក្នុងវីដេអូដែលបានបង្ហោះនោះ B1M បានលើកឡើងថា ៖ មជ្ឈមណ្ឌលថ្មីដ៏ធំនេះ កំពុងសាងសង់ក្នុងប្រទេសកម្ពុជា ដំបូលដែលមានក្បាច់រចនាដ៏អស្ចារ្យរបស់ព្រលានយន្តហោះនេះ ត្រូវបានបំផុសគំនិតដោយព្រៃស្រោងដែលមាននៅក្នុងប្រទេស និងប្រពៃណីរបស់កម្ពុជាដែលប្រើប្រាស់ស្បូវដើម្បីប្រក់ដំបូលផងដែរ។
លើសពីនេះ ប្រភពខាងលើបានបន្ថែមទៀតថា ៖ គម្រោងនេះនឹងផ្លាស់ប្តូរជោគវាសនារបស់ប្រទេសទាំងមូល។ ហើយបច្ចុប្បន្នកម្ពុជាជាប្រទេសដែលកំពុងមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍។ ចំណែកឧស្សាហកម្មផ្អែកលើវិស័យអាកាសចរណ៍របស់ប្រទេសនេះក៏កំពុងរីកចម្រើន ដោយសារតម្រូវការពាណិជ្ជកម្មខ្ពស់ និងការធ្វើដំណើររបស់អ្នកភ្ញៀវទេសចរទៅមកក៏ច្រើនផងដែរ។
ការរំពឹងទុកក្នុងដំណាក់កាលទីមួយនៃអាកាសយានដ្ឋានថ្មីនេះ គឺនឹងអាចឱ្យកម្ពុជាទទួលបានអ្នកដំណើរពី ១៣ ទៅ ១៥ លាននាក់។ ខណៈនៅដំណាក់កាលបន្ទាប់ គេសម្លឹងឃើញថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ 50 លាននាក់នៅឆ្នាំ 2050 ហើយធ្វើឲ្យអាកាសយានដ្ឋាននេះក្លាយជាគូប្រជែងជាមួយអាកាសយានដ្ឋាន Changi របស់សិង្ហបុរីជាមិនខាន។
គួរជម្រាបផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោនេះ បានចំណាយថវិការសាងសង់សរុបអស់ជា 1.5ពាន់លានដុល្លារ លើផ្ទៃដីប្រមាណ 2,600ហិកតា ដោយនឹងបើកឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ គម្រោងនៃអាកាសយានដ្ឋានថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជារពឹងថា នឹងនាំឲ្យវាក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏ធំមួយនៅតំបន់អាស៊ាន ព្រមទាំងអាចផ្លាស់ប្ដូរជោគវាសនាសេដ្ឋកិច្ចកម្ពុជាទាំងមូលបានផងដែរ៕