សាកលវិទ្យាល័យ Sookmyung Women’s University បានចាប់ផ្តើមដំណើរការដកហូតសញ្ញាបត្រអនុបណ្ឌិតរបស់លោកស្រី Kim Keon-hee អតីតជំទាវទីមួយនៃកូរ៉េខាងត្បូង ក្រោយរកឃើញថាមានការលួចចម្លងក្នុងនិក្ខេបបទដែលលោកស្រីបានសរសេរនៅឆ្នាំ ១៩៩៩។ នេះបើយើងតាមសារព័ត៌មាន South China Morning ចុះផ្សាយថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥។

កាលពីខែមករា ឆ្នាំ ២០២៤ សាកលវិទ្យាល័យបានសន្និដ្ឋានថានិក្ខេបបទថ្នាក់អនុបណ្ឌិតរបស់លោកស្រី គីម មានការលួចចម្លងយ៉ាងពិតប្រាកដ។ ប៉ុន្តែ ដោយសារសញ្ញាបត្រនេះចេញមុនឆ្នាំ ២០១៥ សាកលវិទ្យាល័យមិនអាចដកហូតវាផ្ទាល់ខ្លួនបានទេ។ ដូច្នេះ ដើម្បីអនុញ្ញាតឲ្យអនុវត្តច្បាប់ថ្មីនោះសម្រាប់ករណីមុនឆ្នាំ ២០១៥ សាកលវិទ្យាល័យបានចាប់ផ្តើមកែប្រែបទប្បញ្ញត្តិផ្នែកអប់រំនៃច្បាប់បញ្ចប់ការសិក្សារបស់ខ្លួនឡើងវិញ។ កិច្ចសម្រេចនេះបានបើកផ្លូវឲ្យសាកលវិទ្យាល័យអនុវត្តការដកហូតសញ្ញាបត្រលើករណីដែលទទួលបានតាមរបៀបក្លែងបន្លំ ទោះបីជាសញ្ញាបត្រនោះបានចេញមុនឆ្នាំ ២០១៥ ក៏ដោយ។ ការកែប្រែនេះត្រូវបានអះអាងថាស្របតាមច្បាប់ឧត្តមសិក្សាជាតិរបស់កូរ៉េខាងត្បូង។.png)
គណៈកម្មាធិការសុចរិតភាពនៃការស្រាវជ្រាវបានចាប់ផ្តើមស៊ើបអង្កេតករណីនេះតាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ មកម្លេះ បន្ទាប់ពីបានទទួលការតវាពីអតីតនិស្សិតម្នាក់។ នៅក្នុងខែមករា ឆ្នាំ ២០២៤ គណៈកម្មាធិការបានបញ្ជាក់ថានិក្ខេបបទនោះពិតជាពាក់ព័ន្ធនឹងការលួចចម្លងមែន។ ទាំងលោកស្រី គីម និងក្រុមអតីតនិស្សិតមិនបានប្តឹងជំទាស់នឹងលទ្ធផលនោះឡើយ ហើយការស៊ើបអង្កេតបានបញ្ចប់នៅថ្ងៃទី ២៥ ខែកុម្ភៈ។

បច្ចុប្បន្ន គណៈកម្មាធិការមិនទាន់សម្រេចថាតើនឹងផ្តល់អនុសាសន៍ឲ្យដកហូតសញ្ញាបត្រឬអត់នោះទេ។ ទន្ទឹមនឹងនេះ សាកលវិទ្យាល័យក៏បានស្នើសុំមតិពីសាស្រ្តាចារ្យ និងបុគ្គលិក រហូតដល់ថ្ងៃទី ២៥ ខែឧសភា មុនពេលបញ្ជូនការកែប្រែច្បាប់ទៅអង្គភាពច្បាប់ និងព្រឹទ្ធសភាសាកលវិទ្យាល័យសម្រាប់អនុម័តចុងក្រោយ។ ប្រសិនបើគណៈកម្មាធិការអនុម័តឲ្យដកហូតសញ្ញាបត្រ នោះប្រធានសាកលវិទ្យាល័យនឹងជាអ្នកសម្រេចចុងក្រោយ។
ក្នុងករណីសញ្ញាបត្រអនុបណ្ឌិតត្រូវបានដកហូត ក៏មានការរំពឹងថាសាកលវិទ្យាល័យ Kookmin ដែលលោកស្រី គីម បានសិក្សាបន្តថ្នាក់បណ្ឌិត ក៏អាចនឹងពិនិត្យសុពលភាពនៃសញ្ញាបត្របណ្ឌិតរបស់លោកស្រីផងដែរ៕










