ថ្មីៗនេះពាក្យចចាមអារ៉ាមជាច្រើននៅលើបណ្តាញសង្គម ដែលបានលើកឡើងថាអាកាសយានដ្ឋានពោធិ៍ចិនតុង ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនឯកជនតាំងពី ១៥ឆ្នាំមុនមកម្ល៉េះ។
ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗថា៖” អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងនៅតែស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋាភិបាលដដែល ហើយនឹងមិនលក់ទៅឱ្យបុគ្គលឯកជនណាមួយឡើយ”។
សម្តេចបានមានប្រសាសន៍ថា៖”ការរក្សាអាកាសយានដ្ឋាននេះ មានសារៈសំខាន់ណាស់សម្រាប់ការការពារអាកាសយានដ្ឋានថ្មី ប្រសិនបើមានបញ្ហាណាមួយកើតឡើង យើងនឹងមានព្រលានយន្តហោះចាស់សម្រាប់ប្រើប្រាស់ជំនួសវិញ”។
ក្រៅពីនេះ ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង នឹងរក្សាទុកជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលជាទីតាំងប្រវត្តិសាស្រ្ដ បន្សល់ទុកពីព្រះបរមរតនកោដ្ឋ។
គួរបញ្ជាក់ថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវបិទទ្វារនៅម៉ោង១២ យប់រំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ២០២៥ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បើកដំណើរការជាផ្លូវការនៅខែកក្កដា ខាងមុខនេះ៕










